អស់ទាស់! គោអូស្រ្តាលី ចិញ្ចឹមយកទឹកដោះ ១ថ្ងៃយកបានមិនចេះតិចលីត្រ

  • 2020-08-05 05:29:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 21

ចន្លោះមិនឃើញ

តើអ្នកធ្លាប់មានចម្ងល់ទេថា គោចិញ្ចឹមយកទឹកដោះមានសមត្ថភាពអាចផលិតទឹកដោះក្នុង១ថ្ងៃប៉ុន្មានលីត្រ? គោអូស្រ្តាលីចិញ្ចឹមយកទឹកដោះ របស់កសិដ្ឋានគិរីសួគ៌ ខេត្តតាកែវ ក្នុង១ថ្ងៃអាចផលិតទឹកដោះគោសសុទ្ធ មិនក្រោម២០-៣០លីត្រ ក្នុង១ថ្ងៃ ក្នុង១ក្បាល។

លោក ឈរ រិទ្ធី នាយកប្រតិបត្តិក្រុមហ៊ុន Khmer Fresh Milk Co., Ltd. បាននិយាយថា «តិចច្រឡំថា គោ១ក្បាលផលិតបាន ៥ទៅ៦លីត្រអីទៅ គឺគោ១ក្បាលអាចមានសមត្ថភាពផលិតទឹកដោះគោយ៉ាងតិច ២០ ទៅ ៣០លីត្រ ក្នុងមួយថ្ងៃ»

គោចិញ្ចឹមយកទឹកដោះកសិដ្ឋានគិរីសួគ៌ គឺមានសមត្ថភាពក្នុងការផលិតទឹកដោះគោ ក្នុង១ដង យ៉ាងតិច ៧លីត្រ រហូតដល់ ១២លីត្រ ក្នុង១ក្បាល ហើយគោនេះ អាចផលិតទឹកដោះ ១ថ្ងៃ ៣ដង។

លោកបានឲ្យដឹងថា ការណ៍ដែលគោចិញ្ចឹមយកទឹកដោះរបស់កសិដ្ឋានគិរីសួគ៌ មានសមត្ថភាពខ្ពស់លើការផលិតទឹកដោះគោ គឺដោយសារតែការថែទាំឌិតដល់ និងការផ្ដល់ចំណីឲ្យដែលបានសារធាតុប្រូតេអ៉ីនខ្ពស់ ដល់សត្វគោ។

ការផ្ដល់ចំណីគឺសំខាន់ណាស់ នៅក្នុងកសិដ្ឋានគិរីសួគ៌ បានធ្វើឡើងដោយអនាម័យខ្ពស់ រាប់ទាំងកន្លែងទុកដាក់ចំណី ហើយចំណីសល់ត្រូវសម្អាតចេញ។ មួយទៀតគិរីសួគ៌ ក៏មានដីសម្រាប់ដាំស្មៅផ្ទាល់ខ្លួន។ និយាយរួម គោទាំងនេះស៊ី ពោត សណ្ដែក និងស្មៅប្រភេទផ្សេងៗ ដូចជាស្តៃឡូ (Stylo) មូមបាសា (Mombasa) ដែលដំា និងកែច្នៃដោយកសិដ្ឋានផ្ទាល់តែម្តង។

គួរបញ្ជាក់ថា កសិដ្ឋានគិរីសួគ៌ បាននាំចូលពូជគោញីផើម ប្រភេទ Holstein heifers ចំនួន ៥៥០ក្បាល ពីប្រទេសអូស្រ្តាលី មកកាន់ប្រទេសកម្ពុជា កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២០។ បច្ចុប្បន្នប្រភេទគោញីយកទឹកដោះដែលល្បីបំផុតក្នុងលោកនេះ កំពុងបន្សុំាខ្លួនយ៉ាងល្អ ទៅនឹងបរិយាកាសថ្មី នៅក្នុងកសិដ្ឋាន គិរីសួគ៌ (Kirisu Farm) ដែលត្រូវបានសាងសង់តាមបច្ចេកវិទ្យាដ៏ទំនើប លើផ្ទៃដី ៣០០ហិចតា នៅជ្រលងភ្នំតាម៉ៅ ក្នុងខេត្តតាកែវ៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា