លុយជំនួយកូវីដ១៩ បែរជាយកទិញឡាន Lamborghini Urus ជិះ

  • 2020-08-11 06:15:49
  • ចំនួនមតិ 22 | ចំនួនចែករំលែក 142

ចន្លោះមិនឃើញ

បុរស​រស់​នៅ​រដ្ឋ Texas សហរដ្ឋអាមេរិក​ម្នាក់ បាន​រង​ការ​ចោទ​ប្រកាន់​ថា​បាន​ខ្ចី​លុយ​ចំនួន ១,៦​លាន​ដុល្លារ ពី​ជំនួយ​កូវីដ​១៩​របស់​រដ្ឋាភិបាល ដើម្បី​ទិញ​សម្ភារៈ​ប្រណីត​ប្រើ​ប្រាស់ ដែល​ក្នុង​នោះ​មាន​រថយន្ត​ Lamborghini Urus មួយ​គ្រឿង​ផង​ដែរ។

មិន​ត្រឹម​តែ​ទិញ Lamborghini Urus នោះ​ទេ ប៉ុន្តែ​បុរស​ខាង​លើ​ក៏​បាន​ទិញ​​រថយន្ត​ Ford F-350 ថ្មី​សន្លាង​មួយ​គ្រឿង ថែម​ទាំង​នាឡិកា​ដៃ Rolex ដែល​មាន​តម្លៃ​ថ្លៃ​ទៀត​ផង។ បុរស​រូប​នេះ​បាន​ទិញ Lamborghini Urus ស៊េរី​ឆ្នាំ ២០២១ ដែល​មាន​តម្លៃ​លើ​ទីផ្សារ ២២២ ០០០​ដុល្លារ ជា​រថយន្ត​កំពុង​ពេញ​និយម​មួយ​លើ​ទីផ្សារ។

គួរ​ដឹង​ថា​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​បាន​បង្កើត​នូវ​កម្មវិធី​ប្រាក់​កម្ចី​ឈ្មោះ​ថា​ Paycheck Protection ​ដើម្បី​ផ្ដល់​ប្រាក់​កម្ចី​ដល់​អាជីវកម្ម​តូចៗ ឲ្យ​ពួក​គេ​អាច​មាន​លទ្ធផល​បើក​ប្រាក់​ខែ​ដល់​បុគ្គលិក​របស់​ខ្លួន​ អំឡុង​ពេល​ដែល​ជួប​បញ្ហា​ព្រោះ​ជំងឺ​កូវីដ​១៩។ យ៉ាងណាក្ដី​បែរ​ជា​មាន​ម្ចាស់​អាជីវកម្ម​ខ្លះ​​​គេង​ប្រវ័ញ្ច​លើ​កម្មវិធី​ជំនួយ​នេះ ដោយ​យក​លុយ​ដែល​ទទួល​បាន​ទៅ​ទិញ​សម្ភារៈ​ប្រើ​ប្រាស់​ផ្ទាល់​ខ្លួន​ទៅ​វិញ។

ពេល​នេះ​បុរស​រស់​នៅ​ Texas ខាង​លើ ត្រូវ​ប្រឈម​មុខ​នឹង​បទ​ល្មើស​ជា​ច្រើន ក្នុង​នោះ​រួម​មាន​ការ​​ក្លែង​បន្លំ​​ចំពោះ​​​ស្ថាប័ន​ហិរញ្ញវត្ថុ, បោក​ប្រាស់​ធនាគារ និង​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ប្រតិបត្តិការ​លុយ​ខុស​ច្បាប់​ជា​ដើម៕​​​​

ប្រភព៖ Motor1   ប្រែ​សម្រួល៖ សុខហេង