Google ប្រើពេល ៩ឆ្នាំ ដើម្បីតាមទាន់ Apple ក្នុងការបង្កើតមុខងារមួយ!

  • 2020-08-05 06:18:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីមានពាក្យចចាមអារ៉ាម នឹងការលេចធ្លាយអស់ជាច្រើនខែមកហើយនោះ ក្រុមហ៊ុន Google បានចាប់ផ្ដើមដាក់ឱ្យប្រើប្រាស់មុខងារ Nearby Sharing ជាផ្លូវការហើយ។ Nearby Sharing គឺជាមុខងារថ្មីរបស់ក្រុមហ៊ុន Google បង្កើតឡើងសម្រាប់ឧបករណ៍ប្រព័ន្ធប្រតិបត្តិការ Android ដើម្បីធ្វើការចែករំលែកឯកសារផ្សេងៗ ដូចជា រូបភាព វីដេអូ និងតំណភ្ជាប់វេបសាយ ដែលវាមានភាពស្រដៀងទៅនឹងកម្មវិធី AirDrop សម្រាប់ឧបករណ៍ Apple ដែរ។

លក្ខណៈពិសេសនៃមុខងារនេះ គឺវាធ្វើឱ្យមានភាពសាមញ្ញនិងទំនើបក្នុងការចែករំលែកឯកសារគ្នាទៅវិញទៅមកដោយមិនចាំបាច់ធ្វើការដំឡើងកម្មវិធីបន្ថែមដទៃទៀតឡើយ។ ក្រុមហ៊ុន Google បានកំណត់យកមុខងារ Nearby Sharing ដើម្បីជំនួស Android Beam ព្រោះវាមានភាពល្អប្រសើរជាង ព្រមទាំងអាចជ្រើសរើសប្រើប្រព័ន្ធមួយក្នុងចំណោមប្រព័ន្ធចំនួន៤ ដែលអាចផ្ញើទិន្នន័យបានលឿនបំផុត (Bluetooth, Bluetooth Low Energy, WebRTC or peer-to-peer WiFi)។

ម្យ៉ាងវិញទៀតដើម្បីការពារឯកជនភាពរបស់អ្នកប្រើប្រាស់នោះ លោកអ្នកក៏អាចលាក់មុខងារនេះពីអ្នកដទៃ ឬអាចបើកឱ្យតែអ្នកដែលមាននៅក្នុងបញ្ជីរឈ្មោះមួយចំនួន ឬទាំងអស់ក៏បាន។ ជាងនេះទៅទៀតលោកអ្នកក៏អាចប្រើប្រាស់មុខងារនេះជាលក្ខណៈអនាមិកបានផងដែរ។ បច្ចុប្បន្នគេឃើញក្រុមហ៊ុន Google កំពុងតែធ្វើការសាកល្បងប្រើមុខងារ Nearby Sharing ជាមួយប្រព័ន្ធប្រតិបត្តិការ Chrome OS Canary ដូច្នេះមុខងារនេះក៏អាចនឹងប្រើបានជាមួយនឹង Chrome OS នៅក្នុងពេលអនាគតដែរ។

គួររំឭកផងដែរថា ក្រុមហ៊ុន Microsoft ក៏មានមុខងារ Nearby Sharing នៅក្នុង Windows 10 Ver-sion 1803 (RS4) ដែលបានដាក់ឱ្យប្រើប្រាស់ប្រមាណជាពីរឆ្នាំមុន ប៉ុន្តែវាមិនអាចប្រើជាមួយនឹងមុខងារ Nearby Sharing របស់ក្រុមហ៊ុន Google បានទេ។ មុខងារថ្មីនេះនឹងដាក់ឱ្យប្រើមុនគេជាមួយនឹងទូរសព្ទមួយចំនួនរបស់ក្រុមហ៊ុន Google និង Samsung ហើយបន្តដាក់ឱ្យប្រើជាមួយទូរសព្ទរបស់ក្រុមហ៊ុនផ្សេងៗទៀត ដែលមានប្រព័ន្ធប្រតិបត្តិការ Android 6.0 ឡើងទៅក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ក៏ប៉ុន្តែយើងនៅមិនទាន់ដឹងច្បាស់ថា សម្រាប់អ្នកប្រើប្រាស់នៅប្រទេសកម្ពុជា នឹងអាចទាញយកមុខងារនេះមកប្រើបាននៅពេលវេលាកំណត់ណាមួយនៅឡើយទេ៕

ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

អត្ថបទថ្មី