ចេញរូបភាព Settings នៃ iPhone 11 Pro Max បង្ហាញមុខងារអេក្រង់ 120Hz

  • 2020-08-26 01:24:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបភាព Screenshot ថ្មី​បាន​លេច​ចេញ​នៅ​ថ្ងៃ​នេះ ដែល​អះអាង​ថា​ជា​រូបភាព​បង្ហាញ​អំពី​មុខងារ​ពិសេសៗ​មួយ​ចំនួន​នៅ​លើ iPhone 12 Pro Max ដែល​ Apple កំពុង​ធ្វើ​តេស្ត ក្នុង​នោះ​មាន​អេក្រង់ 120Hz និង​មុខងារ​កាមេរ៉ា​ថ្មីៗ​ជា​ច្រើន​ផង​ដែរ។

រូបភាព Screenshot ត្រូវ​បាន​ចែក​រំលែក​នៅ​លើ Twitter ដោយ​បុរស​ឈ្មោះ Jon Prosser ដែល​ធ្លាប់​​បាន​ឲ្យ​ដំណឹង​ត្រូវ​ៗ​ពី​ផលិតផល​ Apple ថ្មីៗ​នា​ពេល​កន្លង​មក។ រូបភាព​ទាំង​នេះ​គឺ​ថត​ចេញ​ពី​ផលិតផល​ Prototype (ប្រភេទ​សាក​ល្បង) នៃ​ iPhone 12 Pro Max ដែល​មាន​អេក្រង់​ទំហំ ៦,៧អ៊ីញ។

រូបភាព​ដំបូង​បាន​បង្ហាញ​អំពី​​ការ​បញ្ជា​ថ្មី​លើ​កម្មវិធី Settings មាន​សម្រាប់ iPhone 12 Pro Max។ ក្នុង​នោះ​គេ​ឃើញ​មាន​ការ​បញ្ជា​ពីរ​ ទី​មួយ​គឺ Enable High Refresh Rate និង Enable Adaptive Refresh Rate។ ទី​មួយ​អាច​ឲ្យ​អ្នក​ប្រើ​ iPhone 12 Pro ​បើក​មុខងារ Refresh Rate 120Hz និង​ទី​ពីរ​បើក​ឲ្យ iPhone អាច​ផ្លាស់​ប្ដូរ​ស្វ័យ​ប្រវត្តិ​រវាង 60Hz និង 120Hz។

ចំពោះ​​ផ្នែក​បញ្ជា​លើ​ Camera ថ្មី​លើ​កម្មវិធី​ Settings ដូច​ដែល​បាន​ឃើញ គឺ​បាន​បង្ហាញ​អំពី​អត្ថប្រយោជន៍​របស់​ LiDAR Scanner នៅ​លើ iPhone 12 Pro និង iPhone 12 Pro Max ដែល​អាច​ប្រើ​ដើម្បី​បង្កើន​គុណភាព​រូបភាព។ ក្នុង​នោះ​មាន​កន្លែង​សម្រាប់​បើក​មុខងារ​ដែល​ប្រើ​ LiDAR ដើម្បី​ជំនួយ​ដល់​ Autofocus និង​ចាប់​យក​ Subject សម្រាប់​ការ​ថត​វីដេអូ និង​ការ​ថត​រូបភាព Night Mode ផង​ដែរ។ មុខងារ​ផ្សេង​ទៀត​មាន​ដូច​ជា​ការ​ថត​វីដេអូ 4K ​ក្នុង​ល្បឿន 120fps និង 240fps ដូច​​ដែល​ពាក្យ​ចចាមអារ៉ាម​កន្លង​មក​បាន​ចេញ​ផ្សាយ។ គេ​ក៏​ឃើញ​មាន​មុខងារ Enhanced Night Mode និង Advanced Noise Reduction ផង​ដែរ។

គួរ​បញ្ជាក់​ថា​រូបភាព Screenshot ទាំង​នេះ​គឺ​ថត​ចេញ​ពី​ប្រភេទ Prototype ដែល​​​ស្ថិត​នៅ​​ដំណាក់​កាល​ធ្វើ​​តេស្ត​នៅ​ឡើយ ហើយ​មាន​ន័យ​ថា​មុខងារ​ទាំង​អស់​ដែល​បាន​ឃើញ​នេះ​ អាច​នឹង​មិន​មាន​លើ​ iPhone 12 ដែល​ចេញ​ជា​ផ្លូវ​ការ​គ្រប់​មុខងារ​នោះ​ឡើយ៕​

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ សុខហេង