ទីបំផុត Galaxy Note20 ចេញជាផ្លូវការ តម្លៃចាប់ពី ៩៩៩ដុល្លារ

  • 2020-08-05 14:41:37
  • ចំនួនមតិ 62 | ចំនួនចែករំលែក 59

ចន្លោះមិនឃើញ

Samsung បាន​ប្រកាស​ចេញ Galaxy Note ជំនាន់​ថ្មី​ជា​ផ្លូវ​ការ តាម​រយៈ​កម្មវិធី Galaxy Unpacked ដែល​ប្រព្រឹត្ត​ទៅ​មុន​នេះ​បន្តិច។ រូបរាង​ និង​លក្ខណៈ​សម្បត្តិ​របស់​ Galaxy Note20 ទាំង​ពីរ​ប្រភេទ គឺ​មិន​ខុស​ពី​ដំណឹង​លេច​ធ្លាយ​​កន្លង​មក​នោះ​ទេ។

ស្មាតហ្វូន​ទាំង​ពីរ​មាន​បំពាក់​ដោយ​បន្ទះ​ឈីប Exynos 990 សម្រាប់​ទីផ្សារ​សកល​លោក និង​បន្ទះ​ឈីប Snapdragon 865+ សម្រាប់​ទីផ្សារ​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន។ វា​មាន​គួប​ផ្សំ​ដោយ RAM ទំហំ ៨GB សម្រាប់ Note20 ធម្មតា ហើយ​ Note20 Ultra មាន RAM ទំហំ​ដល់ ១២GB។ ចំពោះ​អង្គ​ផ្ទុក​​របស់ Note20 ធម្មតាមាន​ត្រឹមជម្រើស​ទំហំ ១២៨GB ចំណែក Note20 Ultra មានជម្រើស ១២៨GB និង ៥១២GB។

ចំពោះ​អេក្រង់​របស់ Galaxy Note20 ​ជា​អេក្រង់​​មាន​ផ្ទៃ​លាត​​ទំហំ ៦,៧អ៊ីញ ជា​ប្រភេទ AMOLED ដែល​មាន Refresh Rate 60Hz និង​មាន​កម្រិត​បង្ហាញ​រូបភាព FHD+ និងមាន​បច្ចេកវិទ្យា HDR10+។ ចំណែក Note20 Ultra វិញ​មាន​បំពាក់​អេក្រង់​កោង​ទំហំ ៦,៩អ៊ីញ ប្រភេទ Dynamic AMOLED 2X ដែល​មាន​ Refresh Rate 120Hz និង​អាច​បង្ហាញ​រូបភាព​ដល់​កម្រិត QHD ប៉ុន្តែ​សម្រាប់ Refresh Rate 120Hz អាចប្រើបានត្រឹម​កម្រិតបង្ហាញ FHD+ ប៉ុណ្ណោះ។

ស្មាតហ្វូន​ទាំង​ពីរ​មាន​បំពាក់​ដោយ​កាមេរ៉ា Selfie ដែល​ចោះ​រន្ធ​លើ​​ចំ​កណ្ដាល​ផ្នែក​ខាង​លើ​នៃ​អេក្រង់ មាន​ទំហំ ១០MP ហើយ Galaxy Note20 Ultra មាន​ការពារ​ដោយ​កញ្ចក់ Gorilla Glass 7 ដែល​ជា​​ស្មាតហ្វូន​ដំបូង​គេ​មាន​ប្រើ​​កញ្ចក់​ការពារ​ប្រភេទ​នេះ ខណៈ​ដែល Galaxy Note20 ធម្មតា​មាន​ត្រឹម​កញ្ចក់ Gorilla Glass 5 ប៉ុណ្ណោះ។

ចូល​ដល់​ផ្នែក​កាមេរ៉ា​វិញ Galaxy Note20 Ultra មាន​កាមេរ៉ា​មេ​ទំហំ ១០៨MP ដែល​មាន​ Aperture f/1.8 ដូច​​គ្នា​នឹង​កាមេរ៉ា​លើ Galaxy S20 Ultra ដែរ ប៉ុន្តែ​វា​ប្រើ​ប្រាស់​នូវ​ Sensor Laser Autofocus ដែល​អាច Focus បាន​ប្រសើរជាង S20 Ultra។ កាមេរ៉ា​ Periscope មាន​ទំហំ ១២MP ដែល​អាច​ Zoom Optical បាន 5X និង Zoom Hybrid បាន 50X។ កាមេរ៉ា​​មួយ​ទៀត​ជា​ប្រភេទ Ultrawide ដែល​មាន​ទំហំ ១២MP។

សម្រាប់ Galaxy Note20 ធម្មតា​វិញ​មិន​មាន​កាមេរ៉ា​មេ​ទំហំ ១០៨MP នោះ​ទេ ត្រូវ​ជំនួស​ដោយ​កាមេរ៉ា​ទំហំ ១២MP ដែល​មាន Aperture f/1.8 គួប​ផ្សំ​ជា​មួយ​កាមេរ៉ា​ Telephoto ទំហំ ៦៤MP ដែល Zoom Optical បាន 3X និង​មាន​កាមេរ៉ា Ultrawide ដូច​ជា Note20 Ultra ដែរ។ កាមេរ៉ាស្មាតហ្វូនទាំងពីរអាចថតវីដេអូបានដល់កម្រិត 8K/24fps។

ថ្ម​របស់ Note20 ​មាន​ទំហំ ៤៣០០ mAh ចំណែក​ថ្ម​របស់ Note20 Ultra មាន​ទំហំ ៤៥០០ mAh ដែល​គាំទ្រ​ការ​សាក​ថ្ម​ដល់​ល្បឿន 25W។ ​​​​មុខងារដទៃ​ទៀត​មាន​ដូច​ជា​អាវ​ក្រោះ​ការពារ​ទឹក​កម្រិត IP68 និងទ្រនាប់​ស្កេន​ម្រាម​ដៃ​បង្កប់​លើ​ផ្ទៃ​អេក្រង់ផង​ដែរ។

នៅ​លើ​ទីផ្សារ​អាមេរិក Galaxy Note20 មាន​តម្លៃ ៩៩៩​ដុល្លារ ចំណែក Galaxy Note20 Ultra មាន​តម្លៃ​​ ១២៩៩​ដុល្លារ សម្រាប់​ទំហំ ១២៨GB និង​តម្លៃ ១៤៤៩​ដុល្លារ សម្រាប់​ទំហំ ៥១២GB ដោយ​មាន​ទទួល​ការ​កុម្ម៉ង់​ទិញ​នា​ថ្ងៃ​ទី៦ ខែ​សីហា និង​ដាក់​លក់​នា​ថ្ងៃ​ទី២១ សីហា៕

ប្រភព៖ The Verge | Androidauthority   ប្រែ​សម្រួល៖ សុខហេង