ទម្លាប់តូចៗ ដែលធ្វើឱ្យអ្នកធ្លាក់ខ្លួនឈឺក្រពះរ៉ាំរ៉ៃដោយមិនដឹងខ្លួន

  • 2020-08-12 10:23:46
  • ចំនួនមតិ 1 | ចំនួនចែករំលែក 54

ចន្លោះមិនឃើញ

ជំងឺក្រពះជាជំងឺដែល មនុស្សគ្រប់គ្នាប្រឈមមុខញឹកញាប់ជាងគេ ជាពិសេសកើតមានចំពោះមនុស្សដែលមានវ័យជំទង់ ដែលមិនសូវយកចិត្តទុកដាក់លើទម្លាប់ញុំាអាហារដែលល្អចំពោះសុខភាព ឬ ញុំាឲ្យទៀងម៉ោង។ វ័យក្មេងសុខភាពនៅល្អ ច្រើនមិនចាប់អារម្មណ៍នឹងការថែទាំសុខភាពឲ្យរឹងមាំ ពិសេសមានទម្លាប់តូចៗ មួយចំនួនដែលអ្នកច្រើនមើលរំលងដូចជា ៖

១.ការញ៉ាំអាហារមិនទៀងពេល ៖ ជាធម្មតាមនុស្សមានវ័យជំទង់តែងតែងើបមិនទាន់ពេល ដើម្បីញុំាអាហារពេលព្រឹក ។ ពួកគេច្រើនខកម៉ោងញុំាអាហារពេលព្រឹក ឬ ញុំាយឺតម៉ោង ដែលធ្វើឲ្យគេបន្តញុំាអាហារថ្ងៃត្រង់យឺតម៉ោងដែរ។ នៅពេលដែលអ្នកញ៉ាំអាហារមិនទៀងម៉ោង ក្រពះរបស់អ្នកក៏ពិបាកធ្វើការតាមពេលវេលាកំណត់ដែរ។

២.ពន្យារពេលក្នុងការញ៉ាំទឹកក្រោយពេលញ៉ាំអាហារ ៖ ជាការពិតណាស់ ក្រោយពេលញ៉ាំអាហារអ្នកតែងចង់ផឹកទឹកភ្លាមៗ។ ប៉ុន្តែកន្លងមក ក៏មានមតិខ្លះថាការផឹកទឹកក្រោយបាយ ភ្លាមៗ អាចធ្វើឲ្យធាត់។ បើយោងតាមសម្តីរបស់លោកវេជ្ជបណ្ឌិត ឧកញ៉ា គួច ម៉េងលី បានឲ្យដឹងថា អ្នកគួរតែញ៉ាំបាយបណ្តើរ ញ៉ាំទឹកបណ្តើរដើម្បីឲ្យក្រពះអ្នកដំណើរការបានល្អ។

៣. គេងភ្លាមបន្ទាប់ពីញ៉ាំអាហាររួច ៖ ជាធម្មតាបន្ទាប់ពីអ្នក ញ៉ាំអាហាររួចអ្នកនឹងមានអារម្មណ៍ថាងងុយគេង។ តែប្រសិនបើអ្នកគេងភ្លាមៗនោះ ក្រពះរបស់អ្នកមិនកិន ឬរំលាយអាហារដែលយើងទើបតែញ៉ាំបានល្អឡើយ ហើយក៏ធ្វើឲ្យឆាប់ខូចក្រពះផងដែរ។

៤. ញ៉ាំរបស់ដែលមានជាតិខ្លាញ់ ៖ សព្វថ្ងៃនេះយើងឃើញថា របស់ញ៉ាំមួយចំនួនសុទ្ធតែចេញពីការចៀន បំពង ដោយប្រើប្រាស់ខ្លាញ់ច្រើនៗ ដែលជាមូលហេតុធ្វើឲ្យអាហារអ្នកអត់ងាយកិនផងដែរ។

៥. ញ៉ាំអាហារដែលមានជាតិហិរខ្លាំង ៖ ម្ហូបហិរ ពិតជាពេញនិយមខ្លាំង អ្នកខ្លះថា អត់ហិរញ៉ាំអត់ឆ្ងាញ់ទេ។ តែការញ៉ាំហិរពេកក៏ធ្វើឲ្យប៉ះពាល់ដល់ក្រពះអ្នកដែរ។ នៅពេលដែលអ្នកញ៉ាំហិរ អាហារដែលបានចូលក្នុងក្រពះរបស់អ្នក អាចធ្វើឲ្យក្រពះក្រហាយដោយសារតែមានជាតិម្ទេស ឬសារជាតិដែលក្តៅខ្លាំង វាអាចធ្វើឲ្យក្រពះអ្នកដំបៅ ហើយអាចរលាករ៉ាំរ៉ៃ ទៀតផង។

៦. ការទំពារអាហារមិនម៉ត់ល្អ ៖ ជាទូទៅប្រសិនបើអ្នកញ៉ាំអាហារ ហើយទំពារមិនបានម៉ត់ល្អ ជាពិសេសម្ហូបរឹង អាចធ្វើឲ្យក្រពះមានបញ្ហា ដែលបង្កឲ្យអ្នកចុក ឬឆ្អល់ពោះបាន។ ដូច្នេះ អ្នកគួរចំណាយពេលទំពារអាហារឲ្យម៉ត់ល្អ មុននឹងលេប។

៧. ញ៉ាំអាហារលឿនជ្រុល ៖ បើអ្នកបណ្តោយឲ្យខ្លួនឯងឃ្លានជ្រុលទើបរកអីញុំានោះ អ្នកនឹងញុំាលឿន ស្ទើរភ្លេចទំពារផង រួចអ្នកនឹងចុចពោះជាមិនខាន។ ត្រូវចងចាំថា ទោះឃ្លានខ្លាំង ក៏គួរប្រឹងញុំាធម្មតា ទើបមិនឈឺពោះ។ ការញ៉ាំមួយៗ នឹងឲ្យក្រពះអ្នកកិនបានល្អ ដោយញ៉ាំទាំងសាច់ បន្លែ ផ្លែឈើដែលអាចសម្រួលដល់ការរំលាយអាហារ។

៨. ញ៉ាំឆ្អែតខ្លាំងពេក ៖ បើអ្នកញ៉ាំតាមឃ្លាន អ្នកប្រាកដជាញ៉ាំអាហាររហូតដល់តែហល់ ហើយ វាមិនល្អសម្រាប់ក្រពះរបស់អ្នកទេ ដោយសារតែនៅពេលដែលអ្នកញ៉ាំហល់ ក្រពះរបស់អ្នកនឹងប៉ោង ហើយគ្មានកន្លែងធ្វើចលនាកិន ដែលអាចធ្វើឲ្យក្រពះគាំង ងាយនឹងការខូច ។

៩. ចូលដេកយប់ជ្រៅ ៖ ទម្លាប់ចូលគេងយឺត ឬមិនទៀងម៉ោង អាចធ្វើឲ្យអ្នកពិបាកគេងឲ្យលក់ស្គប់ស្គល់ និងមានជំងឺគេងមិនលក់រុំារ៉ៃ។ ពេលអ្នកអត់គេងនៅពេលយប់ រាងកាយអ្នកនឹងបង្កើតអ័រម៉ូនម្យ៉ាងដែលធ្វើឲ្យអ្នកឃ្លានហើយក្រពះរបស់អ្នកនឹងបញ្ចេញជាតិអាស៊ីត ដែលនឹងធ្វើឲ្យអ្នកឈឺក្រពះ។

បញ្ហាដែលកើតឡើងចំពោះជំងឺក្រពះ ភាគច្រើនកើតឡើងពីចំណីអាហារដែលអ្នកញ៉ាំប្រចាំថ្ងៃដោយមិនដឹងពីផលលំបាករបស់វា។ ដូចនេះដើម្បីកុំឲ្យមានជំងឺក្រពះរ៉ាំងរ៉ៃដោយមិនដឹងខ្លួន អ្នកត្រូវកែទម្លាប់របស់អ្នកដូចជា៖

  • ញ៉ាំទឹកឲ្យបានច្រើន មិនថាមុនបាយ ពេលបាយ ឬក្រោយបាយទេ

  • កុំសូវញ៉ាំអាហារដែលមានជាតិ ហិរ ខ្លាញ់ អាហារឆៅ ម្ហូបផ្អាប

  • ញ៉ាំបន្លែ ផ្លែឈើឲ្យបានច្រើនដើម្បីសម្រួលដល់ការរំលាយអាហារ

  • ញ៉ាំម្ហូបដែលបានចម្អិន ឆ្អិនល្អ ជៀសវាងម្ហូបឆៅ

  • ញុំាអាហារ និង ចូលគេងឲ្យទៀងម៉ោង

  • ហាត់ប្រាណឲ្យបានច្រើនតាមតែអាចធ្វើទៅបាន ដើម្បីបញ្ចេញជាតិពុលពីក្នុងខ្លួន៕

Manulife Cambodia គាំទ្រការស្រលាញ់សុខភាព

អត្ថបទ៖ Saroeun Sophearom