មាន សូនីតា ផ្ដើម​ឆាក​ល្ខោន​​ស្នេហ៍​ជាមួយ​ប្រុស​សង្ហា ហ្សូណូ ពិត ឬ​មិន​ពិត?

  • 2020-08-05 04:26:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន សូនីតា បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​សភាព​ប្លែក​ចាប់​តាំង​ពី​ឈាន​ជើង​ចូល​ឆ្នាំ ២០២០ ដោយ​ដំបូង​នាង ចាប់​ផ្ដើម​ធ្វើ​ខ្លួន​ប្លែក ហ៊ាន​ស្លៀក​សិចស៊ី​ជាង​មុន ហ៊ាន​បញ្ចេញ​គល់​ភ្លៅ ដើមទ្រូង​ធ្វើ​ឲ្យ​មាន​ការ​សរសើរ​ខ្លះ រិះគន់​ខ្លះ មក​ដល់​ឥឡូវ​តារា​ស្រី កាន់​តែ​ប្លែក​តាម​សកម្មភាព​ជាមួយ​ប្រុស​សង្ហា ហ្សូណូ។

តារា​ស្រី​ដែល​មាន​រហស្សនាម រាជិនី​ក្រមា ផ្ដើម​ទំនាក់ទំនង​ស្អិតល្មួត​ជាមួយ​ប្រុស​សង្ហា​មក​ពី​ហង្សមាស ក្នុង​រង្វង់ ២-៣​សប្ដាហ៍​ចុង​ក្រោយ តាម​រយៈ​រូបភាព​ជា​ស៊េរី​មួយ​ហើយ​មួយ​ទៀត ចាប់​តាំង​ពី​ពួក​គេ​ត្រូវ​បាន​គេ​ដឹង​ថា បាន​ចាប់​ដៃ​សម្ដែង​ជាមួយ​គ្នា​ក្នុង​ខ្សែភាពយន្ត​មួយ​របស់​ហង្សមាស។

ដំបូង​ឡើយ គេ​ឃើញ មាន សូនីតា តែ​ម្នាក់​ឯង​ជា​អ្នក​បង្ហោះ ប៉ុន្តែ​ថ្មី​ៗ​នេះ ខាង​ប្រុស​ក៏​ចាប់​ផ្ដើម​បង្ហាញ​ពី​ភាព​ជិត​ស្និទ្ធ​តាម​រយៈ​រូប​ភាព​ដូច​គ្នា នៅ​លើ IG របស់​លោក​ដែរ។ យ៉ាងណា​ខាង​ស្រី ហាក់​សកម្ម​ជាង ក្នុង​នោះ ក្រៅ​ពី​បង្ហោះ​រូបភាព​ស្អិត​ស្នាល​ជាមួយ​ភាគី​ខាង​ប្រុស​ហើយ នាង​នៅ​បន្ថែម Caption ទាក់​អារម្មណ៍​ថែម​ទៀត ដែល​មាន​ភាព​ទាក់​ទាញ​ក្នុង​ផ្លូវ​ស្នេហា ដូច​ជា "ស្អប់​ក្រសែ​ភ្នែក​ហ្នឹង​ណាស់ ... មើល​គេ​ម្តង​ៗ​ចង់​សន្លប់" ឬ “ហេតុ​អី​បេះដូង​មួយ​នេះ​ចេះ​តែ​លោត​ញាប់​អីចឹង" ជា​ដើម។

ឃើញ​ពី​ទំនាក់ទំនង​ដែល​ទើប​ចាប់​ពន្លក​នេះ នាំ​ឲ្យ​មាន​ការ​គិត សង្ស័យ និង​មន្ទិល​ជា​ច្រើន​ថា​តើ អ្វី​ដែល​តារា​ប្រុស​បាន និង​កំពុង​ធ្វើ​នេះ ជា​ការ​ពិត​ដែរ​ឬទេ? ខណៈ​អ្នក​ខ្លះ​ថា អាច​ជា​ការ​ពិត ហើយ​ពួក​គេ​បាន​ចូល​រួម​អបអរ​សាទរ​ថែម​ទៀត ថា សូនីតា និង ហ្សូណូ ពិត​ជា​សម​គ្នា​ខ្លាំង ពោល​គឺ​ស្រស់​ស្រស់ ជួប​ប្រសព្វ​ជាមួយ​ប្រុស​សង្ហា។ ប៉ុន្តែ​អ្នក​ខ្លះ ក៏​មិន​ជឿ​ថា ដោយ​ពួក​គេ​សំអាង​លើ​ហេតុផល តារា​បង្ហាញ​ពី​ភាព​ស្និទ្ធស្នាល​គ្នា គឺ​ជា​រឿង​ធម្មតា ដែល​ពួក​គេ​ឃើញ​ជា​ច្រើន​រួច​មក​ហើយ។

ម្យ៉ាង សូនីតា ស្និទ្ធ​ស្នាល​ជាមួយ​លោក ហ្សូណូ រឹត​មិន​ចម្លែក ព្រោះ​ពេល​នេះ នរណា​ក៏​ដឹង​ថា ពួក​គេ​បាន និង​កំពុង​រួម​គ្នា​សម្ដែង​ក្នុង​ខ្សែ​ភាពយន្ត​មួយ​របស់​ហង្សមាស ដែល​ទើប​នឹង​បើក​ពិធី​ក្រុងពាលី​ចេញ​ថត​កាល​ពី​ពេល​ថ្មី​ៗ។ ដូច្នេះ​ហើយ ទំនាក់ទំនង​ដែល​ប្រិយមិត្ត​បាន​ឃើញ​នា​ពេល​នេះ គ្រាន់​ចំហាយ​ដែល​សល់​ពី​ការ​ថត​រឿង​នោះ​ប៉ុណ្ណោះ។

រឹត​តែ​សំខាន់​ជាង​នេះ រាជិនី​ក្រមា​ដ៏​ស្រស់​ប្រិមប្រិយ នៅ​មាន​រឿង​មិន​ដាច់​ស្រឡះ​មួយ​ទៀត គឺ​កន្លង​មក​នាង បាន​រង​ព័ត៌មាន​ចចាមអារ៉ាម​ថា នាង​មាន​ទំនាក់ទំនង​ស្នេហា​ភេទ​ដូច​គ្នា​ជាមួយ​ថៅកែ​ស្រី​ម្នាក់ ដែល​កន្លង​មក​ភាគី​នារី ក៏​មិន​ដែល​ជម្រះ​រឿង​នេះ​ដែរ។ ដូច្នេះ​ហើយ អ្នក​តាម​ដាន សន្និដ្ឋាន​ថា ប្រសិន​បើ​ចចាមអារ៉ាម​នោះ គឺ​ជា​ការ​ពិត មាន​ន័យ​ថា សូនីតា រឹត​តែ​មិន​អាច​មាន​ស្នេហា​ជាមួយ​បុរស​ណា​ម្នាក់​បាន​ឡើយ​ក្នុង​ពេល​នេះ មុន​ពេល​នាង​បាន​ជម្រះ​រឿង​ទាំង​នោះ ឲ្យ​ជ្រះ​ស្រឡះ ក្នុង​នោះ​សូម្បី​ជាមួយ ហ្សូណូ ក៏​ដូច​គ្នា។

បើ​ទោះ​មាន​ការ​កាត់​ស្មាន​បែប​នេះ​បែប​នោះ ចំពោះ​ទំនាក់ទំនង​ជាមួយ​លោក ហ្សូណូ ដែល​ជា​ការ​វិវត្តន៍​ចុង​ក្រោយនេះ មាន សូនីតា បាន​បញ្ជាក់​ថា ពួក​នាង មិន​មាន​អ្វី​លើស​ពី​ការ​រាប់​អាន​នោះ​ទេ និង​ក៏​មិន​មាន​អ្វី​លើស​ពី​ការ​សម្ដែង​ដែរ។ សូនីតា បញ្ជាក់​បន្ថែម​ថា នាង​រាប់​អាន តារា​ប្រុស​ខាង​លើ ទុក​ជា​បង​ប្រុស​ប៉ុណ្ណោះ។ ដោយឡែក​ភាគី​ខាង​ប្រុស មិន​ទាន់​អាច​ភ្ជាប់​ទំនាក់ទំនង​សុំ​ការ​ពន្យល់​បាន។

មាន សូនីតា បាន និង​កំពុង​ដើរ​ចូល​ករណី​របស់ សុខ សោម៉ាវត្តី និង លី វ៉ាហេទ និង​ជា​តារា​ប្រុស​ស្រី​ច្រើន​គូ​ទៀត ដែល​បាន​បង្កើត​ទំនាក់​ស្អិត​ល្មួត​ជាមួយ​គ្នា ធ្វើ​ឲ្យ​មាន​ការ​សង្ស័យ។ តែ​ជា​រឿយ​ៗ​ពួក​គេ​ច្រើន អះអាង​ថា ជា​ការ​រាប់​អាន​ធម្មតា​ក្នុង​នាម​ជា​មិត្តភ័ក្តិ​រួម​អាជីព ឬ​បង​ប្អូន​ជា​ដើម។ លុះ​ដល់​ស្ថានការណ៍​កាន់​តែ​ទុំ​ជោរ​ទើប​ទទួល​ស្គាល់ ដូច សោម៉ាវត្តី និង​វ៉ាហេទ ក៏​បាន​ទទួល​ស្គាល់ ក្រោយ​បដិសេធ​រាប់​ភ្លេច​ជាមួយ​សារព័ត៌មាន និង​មហាជន។

ដោយ​ឡែក សូនីតា និង ហ្សូណូ បាន និង​កំពុង​ក្នុង​អន្តរការណ៍ ទៅ​ថ្ងៃ​មុខ​ប្រែប្រួល​យ៉ាង​ណា​ទៀត គឺ​មិន​អាច​ស្មាន​ដឹង​ដរាប​ណា សាមី​ខ្លួន​នៅ​តែ​ផ្ដល់​ចម្លើយ​ដូច​ខាង​លើ​ដដែល​ជា​ដដែល៕

រូបភាព៖ ហ្វេសប៊ុក សូនីតា

អត្ថបទ៖ ទារិកា