ស្មាតហ្វូនដំបូងក្នុងលោក បង្កប់កាមេរ៉ាក្រោមអេក្រង់ តម្លៃ ៣២២​ដុល្លារ

  • 2020-09-02 01:27:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​​ផលិត​ស្មាតហ្វូន​ជា​ច្រើន​កំពុង​សម្ងំ​អភិវឌ្ឍន៍​បច្ចេកវិទ្យា​កាមេរ៉ា​បង្កប់​ក្រោម​ផ្ទៃ​អេក្រង់ សម្រាប់​ជំនួស​រចនាបថ​ក្បាល​ឆក, រចនាបថ​តំណក់​ទឹក និង​រចនាបថ​ចោះ​រន្ធ​លើ​អេក្រង់​ជា​ដើម។ ពេល​នេះ ZTE បាន​ក្លាយ​ជា​ក្រុមហ៊ុន​ដំបូង​គេ ប្រកាស​ចេញ​ស្មាតហ្វូន​ម៉ូដែល Axon 20 5G ​ដែល​មាន​បង្កប់​កាមេរ៉ា​ក្រោម​អេក្រង់​​ ចេញ​លក់​លើ​ទីផ្សារ​ប្រទេស​ចិន​ក្នុង​តម្លៃ​ចាប់​ពី​ប្រមាណ ៣២២​ដុល្លារ។

​គួរ​ដឹង​ថា​បច្ចេកវិទ្យា​កាមេរ៉ា​បង្កប់​ក្រោម​អេក្រង់​ដែល​មាន​ក្រុមហ៊ុន​មួយ​ចំនួន​ធ្លាប់​បង្ហាញ​ចេញ​កន្លង​មក​ គឺ​មាន​បញ្ហា​ត្រង់​​សមត្ថភាព​ស្រូប​យក​ពន្លឺ​របស់ Sensor ធ្វើ​ឲ្យ​រូបភាព​មិន​មាន​គុណភាព​ល្អ។ បន្ថែម​ពី​នេះ​នៅ​ទីតាំង​ដែល​បង្កប់​កាមេរ៉ា គេ​ឃើញ​មាន​ពន្លឺ និង​ពណ៌​ខុស​ពី​​ផ្ទាំង​អេក្រង់​ទាំង​មូល​ផង​ដែរ។

ក្រុមហ៊ុន ZTE បាន​ដោះ​ស្រាយ​បញ្ហា​ទាំង​នេះ ដោយ​បញ្ហា​ទី​មួយ​ដោះ​ស្រាយ​តាម​រយៈ​ការ​ប្រើ​ប្រាស់​​បន្ទះ​​ពិសេស​ម្យ៉ាង​បំពាក់​លើ​ផ្ទៃ​អេក្រង់ ដែល​អាច​ឲ្យ​ពន្លឺ​ចាំង​ចូល​ Sensor កាមេរ៉ា​បាន​ប្រសើរ​ជាង​មុន។ កាមេរ៉ា​ Selfie ​ទំហំ ៣២MP ​បង្កប់​ក្រោម​អេក្រង់​នៅ​លើ​ស្មាតហ្វូន ZTE Axon 20 5G ក៏​មាន​មក​ជា​មួយ​នូវ​ Sensor ចាប់​យក​ពន្លឺ ដែល​អាច​គ្រប់គ្រង​លើ​ពន្លឺ​ដែល​ត្រូវ​ការ​សម្រាប់​ស្ថានភាព​នីមួយៗ​បាន។

បន្ថែម​ពី​នេះ​ ZTE ក៏​បាន​កែ​សម្រួល​លើ​គ្រាប់​ភីកសែល​នៅ​ជុំវិញ​ឡេន​កាមេរ៉ា ដើម្បី​ឲ្យ​វា​ស៊ី​គ្នា​នឹង​ផ្នែក​ដទៃ​ទៀត​នៃ​អេក្រង់​ផង​ដែរ។ ចុង​ក្រោយ​គឺ​ការ​ប្រើ​ប្រាស់​រូប​មន្ត​គណនា​រូបភាព​ថ្មី ដែល​ជួយ​​បង្កើន​​ភាព​ច្បាស់​នៃ​រូបភាព។

​Axon 20 5G មាន​អេក្រង់​ទំហំ ៦,៩២​អ៊ីញ ជា​ប្រភេទ OLED ដែល​អាច​បង្ហាញ​រូបភាព​បាន​កម្រិត FHD+ និង​មាន​ Refresh Rate 90Hz ហើយ​លើ​អេក្រង់​ក៏​មាន​បង្កប់​ទ្រនាប់​ស្កេន​ម្រាម​ដៃ​ផង​ដែរ។

នៅ​ផ្នែក​ខាង​ក្រោយ​មាន​កាមេរ៉ា​ចំនួន​៤​គ្រាប់ ដែល​កាមេរ៉ា​មេ​មាន​ទំហំ ៦៤MP, កាមេរ៉ា Ultrawide ទំហំ ៨MP និង​ពីរ​ទៀត​ជា​កាមេរ៉ា​វាស់​ជម្រៅ និង​កាមេរ៉ា​ Macro ដែល​មាន​ទំហំ ២MP ដូច​គ្នា។

ស្មាតហ្វូន​នេះ​ដំណើរ​ការ​ដោយ​បន្ទះ​ឈីប​ Snapdragon 765G ​គួប​​ផ្សំ​ជា​មួយ RAM ទំហំ ៦GB ឬ ៨GB និង​អង្គ​ផ្ទុក ១២៨GB ឬ ២៥៦GB។ ថ្ម​មាន​ទំហំ ៤២២០ mAh ដែល​មាន​បច្ចេកវិទ្យា​សាក​ថ្ម​កម្លាំង 30W។

ZTE Axon 20 5G នឹង​មាន​ដាក់​លក់​នៅ​ប្រទេស​ចិន​នា​ថ្ងៃ​ទី​១០ ខែ​កញ្ញា ដោយ​មាន​តម្លៃ​ប្រមាណ ៣២២​ដុល្លារ សម្រាប់ RAM 6GB/ROM 128GB, តម្លៃ​ប្រមាណ ៣៦៦​ដុល្លារ សម្រាប់ RAM 8GB/ROM 128GB និង​តម្លៃ​ប្រមាណ ៤១០​ដុល្លារ សម្រាប់​ RAM 8GB/ROM 256GB។ ចំពោះ​ដំណឹង​នៃ​ការ​ចេញ​លក់​ក្រៅ​ប្រទេស​នៅ​មិន​ទាន់​មាន​ការ​បញ្ជាក់​នៅ​ឡើយ​ទេ៕​​

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី