ម៉ាប់​ឆ្វេង​​ឥឡូវ​ល្បី​​ខ្លាំង ចុះ​ប្រិយមិត្ត​​ស្គាល់​ម៉ាប់​ឆ្វេង​​​២០១៥​ ?

  • 2020-08-07 03:39:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ


​អ្នក​​ចូល​ចិត្ត​បាល់ទះ​ប្រហែល​ជា​ស្គាល់​ច្បាស់​ពី​ ម៉ាប់​ ឆ្វេង​ ដៃ​គូ​ សុវណ្ណនាថ ដែល​ល្បី​រន្ទឺ​សេវ៉ា​ផ្ដាច់​​ព្រលឹង​​ និង​​វ៉ៃ​ចោះ​​ស្អាត​កម្រ​មាន​ដៃ​គូ​ប្រកួត​។ ដោយ​ឡែក​និយាយ​ពី​ម៉ាប់​​ឆ្វេង​កាល​ឆ្នាំ​២០១៥ ក៏​មិន​អន់​ដែរ​ គឺ​ជា​អតីត​ជម្រើស​ជាតិ​កម្ពុជា ដែល​​បាន​ចេញ​ទៅ​​​នៅ​ស៊ីហ្គេម​​ ២០១៣ និង​២០១៥។

រូប​កាល​ទៅស៊ីហ្គេម​២០១៥នៅ​សិង្ហបុរី (ម៉ាប់ឆ្វេងមហាផ្ទៃ​លេខ ២ )

​ចំរើន សំណាង ជា​ឈ្មោះ​ផ្លូវ​ការ​របស់​កីឡាករ​បាល់ទះ​ម៉ាប់​ឆ្វេង ២០១៥ ​បាន​ឲ្យ​ដឹង​ថា ​លោក​បាន​ជាប់​ជម្រើស​ជាតិ​ចន្លោះ​ពី​ឆ្នាំ​២០១២ ដល់​ឆ្នាំ​២០១៥ ពោល​គឺ​ក្រោយ​ត្រឡប់​ពី​ស៊ីហ្គេម​នៅ សិង្ហបុរី​វិញ​ក៏​លែង​ជាប់​តែ​ម្ដង។ ចន្លោះ​ពេល​ក្នុង​ការ​ជាប់​ជម្រើស​ជាតិ​លោក សំណាង បាន​ទៅ​​ចូល​រួម​ស៊ីហ្គេម​ចំនួន ពីរ​លើក​គឺ​ឆ្នាំ​២០១៣ នៅ​មីយ៉ាន់ម៉ា និង​ស៊ីហ្គេម ២០១៥ នៅ​សិង្ហបុរី​។

អតីត​កីឡាករ​របស់​ក្លឹប​បាល់ទះ​មហាផ្ទៃ​រូប​នេះ​​បន្ថែម​ថា ​កាល​នៅ​ជា​កីឡាករ​ធ្លាប់​ឈ្នះ​ពាន​ជា​ច្រើន​ ដូច​ជា​ពាន Leo ពាន​អគ្គស្នងការដ្ឋាន​​រាជធានី​ភ្នំពេញ និង​ពាន​មិត្ត​ភាព​នៅ​វៀតណាម​ ជា​មួយ​ក្លឹប​មហាផ្ទៃ។ ​ចូល​លេង​ដំបូង​ឆ្នាំ​២០១១ នៅ​មហាផ្ទៃ លោក​បាន​ត្រឹម​លេង​ជា​យុវជន​ថ្នាល​តែ​ប៉ុណ្ណោះ ប៉ុន្តែ​ដោយ​សារ​ការ​ខិត​ខំ​ប្រឹងប្រែង សំណាង ក៏​អាច​បង្ហាញ​ខ្លួន​ក្នុង​ក្រុម​ឈុត​ធំ និង​ក្លាយ​ជា​កីឡាករ​ឆ្នើម​ក្នុង​ក្លឹប។

​ប៉ុន្តែ​ជា​អកុសល​ដោយ​សារ​ការ​ប្រឹងប្រែង​ហ្វឹកហាត់​ (ប្រឹង​លោត​ឲ្យ​បាន​ខ្ពស់​) សំណាង ក៏​ខូច​ជង្គង់​ ត្រឹម​ដើម​ឆ្នាំ​២០១៩ ​និង​ប្រកាស​ឈប់​លេង​បាល់​ដើម​ឆ្នាំ​២០២០ នេះ​តែ​ម្ដង។ បច្ចុប្បន្ន​​អតីត​យុវជន​​ក្រសួង​មហាផ្ទៃ​រូប​នេះ​​ចូល​បម្រើ​ការ​ងារ​ជា​មន្ត្រី​ប៉ូលិស​ និង​មិន​បាន​ចូល​​​​ធ្វើ​ជា​គ្រូ​បង្វឹក​បាល់ទះ​អ្វី​នោះ​ឡើយ៕​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​