មាន iPhone 12 មួយប្រភេទប៉ុណ្ណោះមាន 5G ល្បឿនលឿនជាងគេ

  • 2020-09-04 02:00:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ចុះ​ផ្សាយ​របស់​ Fast Company ដែល​ទទួល​បាន​ដំណឹង​ពី​ប្រភព​ក្នុង​ឧស្សាហកម្ម Wireless បាន​ឲ្យ​ដឹង​ថា​មាន​តែ iPhone 12 Pro Max ដែល​មាន​អេក្រង់​ទំហំ ៦,៧អ៊ីញ​ប៉ុណ្ណោះ ដែល​គាំទ្រ​នូវ​បច្ចេកវិទ្យា​ mmWave 5G។ ខណៈ​ដែល iPhone 12 បី​ម៉ូដែល​ទៀត​គាំទ្រ​ត្រឹម​បច្ចេកវិទ្យា sub-6GHz 5G។

រូបភាព Concept

ប្រភព​បាន​ពន្យល់​ថា​ មាន​តែ iPhone 12 Pro Max ប៉ុណ្ណោះ ដែល​មាន​កន្លែង​គ្រប់គ្រាន់​សម្រាប់​ដាក់​គ្រឿង​​បន្លាស់​របស់​បច្ចេកវិទ្យា mmWave 5G ហើយ​វា​ក៏​ជា​ម៉ូដែល​តែ​មួយ​ដែល​​មាន​ថាមពល​ថ្ម​ធំ​​អាច​​ទប់ទល់​នឹង​បច្ចេកវិទ្យា 5G ល្បឿន​លឿន​នេះ​បាន។ ការ​ចុះ​ផ្សាយ​របស់ Fast Company បាន​អះអាង​បន្ថែម​ថា​មាន​តែ iPhone 12 Pro Max ដែល​លក់​នៅ​អាមេរិក កូរ៉េ​ខាង​ត្បូង និង​ជប៉ុន​ប៉ុណ្ណោះ ដែល​នឹង​គាំទ្រ​បច្ចេកវិទ្យា mmWave 5G។

​គួរ​ដឹង​ថា​បច្ចេកវិទ្យា​ mmWave 5G មាន​ល្បឿន​លឿន​ខ្លាំង​បើ​ប្រៀប​នឹង​ sub-6GHz ដោយ​ល្បឿន​របស់​វា​អាច​មាន​លើស​ពី 1Gbps ​ដែល​ធៀប​នឹង​ sub-6GHz 5G មាន​ល្បឿន​ចន្លោះ​ពី ១០០​ ទៅ ១៥០ Mbps ប៉ុណ្ណោះ។ ទោះ​យ៉ាង​ណា​ sub-6GHz 5G មាន​ល្បឿន​លឿន​ជាង​ 4G LTE និង​វាយ​ស្រួល​ដាក់​ពង្រាយ​ជាង​ 4G LTE ផង​ដែរ។

គេ​បាន​រំពឹង​ទុក​​យ៉ាង​មុតមាំ​ថា​​ Apple ​នឹង​ប្រកាស​ចេញ iPhone ថ្មី​ចំនួន​បួន​ម៉ូដែល​នា​ចុង​ឆ្នាំ​នេះ ដែល​មាន​ប្រភេទ​អេក្រង់​ទំហំ ៥,៤អ៊ីញ ​អេក្រង់​ទំហំ ៦,១​អ៊ីញ​មាន​ចំនួន​ពីរ​ប្រភេទ និង​មាន​ប្រភេទ​អេក្រង់​ទំហំ ៦,៧អ៊ីញ​មួយ​ទៀត។ iPhone អេក្រង់ ៥,៤អ៊ីញ និង​អេក្រង់ ៦,១​អ៊ីញ​ចំនួន​មួយ អាច​មាន​ឈ្មោះ​ថា iPhone 12 និង iPhone 12 Max ហើយ​ពីរ​ទៀត​មាន​ឈ្មោះ​ថា iPhone 12 Pro និង iPhone 12 Pro Max៕

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ សុខហេង