ហ៊ុន​ ច័ន្ទរាជ្យ៖​ ជ័យជម្នះ​ សុខ​ ធី ​! ONE​ ល្មម​ដឹង​ពី​សមត្ថភាព​ និង​ជួយ​លើក​ជា​ Super Star​ ខ្មែរ

  • 2020-08-29 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ ហ៊ុន​ ច័ន្ទរាជ្យ​ ម្ចាស់​ក្លឹប​ប្រដាល់​ Cambodian Top Team​ និង​ជា​អ្នក​នាំ​ សុខ​ ធី​ ឲ្យ​មាន​ឈ្មោះ​វ៉ៃ​នៅ​ ONE​ ថា​ជ័យជម្នះ​យប់​មិញ​នេះ​ល្មម​ដឹង​ពី​សមត្ថភាព​របស់​អ្នក​លេង​គុន​ខ្មែរ​រូប​នេះ​ហើយ ​ខាង​អ្នករៀបចំ​កម្មវិធី​គួរ​ជួយ​លើក​ជា​ Super Star​ ខ្មែរ​ម្នាក់។​

រូបភាពលើ Website ONE

លោក​ ហ៊ុន​ ច័ន្ទរាជ្យ​ បាន​ឲ្យ​ដឹង​ថា​ លោក​ពិត​ជា​សប្បាយ​ចិត្ត​ និង​មោទកភាព​ណាស់​សម្រាប់​ជ័យជម្នះ​របស់​ សុខ​ ធី​ ឈ្នះ​ចិន​យប់​មិញ​នេះ​នៅ​សង្វៀន​ ONE។​ ជ័យជម្នះ​នេះ​វា​បាន​លៀង​ជម្រះ​នូវ​ពាក្យ​ថា​ «ទៅ​ចាញ់​ ទៅ​ចាញ់​រហូត​របស់​ សុខ​ ធី​ »​ ប៉ុន្តែ​មែនទែន​ទៅ​ការ​ចាញ់​កន្លង​ទៅ​នោះ​គឺ​ជួប​សុទ្ធតែ​ជា​លំដាប់​ពិភពលោក​ ឬ​កីឡាករ​កំពូលៗ​របស់​ថៃ​ទៅ​ហើយ។​

រូបភាពលើហ្វេសបុក CTT

ម្ចាស់​ក្លឹប​ Cambodian Top Team​ នេះ​ជា​ប្រវត្តិសាស្ត្រ​មួយ​សម្រាប់​ខ្មែរ​លើ​សង្វៀន​ ONE​ ផ្នែក​វិញ្ញាសា​នេះ​ ហើយ​ក៏​សង្ឃឹម​ថា​ សុខ​ ធី​ បន្ត​ខំប្រឹង​ហ្វឹកហាត់​ដើម្បី​នាំ​ជ័យជម្នះ​បន្តបន្ទាប់​ទៀត​ឲ្យកម្ពុជានៅ​ពេល​ខាង​មុខ។​ លោក​ក៏​សង្ឃឹម​ថា​ ONE​ នឹង​មិន​ដាក់​ សុខ​ ធី​ ឲ្យ​ជួប​អ្នក​ល្អ​ហួស​កម្រិត​(ដាក់​ឲ្យ​គេ​ស៊ី)​ទៀត​ទេ​ ខណៈ​ពេល​នេះ​ដឹង​ថា​អ្នក​លេង​គុន​ខ្មែរ​រូប​នេះ​មាន​សមត្ថភាព​ល្អ​ប៉ុណ្ណា​គួរ​ជួយ​លើក​(ដាក់សមត្ថភាពប្រហាក់ប្រហែលគ្នា)ដើម្បី​ជាកីឡាករ​ Super Star មួយ​រូប​តំណាង​កម្ពុជា​ផង​ដែរ​នៅ​ទីនោះ។​

លោក ហ៊ុន ច័ន្ទរាជ្យ និង​ សុខ​ ធី (រូបចាស់)

រំលឹក​ដែរ​ថា​ អ្នក​លេង​គុន​ខ្មែរ​ សុខ​ ធី​ យប់​មិញ​នេះ​បាន​ផ្ដួល​កីឡាករ​ ចិន​ Huang Ding​ ឲ្យ​សន្លប់​ក្នុង​ទឹក​ទី១​ លើ​កម្មវិធី​ប្រដាល់​អន្តរជាតិ​ ONE ​ដែល​បាន​ធ្វើ​ឡើង​នៅ​ប្រទេស​ថៃ។​ នេះ​ជា​ជ័យជម្នះ​លើក​ទី១​ របស់​អ្នក​ប្រដាល់​កម្ពុជា​ សុខ ធី ​ហើយ​បន្ទាប់​ពី​បរាជ័យ​៤ដង​ជាប់​ៗ​គ្នា​នា​ពេល​កន្លង​ទៅ​នៅ​ ONE ៕​

អត្ថបទ៖ នួន ស៊ីណា​