ឱកាសល្អ! អ្នកពូកែស្រាវជ្រាវ និងមានគំនិតច្នៃប្រឌិតថ្មី អាចដាក់ស្នើសុំមូលនិធិ ពីក្រសួងអប់រំ
- 2020-09-03 09:47:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឱកាសល្អ! អ្នកពូកែស្រាវជ្រាវ និងមានគំនិតច្នៃប្រឌិតថ្មី អាចដាក់ស្នើសុំមូលនិធិ ពីក្រសួងអប់រំ
ចន្លោះមិនឃើញ
ក្រសួងអប់រំ បានផ្ដល់ឱកាសដល់គ្រប់ស្ថាប័ន ឬបុគ្គល ជាពិសេសសិស្ស និស្សិត ដែលចូលចិត្តស្រាវជ្រាវ ពោរពេញដោយគំនិតច្នៃប្រឌិត ពោលបង្កើតនូវអ្វីដែលថ្មីៗ សមសម្របតាមសង្គមបច្ចុប្បន្ន អាចដាក់ពាក្យស្នើសុំមូលនិធិមួយឈ្មោះថា “មូលនិធិស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍ ឆ្នាំ២០២០ នៃក្រសួងអប់រំ យុវជន និងកីឡា”។
ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់ Sabay ថា ការបង្កើតឡើងមូលនិធិស្រាវជ្រាវខាងលើនេះ ក្នុងគោលបំណងលើកកម្ពស់វប្បធម៌ នៃការស្រាវជ្រាវបំផុសគំនិតច្នៃប្រឌិត និងជំរុញការធ្វើនវានុវត្ត ដើម្បីជាប្រយោជន៍ដល់វិស័យអប់រំ ដែលឆ្លើយតបទៅនឹងទីផ្សារពលកម្ម និងសាកលភាវូបនីយកម្ម។
មូលនិធិស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍ ឆ្នាំ២០២០ នៃក្រសួងអប់រំ យុវជន និងកីឡា គឺមានការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅឆ្នាំ២០២០នេះ។ **«ខ្ញុំសូមថ្លែងអំណរគុណដល់ក្រសួងសេដ្ឋកិច្ចដែលបានគាំទ្រថវិកា ដល់មូលនិធិនេះ ដើម្បីលើកកម្ពស់ដល់វប្បធម៌ នៃការស្រាវជ្រាវបំផុសគំនិតច្នៃប្រឌិតនានា ក៏ដូចជាទីផ្សារការងារ»**។ នេះជាការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា។
ផ្អែកតាមសេចក្ដីប្រកាសរបស់ក្រសួងអប់រំយុវជន និងកីឡា កាលពីអំឡុងខែសីហា ២០២០កន្លងទៅនេះ បានឲ្យដឹងថា ស្ថិតក្នុងស្ថានផាពចំពោះមុខ នៃការគ្រប់គ្រងបង្ការ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ ក្រសួងអប់រំ តាមរយៈមូលនិធិស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍ ហៅកាត់ថា មូលនិធិ ស.គ.ន បានបញ្ចូលការកែលម្អក្របខណ្ឌម៉ាក្រូសេដ្ឋកិច្ច ក្នុងបរិការណ៍កូវីដ១៩ ជាកត្តាចម្បងមួយ សម្រាប់រៀបចំកំណត់ប្រធានបទជាអាទិភាព នៃការស្រាវជ្រាវ និងអភិវឌ្ឈន៍ គំនិតច្នៃប្រឌិត និងនវានុវត្តន៍។
ប្រភពដដែលបានសរសេរទៀតថា លទ្ធផលដែលគម្រោងសំណើទាំងឡាយត្រូវសម្រេចឲ្យបាន ដើម្បីដាក់ជូនមកមូលនិធិ គឺត្រូវជាលទ្ធផលរូបីយ៍ ដែលអាចយកទៅប្រើប្រាស់បានភ្លាមៗ អាចដោះស្រាយបញ្ហាដែលកំពុងជួបប្រទះ ផ្សារភ្ជាប់ជាមួយតម្រូវការអភិវឌ្ឍក្នុងវិស័យឧស្សាហកម្ម សម្រាប់បរិបទកម្ពុជា។
នៅឆ្នាំ ២០២០ នេះ មូលនិធិ ស.គ.ន នឹងផ្ដល់ការគាំទ្រជាថវិកាដល់ប្រធានបទ ជាអាទិភាពចំនួន ៣ ដែលមានលក្ខណ្ឌ ថវិកាគ្រោងទុក និងលទ្ធផលរំពឹងទុក ដូចប្រធានបទខាងក្រោម៖
១. ឌីជីថលនីយកម្មសម្រាប់បដិវត្តឧស្សាហកម្ម ៤.០
២. ការស្រាវជ្រាវអនុវត្តលើវិស័យកសិកម្ម
៣. ការស្រាវជ្រាវគរុកោសល្យសតវត្សទី២១
ប្រសិនបើប្រិយមិត្តចាប់អារម្មណ៍លើប្រធានបទខាងលើ ហើយមានបំណងចូលរួមដល់ការលើកកម្ពស់វប្បធម៌ នៃការស្រាវជ្រាវ បំផុសគំនិតច្នៃប្រឌិត និងជំរុញការធ្វើនវានុវត្ត ដើម្បីប្រយោជន៍វិស័យអប់រំ គឺអាចដាក់ពាក្យស្នើសុំមូលនិធិ ស.គ.ន ។
ចង់ដឹងកាន់តែច្បាស់ សូមអានសេចក្ដីប្រកាស ដូចខាងក្រោម៖
ព័ត៌មានបន្ថែមជុំវិញប្រវត្តិ នៃមូលនិធិ ស.គ.ន សូមមើលការណែនាំខាងក្រោមនេះ៖