ព្រឿង​ សុចឺត​ ចូល​ប្រកួត​វិញ​ហើយ​ក្រោយ​សម្រាក​ទៅ​ជួយ​ដាំ​ដំឡូង​ប៉ុន្មាន​ខែ​នៅ​ស្រុក​កំណើត

  • 2020-08-13 11:47:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​លេង​គុន​ខ្មែរ​វ័យ​ក្មេង​ ព្រឿង​ សុចឺត​ បាន​វិល​ចូល​សង្វៀន​គុន​ខ្មែរ​វិញ​ហើយ​ សប្ដាហ៍​នេះ​លើ​សង្វៀន​ PNN បន្ទាប់​បាត់​មុខ​ប្រហែល​ ៤ខែ​មក​នេះ​ទៅ​ជួយ​កិច្ចការ​ស្រែ​ចម្ការ​ម្ដាយ​ឪពុក​នៅ​ស្រុក​កំណើត។​

កីឡាករ ព្រឿង សុចឺត

ព្រឿង​ សុជាតិ​ ដែល​ជា​បងប្រុស​របស់​ សុចឺត​ បាន​ឲ្យ​ដឹង​ថា​ ការ​បាត់មុខ​ប្អូន​ប្រុស​របស់​ខ្លួន​រយៈពេល​ប៉ុន្មាន​ខែ​មក​នេះ​ គឺ​រូប​គេ​ចង់​សម្រាក​សិន​ និង​ឆ្លៀត​ទៅ​ជួយ​ដាំ​ដំឡូង និង​​កិច្ចការ​ស្រែ​ចម្ការ​ម្ដាយ​ឪពុក​នៅ​ឯ​ស្រុក​កំណើត​ ក្នុង​ខេត្ត​ត្បូងឃ្មុំ។​

ទាក់ទិន​ទៅ​ហ្នឹង​ការ​ប្រកួត​ថ្ងៃ​អាទិត្យ​នេះ​បង​ប្រុស​របស់​ សុចឺត​ ខាង​លើ​នេះ​មើល​ឃើញ​ថា​ប្អូន​ហ្វឹកហាត់​បាន​ល្អ​ មាន​កម្លាំង​ និង​ឡើង​សាច់​ជាង​មុន​ទៅ​ទៀត។​ សុជាតិ​ ក៏​បារម្ភ​ចំពោះ​ប្អូន​ខ្លះៗ​ដែរ ​ព្រោះ​ខ្លាច​គាំង​ក្បាច់​ដោយ​សារ​ខាន​ប្រកួត​យូរ។​ យ៉ាង​ណា សុជាតិ ​ដឹង​ច្បាស់​ថា​គ្រូ​របស់​ខ្លួន​គឺ​លោក​ ធន់​ សុភា​ ពូកែ​ពង្រឹង​សមត្ថភាព​ ពូកែ​បង្ហាត់​ ដឹង​ច្បាស់​ថា​ត្រូវ​បង្ហាត់​ដូចម្ដេច​ចំពោះ​អ្នក​ខាន​វ៉ៃ​យូរ​ ដឹង​ថា​ត្រូវ​បំពេញ​ចំណុច​អ្វី​ខ្លះ​ដូច្នេះ​ហើយ​ទុក​ចិត្ត​តែម្ដង​លើ​គ្រូ។​

សុចឺត និង​មិត្តរួមក្លឹប

រំលឹក​ដែរ​ថា​ ព្រឿង​ សុចឺត​ ជា​សិស្ស​គុន​មក​សមាគម​កីឡា​ក្រសួង​ការពារ​ជាតិ។​ កីឡាករ​រូប​នេះ​អាក់ខាន​ឡើង​សង្វៀន​ ៤-៥​ខែ​មក​ហើយ​ ឥលូវ​សប្ដាហ៍​នេះ​គឺ​នឹង​ត្រូវ​តទល់​ជា​មួយ​ ឡុង​ ពិសិដ្ឋ​ លើ​សង្វៀន​ PNN ​ថ្ងៃ​អាទិត្យ​ ទី១៦​ ខែ​សីហា​ ឆ្នាំ​២០២០​ នេះ៕​

អត្ថបទ៖ នួន ស៊ីណា​