គម្រោងសាងសង់ទីលានចាក់សំរាមថ្មីក្នុងខេត្តព្រះសីហនុ សម្រេចបាន១០០%ហើយ

  • 2020-08-27 05:43:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការអនុវត្តអនុគម្រោងសាងសង់ទីលានចាក់សំរាមក្នុងខេត្តព្រះសីហនុទាក់ទងនឹងការងារដោះមីន ការងារកាប់ឆ្កា និងសំអាតផ្ទៃដី១៧,៣៣ហិកតាសម្រេចបាន១០០%ហើយ គិតត្រឹមថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០។

នៅទីស្ដីការក្រសួង ឯកឧត្ដម កឹម បូរី អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បាន អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែសីហា បន្តពិនិត្យពិភាក្សាអំពីវឌ្ឍនភាពអនុគម្រោងសាងសង់ទីលានចាក់សំរាមក្នុងខេត្តព្រះសីហនុ ក្នុងក្របខណ្ឌថវិកាជាតិ ដោយមានការចូលរួមពីសមាជិក សមាជិកានៃគណៈកម្មការគ្រប់គ្រងការងារអនុគម្រោងសាងសង់ទីលានចាក់សំរាមរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងក្រុមហ៊ុនសាងសង់ផងដែរ។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងពិនិត្យមើលវឌ្ឍនភាពគម្រោងសាងសង់ទីលានចាក់សំរាមក្នុងខេត្ត ព្រះសីហនុដែលអនុវត្តដោយក្រុមហ៊ុន ហេង សម្បត្តិ អាហរ័ណ នីហរ័ណ ក្នុងទំហំទឹកប្រាក់ចំនួន ៥.៣១៣.៤៦៣ ដុល្លារសហអាមេរិក ជាថវិកាជាតិ មានរយៈពេលសាងសង់១៧ខែ គិតចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ លើផ្ទៃដី១៧,៣៣ហិកតា ក្នុងចំណោមផ្ទៃដីសរុប ៥១ ហិកតាដែលរដ្ឋបាលខេត្តព្រះសីហនុផ្តល់ជូន ឋិតនៅភូមិអូតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងមានចម្ងាយប្រមាណ៣គីឡូម៉ែត្រពីផ្លូវជាតិលេខ៤។

គម្រោងទីលានចាក់សំរាមថ្មីនេះ សាងសង់ឡើងដើម្បីបំពេញតម្រូវការរយៈពេល៥ឆ្នាំដំបូង មានសមត្ថភាពអាចផ្ទុកសំរាមបានចំនួន ៨៨៤,០៨៨ ម៉ែត្រគីប មានរណ្ដៅចំនួនបួន រណ្ដៅនីមួយៗមានទទឹងគិតជាមធ្យម១៣០ ម៉ែត្រ និងបណ្ដោយ១៥០ម៉ែត្រ ជម្រៅចាប់ពី២-៤ម៉ែត្រ មានប្រព័ន្ធរំដោះទឹកភ្លៀងចាប់ពីបាតរណ្ដៅ ប្រព័ន្ធប្រមូលទឹកកខ្វក់ពីរណ្ដៅចាក់សំរាម បំពង់បញ្ចេញឧស្ម័នពុលផងដែរ។

ទីលានចាក់សំរាមថ្មីនេះ គិតត្រឹមថ្ងៃទី២៦ ខែសីហា ការអនុវត្តគម្រោងទាក់ទងនឹងការងារដោះមីន ការងារកាប់ឆ្កា និងសំអាតលើផ្ទៃដី១៧,៣៣ហិកតាសម្រេចបាន១០០%ហើយ។

ឯកឧត្ដមអនុរដ្ឋលេខាធិការបានបន្ថែមថា ការសាងសងទីលានចាក់សំរាមថ្មីនេះនឹងជួយលើកកម្ពស់សមត្ថភាពគ្រប់គ្រងសំរាម និងអនាម័យជូនប្រជាពលរដ្ឋ និងធ្វើឱ្យសុខមាលភាពសាធារណៈ និងបរិស្ថានកាន់តែមានភាពប្រសើរឡើង ឆ្លើយតបទៅនឹងការរីកចម្រើនយ៉ាងឆាប់រហ័ស របស់ខេត្តនេះ។

ជាចុងក្រោយឯកឧត្ដមអនុរដ្ឋលេខាធិការបានថ្លែងអំណរគុណ និងកោតសរសើរដល់គណៈកម្មការគ្រប់គ្រងការងារអនុ គម្រោងសាងសង់ទីលានចាក់សំរាម ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់ និងស្នើឱ្យធ្វើរបាយការណ៍វឌ្ឍនភាពគម្រោងប្រចាំខែឱ្យបានទៀងទាត់ផងដែរ៕

ប្រភព៖ ក្រសួងសាធារណការនិងដឹកជញ្ជូន