វីង ឧបត្ថម្ភកុមារខ្វះខាត ដែលប៉ះពាល់ការ​សិក្សា​ដោយសារ​ជំងឺកូវីដ-១៩

  • 2020-08-15 10:24:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 2

ចន្លោះមិនឃើញ

ធនាគារឯកទេសវីងនៅតែបន្តកិច្ចការសប្បុរសធម៌តាមសហគមន៍ ដើម្បីអបអរខួប ១២ឆ្នាំ នៃការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុតាមបែបឌីជីថលនៅកម្ពុជា

ជាការបន្តនូវស្មារតីនៃកិច្ចការសប្បុរសធម៌តាមសហគមន៍ដើម្បីអបអរខួបលើកទី១២ឆ្នាំរបស់ខ្លួន ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត រួមទាំងបុគ្គលិកបានធ្វើការបរិច្ចាគសំភារៈផ្សេងៗដើម្បីជួយដល់កុមារដែលកំពុងរស់នៅមជ្ឍមណ្ឌលរក្សាកុមារ ក្រុមជំនុំដំណឹងល្អពោរពេញកម្ពុជា (FGACCCC) នៅក្នុងខេត្តកំពង់ស្ពឺ។

កុមារប្រមាណ ៦០ នាក់ ដែលកំពុងរស់ក្នុងមជ្ឈមណ្ឌលនៅស្រុកច្បារមន នឹងទទួលបានអត្ថប្រយោជន៍ពីការគាំទ្ររបស់វីងដល់មជ្ឈមណ្ឌលថែទាំកុមារដែលបានផ្តល់ការអប់រំ អាហារ និងកន្លែងស្នាក់នៅដោយឥតគិតថ្លៃ។

បុគ្គលិកវីង បានធ្វើដំណើរទៅខេត្តកំពង់ស្ពឺ ដើម្បីជួបជាមួយសិស្សានុសិស្ស និងបានផ្តល់នូវអំណោយផ្ទាល់ខ្លួនមួយចំនួនដល់កុមារនៅទីនោះ។ កុមារទាំងនោះទទួលបានកុំព្យូទ័រយួរដៃចំនួន ១៧គ្រឿង សំភារៈកីឡា សំភារៈសិក្សា និងមានពិធីដាំកូនឈើរួមគ្នាផងដែរ។

លោក ហ៊ូ ស៊ាន់សាយ សាន់នី នាយកនៃមជ្ឈមណ្ឌលរក្សាកុមារ ក្រុមជំនុំដំណឹងល្អពោរពេញកម្ពុជា បានមានប្រសាសន៍ថា៖ «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារឯកទេសវីងនិងបុគ្គលិកវីង ដែលបានចូលរួមផ្តល់វិភាគទានដ៏ថ្លៃថ្លា និងបានធ្វើដំណើរយ៉ាងឆ្ងាយមកជួបជាមួយកុមារនៅទីនេះ។ ជំនួយឧបត្ថមពីវីងបានជួយដល់យើង ចំពេលដែលកុមារនៅទីនេះមិនអាចទៅរៀននៅឯសាលាដោយសារការភ័យខ្លាចនៃជំងឺកូវីដ១៩។ តាមរយៈជំនួយទាំងនេះ កុមារនឹងអាចបន្តការសិក្សារបានពីអន្តេវាសិកដ្ឋានរបស់ពួកគេ»។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេសវីងបានមានប្រសាសន៍ថា៖ «កុមារគឺជាទំពាំងស្នងឬស្សីនៃកម្ពុជា ដូច្នេះយើងត្រូវតែគាំទ្រពួកគេឱ្យទទួលបានការអប់រំសមរម្យក្នុងវ័យដែលទាមទាការអភិវឌ្ឍខ្លាំង ដើម្បីឱ្យពួកគេក្លាយជាសសរទ្រូងដ៏រឹងមាំសម្រាប់ប្រទេស ។ ក្នុងនាមយើងជាបុគ្គលិកវីង យើងបានទទួលផលប្រយោជន៍ពីមូលដ្ឋានគ្រិះដ៏រឹងមាំនៃការអប់រំល្អ ហើយវាដល់ពេលដែលយើងត្រូវចែករំលែកបទពិសោធន៍ទាំងនេះទៅអ្នកជំនាន់ក្រោយហើយ»។

លោក ហោ ប៊ុនថែ អគ្គនាយករងនៃធនាគារឯកទេសវីង បានមានប្រសាសន៍ថា៖ «ក្រៅពីផ្តល់ជូននូវសំភារៈសិក្សារ ខ្ញុំមានសេចក្តីរីករាយដែលក្រុមការងារ វីង បានចំណាយពេលដើម្បីផ្លាស់ប្តូររឿងរ៉ាវនិងបទពិសោធន៍ផ្ទាល់ខ្លួនជាមួយក្មេងៗនៅ FGACCCC។ ខ្ញុំសង្ឃឹមថាកាយវិការរបស់ពួកយើងនឹងជំរុញឱ្យពួកគេខិតខំធ្វើការសិក្សារៀនសូត្របន្ថែមទៀតដើម្បីជាប្រយោជន៍ដល់គ្រួសារ និងសហគមន៍របស់ពួកគេ»។

ហុក នីតា សិស្សម្នាក់នៅមណ្ឌល FGACCCC បានលើកឡើងថា នាងបានបន្តការរៀនសូត្រពីចំងាយតាមរយៈកម្មវិធី Zoom ព្រោះមិនអាចទៅសាលារៀនបានដោយសារតែជំងឺកូវីដ ១៩នីតាបានមានចំណាប់អារម្មណ៍ថា៖ «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវីងដែលបានផ្តល់សម្ភារៈសិក្សាដល់ពួកយើង។ វានឹងធ្វើអោយយើងកាន់តែងាយស្រួលក្នុងការរៀនសូត្រជាងមុន។»

ចាប់ផ្តើមដំណើរការនៅប្រទេសកម្ពុជានាឆ្នាំ២០០៩ វីងបានប្រកាន់ខ្ជាប់នូវស្មារតីនៃពលរដ្ឋសារជីវកម្មល្អ ហើយព្យាយាមធានាឲ្យបានថាប្រជាពលរដ្ឋគ្រប់រូបអាចទទួលបានដំណោះស្រាយហិរញ្ញវត្ថុតាមបែបឌីជីថលដ៏សម្បូរបែបប្រកបដោយភាពងាយស្រួល ។

ដើម្បីអបអរសាទរខួប ១២ ឆ្នាំរបស់ខ្លួន វីង កំពុងបន្តសកម្មភាពសប្បុរសធម៌ជាច្រើនផ្សេងទៀត ដើម្បីគាំទ្រដល់សហគមន៍ដែលខ្វះខាត ដោយមានការគាំទ្រពីនិយោជិក ដៃគូអាជីវកម្ម និងអ្នកពាក់ព័ន្ធផ្សេងទៀតច្រើនផងដែរ៕