ដំណឹងល្អ! ទឹកដោះគោសុទ្ធ គិរីសួគ៌​ ត្រៀមលក់នៅលើទីផ្សារឆាប់ៗ ក្នុងតម្លៃសមរម្យ

  • 2020-08-14 10:10:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«យើងជាកសិដ្ឋាន​ផលិតទឹកដោះគោសុទ្ធ ហើយ​យើង​មានដៃគូជាច្រើន​តាម​ផ្សារ​ទំនើប​ ហាងទំនើប​នានាជា​អ្នក​លក់​បន្ដ​ ដូច្នេះ​ក្នុង​នាម​យើង​អ្នក​ផលិត​ទឹកដោះគោសុទ្ធ យើង​ព្យាយាម​យ៉ាង​ម៉េច​ចែកចាយ​ឲ្យពួកគាត់​ក្នុង​តម្លៃ​ទាប​ជាង​ទីផ្សារ​ ហើយ​គាត់​លក់បន្ដ​អាចលក់តម្លៃសមរម្យ​នៅលើ​ទីផ្សារ។ យើង​រំពឹងថា ផលិតផល​របស់​យើង​នឹង​មាន​តម្លៃ​ទាប​ ជាងផលិតផល​ផ្សេងៗ​ទៀត ដែលធ្វើឲ្យ​ប្រជាពលរដ្ឋ​របស់​យើង​មានលទ្ធភាព​ទិញ​បាន​គ្រប់ៗគ្នា»។ នេះជាការលើកឡើង​របស់​ លោក ជី សិលា ដៃគូសហស្ថាបនិក ក្រុមហ៊ុន Khmer Fresh Milk បានប្រាប់ Sabay កាលពីពេល​ថ្មីៗនេះ។​

លោកជី សិលា បានយកទឹកដោះគោសុទ្ធគិរីសួគ៌ ចែកចាយដល់អតិថិជន ខណៈហាង Toul Les Jours ផ្សារដើមថ្កូវស្វាគមន៍​គាំទ្រ​ទឹកដោះគោនេះ​ កាលពីសប្ដាហ៍មុន​

អ្វីដែលកសិដ្ឋានគិរីសួគ៌ រំពឹង​ថា​ នឹង​លក់​ឲ្យ​ទាប​ជាង​តម្លៃ​នៅលើទីផ្សារ ព្រោះកសិដ្ឋាន​មួយ​នេះ​ គឺជាកសិដ្ឋាន​ផលិត​ទឹកដោះគោធំជាង​គេ ហើយ​ប្រើប្រាស់​បច្ចេកទេស​ទំនើប​ចុង​ក្រោយ​មកពីប្រទេស​អ៊ីស្រាអែល។ មួយ​ទៀត​ កសិដ្ឋាន​មានទីតាំង​នៅត្រឹម​ភ្នំតាម៉ៅ​ ខេត្តតាកែវ មាន​លទ្ធភាព​ដឹកជញ្ជូន​បាន​ឆាប់​រហ័ស​មក​ដល់​ទីផ្សារ​ ដែល​ចំណាយ​ប្រមាណ​តែ​១ម៉ោង​ប៉ុណ្ណោះ។

លោក​ ជី សិលា បាន​មានប្រសាសន៍​បន្ថែម​ទៀត​ថា​ «យើង​មាន​ចក្ខុវិស័យនៅពេល​ខាង​មុខ​ យើង​ចង់​ឲ្យ​ពលរដ្ឋ​គ្រប់ៗ​រូប​មាន​លទ្ធភាព​ ទិញ​ទឹកដោះសុទ្ធគិរីសួគ៌​មក​ហូប ដូចពួកគាត់​បាន​ទិញ​ទឹក​សុទ្ធផឹកអីចឹងដែរ»

សព្វថ្ងៃនេះ​កសិដ្ឋានគិរីសួគ៌ ភ្នំតាម៉ៅ បាន​នាំ​ចូល​សត្វគោញីប្រមាណ​ជា ៥៥០ក្បាល ដែល​រំពឹង​ថា អាចផលិតទឹកដោះគោប្រមាណ​ជា ១ម៉ឺនលីត្រ​ក្នុង​១ថ្ងៃ ដើម្បីចែកចាយ​លក់នៅលើទីផ្សារ។ ទំហំនៃការផលិត​ទឹកដោះគោ​នេះ លោកជី សិលា យល់ឃើញ​ថា នៅមិនទាន់គ្រប់គ្រាន់​សម្រាប់​ទីផ្សារ​ក្នុង​ស្រុក​នៅឡើយ​ទេ ដូច្នេះ​នៅពេល​ខាង​មុខ​ កសិដ្ឋាន​គិរីសួគ៌​រំពឹង​ថា នឹង​អាច​ផលិត​កើនឡើង​ជាង​នេះ ដើម្បីគ្របដណ្ដប់​ទីផ្សារ​ទូទាំង​ប្រទេស​កម្ពុជា ហើយ​ចំពោះការ​នាំចេញ​ទៅ​ក្រៅ​ប្រទេស​នៅមិនទាន់​មាន​ផែនការ​នៅឡើយ។

ទឹកដោះគោសុទ្ធគិរីសួគ៌ ដែល​រំពឹង​ថា នឹង​ចាប់​ផ្ដើម​ចែកចាយ​នៅលើទីផ្សារ​នៅ​សប្ដាហ៍​ ក្រោយ​នេះ​​ លោក​ ជី សិលា បាន​លើកឡើង​ថា «កសិដ្ឋានគិរីសួគ៌ គឺផ្ដួចផ្ដើម​ឡើង​ដោយ​គំនិត របស់កូនខ្មែរ​ ដែលយើងខិតខំ​ធ្វើ​យ៉ាង​ណា​ឲ្យ​ទឹកដោះ​នេះសុទ្ធ មានគុណភាព​ខ្ពស់​ ដែលផ្ដល់ទំនុកចិត្ត​ដល់ប្រជាជនខ្មែរ ហើយ​ក៏​សង្ឃឹមថា ប្រជាជន​ខ្មែរ​គាំទ្រ​ផលិតផល​ទឹកដោះគោ គិរីសួគ៌ ខណៈ​យើង​ខិតខំ​ធ្វើ​យ៉ាង​ណា​ឲ្យ​តម្លៃ​ទាបសមរម្យ​ ដែល​គ្រប់គ្នា​អាចទទួល​យកបាន»

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទពេញនិយម
អត្ថបទថ្មី