បទ​ចម្រៀង​បុណ្យ​ភ្ជុំ​របស់​ផលិតកម្ម​ខ្នាត​យក្ស​៤ កំពុង​អង្រួន​បេះដូង​អ្នកស្ដាប់

  • 2020-09-07 03:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតកម្ម​ធំៗ​ចំនួន​៤​នៅ​កម្ពុជា បាន​ចេញ​បទ​ចម្រៀង​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​ប្រដេញ​គ្នា ដើម្បី​អបអរ​សាទរ​ក្នុង​ឱកាស​បុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ឆ្នាំ​២០២០ ដែល​មាន​អ្នក​ទស្សនា និង​គាំទ្រ​រាប់​សែន​នាក់។

ផលិតកម្ម​ទាំង​នោះ​រួម​មាន ផលិតកម្ម​រស្មី​ហង្ស​មាស ផលិតកម្ម​ហ្គាឡាក់​ស៊ី ផលិតកម្ម​សាន់ដេ និង​ផលិតកម្ម​ថោន។ ផលិតកម្ម​ទាំង​អស់​សុទ្ធ​តែ​បាន​ចេញ​បទ​ទាក់ទង​នឹង​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ដែល​មាន​ទំនុក​ច្រៀង​ថ្មី និង​បទ​ភ្លេង​ថ្មី​ស្ដាប់​ទៅ​ពីរោះ​ប្លែក។

ផលិតកម្ម​ខ្នាត​យក្ស​ទាំង​៤ បាន​ចេញ​បទ​ចម្រៀង​ថ្មីៗ និង​ពីរោះៗ​ជា​ច្រើន​បទ​ផ្សេង​ទៀត​តាំង​ពី​ថ្ងៃ​បិណ្ឌទី១ នៃ​ពិធី​បុណ្យ​កាន់​បិណ្ឌ និង​ភ្ជុំបិណ្ឌ។ ប៉ុន្ដែ Sabay សូម​លើក​យក​ផលិតកម្ម​មួយ​មាន​បទ​មួយ​ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​ជាង​គេ​មក​ចែក​ជូន​ប្រិយមិត្ត។

ផលិតកម្ម​រស្មី​ហង្ស មាស បាន​ចេញ​បទ​ដែល​មាន​ចំណង​ជើង​ថា"ជូន​ម៉ែ​១​លាន​ខែ​ភ្ជុំ" ច្រៀង​ដោយ​លោក ខេមរៈ សិរីមន្ដ។ និពន្ធ​ទំនុក​ច្រៀង និង​សម្រួល​តន្ដ្រី​ដោយ ឈិត តេងរិទ្ធ។ បទ​នេះ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​យូធូប​កាល​ពី​ថ្ងៃ​ទី៣ ខែ​កញ្ញា ហើយ​គិត​មក​ដល់​ថ្ងៃ​នេះ​មាន​អ្នក​ទស្សនា​ជិត​១​លាន​ដង(៩៤៤,៤៨៤)។

ងាក​ទៅ​ផលិតកម្ម​ហ្គាឡាក់​ស៊ី​វិញ។ ផលិតកម្ម​នេះ​បាន​ចេញ​បទ​ដែល​មាន​ចំណង​ជើង​ថា "ខែ​ភ្ជុំ​ជ្រូក​យំ​ពេញ​ទ្រុង" ច្រៀង​ដោយ​លោក ព្រាប សុវត្ថិ។ បទ​នេះ​ត្រូវ​បាន​និពន្ធ​ទំនុក​ច្រៀង និង​ Melody ដោយ​លោក យឹម តា​ស្រង់។ បទ​នេះ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​យូធូប​កាល​ពី​ថ្ងៃ​ទី​៦ ខែ​កញ្ញា​ម្សិលមិញ ហើយ​បើ​គិត​មក​ដល់​ថ្ងៃ​នេះ​មាន​អ្នក​ចូល​ទស្សនា​ជាង​៤​សែន​ដង(៤១៤,៤២៩)។

ផលិតកម្ម​សាន់​ដេ បាន​ចេញ​បទ​ដែល​មាន​ចំណង​ជើង​ថា"ស្រណោះ​បិណ្ឌ​ភ្ជុំ" ច្រៀង​ដោយ អនុស្សាវរីយ៍ ។ ទំនុក​ច្រៀង​ដោយ សុន រដ្ឋា។ បទ​នេះ បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​យូធូប​កាល​ពី​ថ្ងៃ​ទី៥ ខែ​កញ្ញា ឆ្នាំ​២០២០ ហើយ​បើ​គិត​ដល់​ព្រឹក​នេះ​មាន​អ្នក​ទស្សនា​ជាង​៣​សែន​៥​ម៉ឺន​ដង(៣៥០,២៧៦)។

រីឯ​ផលិតកម្មថោន​វិញ បាន​ចេញ​បទ​មួយ​ដែល​មាន​ចំណង​ជើង​ថា"ក្រមុំ​រើស​ខ្យង” ច្រៀង​ដោយ ពេជ្រ ថាណា។ និពន្ធ​ទំនុក​ច្រៀង និង​Melody ដោយ​រ័ត្ន តាម៉ូ បទ​នេះ​ត្រូវ​បាន​ផលិតកម្ម​បង្ហោះ​នៅ​យូធូប​កាល​ពី​ថ្ងៃទី៣ ខែ​កញ្ញា ហើយ​បើ​គិត​មក​ដល់​ព្រឹក​ថ្ងៃទី៧ នេះ​មាន​ចំនួន​អ្នក​ទស្សនា​ជាង​៤​សែន​៥​ម៉ឺន​ដង(៤៥៦,៤៥០)៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ