បញ្ហាសុខភាពកាចសាហាវ ៨ច្រើនកើតលើអ្នកវក់ធ្វើការខ្លាំងខុសរបៀប និងដំណោះស្រាយ

  • 2020-08-26 09:41:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេលចេញធ្វើការ ដើម្បីទទួលបានលទ្ធភាពល្អ ជៀសមិនផុតពីត្រូវចំណាយអស់ទាំងកម្លាំងកាយចិត្ត ខណៈរាល់ការងារទាំងអស់សុទ្ធតែមានសម្ពាធ នឹងទាមទារនូវការលះបង់ខ្ពស់ដើម្បីសម្រេចការធំ។ ពិតណាស់ការខិតខំប្រឹងប្រែងធ្វើការជារឿងល្អ តែបើខំធ្វើការខ្លាំងដោយគ្មានវិធីសាស្ត្រ ចាត់ចែងការងារត្រឹមត្រូវ នឹងធ្វើឲ្យអ្នករវល់ខ្លាំងរហូតដល់គ្មានពេលគិតពីសុខភាព។ ហើយជាលទ្ធផលទម្លាប់បែបនេះ នឹងធ្វើអ្នកធ្លាក់ខ្លួនឈឺសន្សឹមៗ ពិសេសអ្នកដែលតែងធ្វើការលើសម៉ោង ភ្លេចបាយទឹក និង មិនហាត់ប្រាណ ។

អ្នកវក់ធ្វើការ ភ្លេចថែសុខភាព អាចប្រឈមនឹងការកើតជំងឺមួយចំនួន ដូចជា៖

១. ជំងឺផ្លូវចិត្ត ឬ បាក់ទឹកចិត្ត ៖ ពេលអ្នកផ្ដោតខ្លាំងលើការងារអ្វីមួយ វានឹងបង្កើតជាសម្ពាធកាន់តែធំ។ ភាគច្រើនអ្នកនឹងភ្លេចថែខ្លួនឯង និងទុកគ្រួសារចោល ។ ប្រសិនបើនោះជាការងារជាក្រុម អ្នកងាយនឹងជួបបញ្ហាព្រោះអ្នកមិនអាចធ្វើគ្រប់យ៉ាង ឬ គ្រប់គ្រងស្ថានការណ៍ទាំងអស់តែម្នាក់ឯងបានឡើយ។ អ្នកងាយនឹង ឈានទៅមានបញ្ហាស្ត្រេសធ្ងន់ធ្ងរ មួម៉ៅច្រើន ឆាប់ខឹង ឆេវឆាវ អន្ទះអន្ទែង ច្រឡោតទប់អារម្មណ៍មិនបាន ហើយឈានដល់ការគិតខ្លី ។

២. ជំងឺបេះដូង ៖ ការសិក្សាស្រាវជ្រាវនៅសកលវិទ្យាល័យមួយបានបញ្ជាក់ថា ៦០% នៃអ្នកដែលធ្វើការលើសពី ៣ម៉ោងនៃម៉ោងធ្វើការធម្មតា ប្រឈមនឹងការមានជំងឺបេះដូងច្រើនជាងមនុស្សធ្វើការធម្មតា។ ជំងឺបេះដូង មានដូចជា គាំងបេះដូង, ស្ទះសរសៃឈាមបេះដូង, ឈឺទ្រូង ,និងការធ្លាក់ចុះនៃសម្ពាធឈាមបេះដូង។

៣. ជំងឺដេកមិនលក់ ៖ ធ្វើការច្រើនម៉ោងពេក ហើយត្រូវអង្គុយនៅមុខពន្លឺអេក្រង់យូរៗ មិនត្រឹមប៉ះពាល់ភ្នែកប៉ុណ្ណោះទេ វាអាចធ្វើឲ្យប៉ះពាល់ដល់ Hippocampus ដែលជាផ្នែកមួយនៃការចងចាំរបស់ខួរក្បាល ។ ការគេងមិនគ្រប់ ឬ កង្វះដំណេកញឹកញាប់ នឹងធ្វើឲ្យសុខភាពអ្នកធ្លាក់ចុះ ទាំងខួរក្បាល និងរាងកាយ នឹងឈានទៅមានជំងឺដេកមិនលក់រុំារ៉ៃ ។

៤. ជំងឺលើសឈាម ឬជំងឺលើសសម្ពាធឈាម ៖ ច្រើនកើតចំពោះអ្នកដែលមិនហាត់ប្រាណ និងគិតស្មុគស្មាញច្រើន បញ្ចេញញើសតិច ឬ ខ្វះចលនា ។ ជំងឺនេះ ត្រូវបានគេទទួលស្គាល់ថាជាឃាតករសំងាត់ ដែលអាចសំលាប់មនុស្សបានដោយមិនមានចេញរោគសញ្ញាឲ្យដឹងជាមុន។

៥. ជំងឺទឹកនោមផ្អែម ៖ ច្រើនកើតឡើងចំពោះមនុស្សដែលមានវ័យចាប់ពីអាយុ ៤០ឆ្នាំឡើងទៅ ធាត់ ឬលើសទម្ងន់ ហើយ​ញុំា​ច្រើនតែ​មិនបានបញ្ចេញ​ពលកម្ម និង​មាន​របបអាហារមិនល្អចំពោះសុខភាព ដូចជា ផឹកគ្រឿងស្រវឹងច្រើន ជក់បារី ញុំាប្រៃ ឬ ផ្អែមពេក និងញុំាអាហារជាតិខ្លាំងច្រើន ។

៦. ការគិតចុះខ្សោយ ៖ ធ្វើការច្រើនម៉ោង ខួរក្បាលរបស់អ្នកក៏ត្រូវការគិតតាមពេលវេលាដែលអ្នកធ្វើការដែរ។ ខួរក្បាលរបស់អ្នកក៏ដូចជាម៉ាស៊ីនដែលត្រូវការពេលសម្រាកខ្លះ។ ប្រសិនបើអ្នកប្រើវាលើសកំណត់ វាអាចនឹងមានការប៉ះពាល់ទៅដល់ការគិត និងការចងចាំរបស់អ្នក។

៧. ការឈឺសាច់ដុំ ៖ អង្គុយធ្វើការយូរម៉ោង សាច់ដុំរបស់អ្នកនឹងស្ពឹក ដែលអាចធ្វើឲ្យអ្នកជាប់សរសៃស្មា, ចង្កេះ, ដៃ និងជើងជាដើម។ បញ្ហានៃការឈឺសាច់ដុំ អាចធំ អាចតូច តាមពេលវេលាដែលអ្នកចំណាយទៅលើការធ្វើការងារ។

៨. សុខភាពចុះខ្សោយ ៖ ជាទូទៅពេលរវល់ខ្លាំង នឹងមិនមានពេលរកអាហារល្អៗ មកញុំាដើម្បីទទួលបានជីវជាតិគ្រប់គ្រាន់ ហើយថែមទាំងច្រើនញ៉ាំអាហារដែលមានជាតិខ្លាញ់ច្រើនដូចជា Fast-food រួមទាំងផឹកកាហ្វេ ដែលមានជាតិកាហ្វេអ៊ីន ធ្វើឲ្យអត់ងងុយ ដែលប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរក្នុងរយៈពេលយូរ។

**ដំណោះស្រាយ** ៖ ដើម្បីជៀសវាងជំងឺដែលអាចកើតឡើង បណ្តាលមកពីការវក់ធ្វើការងារខ្លាំង អ្នកគួរ ៖

១. កំណត់ពេលវេលាធ្វើការឲ្យបានត្រឹមត្រូវ ៖ ទោះរវល់ខ្លាំងក៏ត្រូវដកឃ្លាដើម្បីសម្រាកខ្លះ ឧទាហរណ៍ បើការងារអ្នកត្រូវអង្គុយច្រើន គួរងើបឈរកន្លះម៉ោងម្តង ដើរទៅដើរមក ឲ្យបាន ៥ នាទី ឬធ្វើចលនាផ្សេងៗ ដើម្បីសម្រួលសសៃឈាម និងសាច់ដុំ។

២. កំណត់ការងារអាទិភាព ( Effective Task Management) ៖ មើលថារឿងណាសំខាន់ត្រូវធ្វើមុន ព្រោះធ្វើការងារច្របល់ច្រើនមុខក្នុងពេលតែមួយ មានសម្ពាធខ្លាំងហើយ អ្នកមិនអាចទទួលលទ្ធផលល្អបានឡើយ។

៣. កុំភ្លេចហាត់ប្រាណ ៖ ឆ្លៀតពេលមកហាត់ប្រាណឲ្យបាន ទោះរវល់ខ្លាំងក៏ដោយ ដើម្បីសម្រួលដល់សាច់ដុំ និងរាងកាយទាំងមូល ពិសេសការហាត់ប្រាណអាចជួយកាត់ស្រ្តេស បន្ធូរសម្ពាធផ្លូវចិត្តបានថែមទៀត។

**៤. គេងឲ្យបានយ៉ាងហោចណាស់ ៥ ទៅ ៨ម៉ោងក្នុងមួយថ្ងៃ** ៖ ព្រោះពេលអ្នកគេងបានលក់ស្កប់ស្កល់ រាងកាយអ្នកនឹងផលិតអ័រម៉ូនជួសជុល ( Repairing Hormone ) ដែលជួយទៅពង្រឹងប្រព័ន្ធការពាររាងកាយអ្នកឲ្យរឹងមាំ។

៦. ញ៉ាំអាហារ ៣ពេល ព្រឹក ថ្ងៃ ល្ងាច ឲ្យទៀងម៉ោង ៖ គួរញុំាអាហារដែលមានជីវជាតិដូចជា មួយពេល គួរមានបន្លែ ស៊ុប គ្រាប់ធញ្ញជាតិ និងផ្លែឈើ ដើម្បីផ្តល់ជីវជាតិល្អៗ ទ្រទ្រង់រាងកាយ និងផឹកទឹកឲ្យបានច្រើន។

ខំប្រឹងធ្វើការ ជារឿងដែលសំខាន់ក្នុងជីវិត តែប្រសិនបើអ្នកមានលុយចាយគ្រប់គ្រាន់តែមានសុខភាពមិនល្អ ហើយត្រូវចំណាយលុយទៅព្យាបាលជំងឺនោះ វាពិតជាមិនសក្ដិសមទេ។ ដូចនេះ អ្នកគួរចាត់ទុកការថែរក្សាសុខភាពឲ្យល្អជាអាទិភាព មានសុខភាពរឹងមាំល្អ ទើបធ្វើការងារទៅមុខបាន ដូចគេថា «កាន់តែរវល់ កាន់តែត្រូវថែសុខភាព»៕

Manulife Cambodia គាំទ្រការស្រលាញ់សុខភាព

ប្រភពwww.zhl.org.in/blog/effects-of-overworking-physical-mental-health

សុភារម្យ