ខាត់ សុឃីម ប្រាប់គេឯងថារវល់ត្រៀម​បើកជំនួញថ្មី ស្រាប់តែឥឡូវ​ស្រដី​យ៉ាងរំភើយ

  • 2020-08-11 08:47:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ

តារា​ចម្រៀង​ស្រីពហុជំនាញ ខាត់ សុឃីម ធ្លាប់​ប្រកាស​ថា​នឹង​ធ្វើ​ឲ្យ​អ្នក​សារព័ត៌មាន និង​មិត្ត​សិល្បៈ​បើក​ភ្នែក​ធំៗ ហើយ​លាន់មាត់​ចំពោះ​ជំនួញ​ថ្មី​របស់​នាង​ថា"ចុម...កាដុបឆែប ខាត់ សុឃីម" នៅ​ដើម​ខែ​កញ្ញា នេះ។

​ស្រាប់​តែ​ម្សិលមិញ នាង​បាន​បញ្ចេញ​សារ​មួយ​ថា នាង​ទៅ​ទំនេរ​រង់ចាំ​ទទួល​ច្រៀង​ភ្លេងការ ហាក់​មិន​ទាន់បាន​ត្រៀម​ខ្លួន​រួចរាល់​ក្នុង​ការ​ចាប់​យក​មុខ​ជំនួញ​ថ្មី​នោះ​នៅ​ឡើយទេ បើ​ទោះ​បី​ជា​ពេល​វេលា​កាន់​តែ​ខិត​ជិត​ចូលមក​ដល់។

សារ​ដែល​តារា​ស្រី​រូប​នេះ បាន​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​ដោយ​មាន​ភ្ជាប់​រូបថត​ស្លៀក​ហូល​អាវ​ប៉ាក់​របស់​នាង​មួយ​សន្លឹក​កាល​ពី​ថ្ងៃទី១០ ខែ​សីហា បាន​ពោល​ថា "ខ្ញុំ​នៅ​តែ​លេង​ភ្លេងការ​ដដែល​ទេ​ណា។ ជួល​ផង​ចា កុំ​ឲ្យ​ខ្ញុំ​ទំនេរ"។

ជុំវិញ​សារ​ដែល​នាង​បាន​បញ្ចេញ​នេះ ត្រូវ​បាន​អ្នក​គាំទ្រ​ខ្លះ​គិត​ថា វា​ជា​រឿង​ធម្មតា ព្រោះ​នាង​គឺ​អ្នក​ចម្រៀង​ប្រពៃណី និង​មាន​មុខរបរ​នេះ​ស្រាប់ ការ​ពពាយនាយ​រក​អតិថិជន គឺ​ជា​រឿង​ធម្មតា។ ប៉ុន្តែ​អ្នក​គាំទ្រ​ខ្លះ មិន​បាន​គិត​ត្រឹម​នេះ​ទេ ដោយ​គេ​យល់​ថា ទំហំ​ការងារ​របស់​នាង​បច្ចុប្បន្ន​មាន​ច្រើន​អនេក ដោយ​ត្រូវ​បែកចែក​ពេល​វេលាទៅ​ធ្វើ​ជា​មន្ត្រី​យោធាផង និង​ពិធី​ការិនីក្នុង​កម្មវិធី​មួយ​ចំនួន​តាម​ការ​ត្រូវ​របស់​ទូរទស្សន៍​ជាតិ ហើយ​ម្យ៉ាង​ជំនួញ​ថ្មី​ដែល​នាង​ត្រៀម​បើក​នោះ​បាន​ធ្វើ​ឲ្យ​នាង​រវល់​ខ្លាំង​តាំង​ពី​ដើម​ទី ដូច្នេះតើពេលនេះនាងមានពេលណាទៅច្រៀងភ្លេងការនោះ។

រហូត​មក​ដល់​រសៀល​ថ្ងៃទី១១ ខែ​សីហា ឆ្នាំ​២០២០ នេះ Sabay មិន​ទាន់​អាច​ទាក់ទង​អ្នកនាង ខាត់ សុឃីម ដើម្បី​ស្រាយ​ចម្ងល់​នេះ​បាន​នៅ​ឡើយ​ទេ។ ប៉ុន្តែ​កន្លង​ទៅ​នាង​ធ្លាប់​ប្រាប់​ថា ជំនួញ​ថ្មី​ដែល​នាង​ចាយ​លុយ​ជាប់​២០​ម៉ឺន​ដុល្លារ​ហើយ​នោះ បាន​ធ្វើ​ឲ្យ​នាង​ឲ្យ​រវល់​ស្ទើរ​ដក​ឃ្លា​មិន​រួច​ក្នុង​ការ​រៀបចំ​ត្រៀម​ដំណើរការ​វា។

ដោយ​ភាព​មមាញឹក និង​ខ្វះ​កម្លាំង​ជួយ​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​អ្នកនាង ខាត់ សុឃីម សម្រេច​ទម្លាក់​មុខរបរ​សម្អាង​ការ​ចោល​មួយ ដោយ​រក្សា​ទុក​តែ​មុខរបរ​ច្រៀង និង​លេង​ភ្លេង​ប្រពៃណី​កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ​២០២០ នេះ។ តារា​ចម្រៀង​វ័យ​កណ្ដាល​រូប​សម្រស់​នៅ​បាន និង​មាន​ទឹកចិត្ត​សប្បុរស​រូប​នេះ ខ្នះខ្នែង​នឹង​ការ​រកស៊ី និង​សកម្ម​ក្នុង​អាជីព​សិល្បៈ​ណាស់។

ជាក់ស្ដែង​នាង​សន្យា​ជាមួយ​មហាជន​ថា នាង​បើក​ជំនួញ​ធំ​មួយ​មិន​ធ្លាប់​មាន​ក្នុង​ដៃ​របស់​នាង​នៅ​ដើម​ខែ​ក្រោយ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ