មើលរូបរាងឡាន Ram 1500 TRX ភីកអាប់មហាកម្លាំងថ្មី ទើបចេញជាផ្លូវការ

  • 2020-08-24 05:19:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ram ដែល​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ភីកអាប់​របស់​អាមេរិក បាន​បង្ហាញ​ចេញ​ជា​ផ្លូវ​ការ​នូវ​រថយន្ត​ Ram 1500 TRX ដែល​ជា​រថយន្ត​ផលិត​ចេញ​ពី​រថយន្ត Concept Rebel TRX បង្ហាញ​មុខ​កាល​ពី​ជិត ៤​ឆ្នាំ​មុន។

Ram 1500 TRX ជា​រថយន្ត​ភីកអាប់​មហាកម្លាំង​មួយ​ដោយ​វា​មាន​បំពាក់​ដោយ​ម៉ាស៊ីន Supercharged ចំណុះ ៦,២លីត្រ ៨ស៊ីឡាំង ដែល​ផលិត​កម្លាំង​បាន ៧០២​សេះ។ ម៉ាស៊ីន​នេះ​ភ្ជាប់​ជា​មួយ​នឹង​ប្រអប់​លេខ​អូតូ ៨វគ្គ និង​ប្រព័ន្ធ​បើកបរ​វិល​កង់​ទាំង​បួន​ដែល​ផ្ដោត​សំខាន់​លើ​ការ​បើកបរ​ Off-Road។

ជា​មួយ​ម៉ាស៊ីន​​នេះ អាច​ឲ្យ​​រថយន្ត​ 1500 TRX ស្ទុះ​ពី ០-៩៦ក.ម/ម៉ ដោយ​ប្រើ​ពេល ៤,៥វិនាទី និង​អាច​រត់​លើ​ផ្លូវ​ចម្ងាយ ៤០២​ម៉ែត្រ ​ដោយ​ប្រើ​រយៈពេល​​​ ១២,៩វិនាទី។ ចំពោះ​ល្បឿន​អតិបរមា​របស់​រថយន្ត​គឺ ១៩០ គ.ម/ម៉។

ចំពោះ​រូបរាង​វិញ គេ​បាន​តុប​តែង​ដោយ​យ៉ាន់​កង់​ទំហំ ១៨​អ៊ីញ ស្រោប​ដោយ​សម្បក​កង់​ Goodyear Territory ទំហំ ៣៥អ៊ីញ ដែល​ផលិត​ឡើង​ជា​ពិសេស​សម្រាប់​រថយន្ត​ភីកអាប់​នេះ។ លើ​រថយន្ត​ក៏​មាន​បំពង់​នូវ​បូម​រ៉ឺស័រ​ទំហំ​ធំ​បំផុត ដែល​អាច​ឲ្យ​រថយន្ត​ទ្រាំទ្រ​ការ​ដឹក​ឥវ៉ាន់​ទម្ងន់ ៥៩៤គីឡូក្រាម និង​អូស​សណ្ដោង​បាន​ទម្ងន់ ៣៦៧៤ គីឡូក្រាម ហើយ​វា​អាច​បត់បែន​ទៅ​តាម​ស្ថានភាព​ផ្លូវ​បាន​យ៉ាង​ល្អ​ទៀត​ផង។

​រថយន្ត Ram 1500 TRX ឆ្នាំ ២០២១ នឹង​ចូល​រោងចក្រ​ផលិត​នា​ចុង​ឆ្នាំ​នេះ ដោយ​វា​មាន​តម្លៃ​ចាប់​ពី ៦៩ ៩៩៥​ដុល្លារ លើ​ទីផ្សារ​អាមេរិក ហើយ​តម្លៃ​នេះ​មិន​ទាន់​គិត​បញ្ចូល​ថ្លៃ​ដឹក​ជញ្ជូន​ ១ ៦៩៥​ដុល្លារ នោះ​ទេ៕

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី