តម្លៃអត់ដល់ ៣០០ដុល្លារ ប៉ុន្តែ POCO X3 NFC មានចំណុចខ្លាំងច្រើនសន្ធឹក
- 2020-09-08 01:52:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តម្លៃអត់ដល់ ៣០០ដុល្លារ ប៉ុន្តែ POCO X3 NFC មានចំណុចខ្លាំងច្រើនសន្ធឹក
ចន្លោះមិនឃើញ
POCO X3 NFC បានបង្ហាញវត្តមានជាផ្លូវការ ជាមួយបន្ទះឈីប Snapdragon 732G ដែល Qualcomm ទើបប្រកាសចេញកាលពីថ្មីៗនេះ ដែលក្រុមហ៊ុនបានអះអាងថាជាបន្ទះឈីប Snapdragon 700 Series ប្រភេទ 4G មានថាមពលខ្លាំងជាងគេបំផុត។
ស្មាតហ្វូននេះមានបំពាក់អេក្រង់ទំហំធំ ៦,៦៧អ៊ីញ ប្រភេទ LCD ដែលអាចបង្ហាញរូបភាពបានកម្រិត FHD+ និងមាន Refresh Rate 120Hz ហើយមាន Touch Sampling Rate 240Hz សម្រាប់ការលេងហ្គេមបានយ៉ាងរលូន។ កាមេរ៉ា Selfie ដែលមានស្ទីលចោះរន្ធលើអេក្រង់មានទំហំ ២០MP មាន Aperture f/2.2 បានប្រើបច្ចេកវិទ្យា Pixel-Binning សម្រាប់ថតរូបកាន់តែស្អាត។
កាមេរ៉ាខាងក្រោយគឺជាចំណុចទាក់ទាញដ៏សំខាន់មួយសម្រាប់ POCO X3 NFC នេះ ដោយវាមានកាមេរ៉ាមេទំហំ ៦៤MP ជា Sensor Sony IMX682 មាន Aperture f/1.73 និងជាប្រភេទឡេន 6P។ វាក៏មានអមដោយកាមេរ៉ា Ultrawide ទំហំ ១៣MP មាន Aperture f/2.2 អាចថតរូបភាពកម្រិត ១១៩ដឺក្រេ។
កាមេរ៉ាពីរគ្រាប់ទៀតមានទំហំ ២MP មួយសម្រាប់ថតកៀកនឹង Object និងមួយទៀតសម្រាប់វាស់ជម្រៅរូបភាពជំនួយដល់ការថត Portrait។ POCO បាននាំមកនូវមុខងារ AI មួយចំនួនដូចជា Skyscaping 3.0, មុខងារ Night Mode និងមុខងារ ShootSteady Video ដើម្បីទប់លំនឹងពេលថតវីដេអូ។
ចំណុចគួរចាប់អារម្មណ៍ដទៃទៀតគឺការបំពាក់ថ្មទំហំ ៥១៦០mAh ដែលអាចសាកថ្មល្បឿន ៣៣វ៉ាត់ ហើយក្នុងប្រអប់មានដុំសាកកម្លាំង ៣៣វ៉ាត់មកជាមួយផងដែរ។ វាមានប្រើប្រាស់រន្ធ USB-C នៅផ្នែកខាងក្រោយ ហើយមានរន្ធកាស 3.5mm នៅក្បែរនោះ ហើយមាននូវរន្ធបំពងសំឡេងប្រភេទ Stereo ទៀតផង។
ក្រៅពីមានបំពាក់មុខងារ NFC ដូចដែលបញ្ជាក់លើឈ្មោះ វាក៏មានប្រព័ន្ធតភ្ជាប់ដទៃដូចជា Wi-Fi a/b/g/n/ac, Bluetooth 5.1 និងជើងដាក់ស៊ីមបានពីរផងដែរ។ ជើងស៊ីមទីពីរជាប្រភេទ Hybrid ដែលអាចដាក់ស៊ីមបាន ហើយក៏អាចដាក់មេមូរីកាតបានផងដែរ បានទំហំដល់ ២៥៦GB។ ស្មាតហ្វូននេះមានសមត្ថភាពការពារទឹកនិងធូលីកម្រិត IP53 ហើយកញ្ចក់ខាងមុខការពារដោយ Gorilla Glass 5 ខណៈផ្នែកខាងក្រោយមានប្រើវត្ថុធាតុប្រភេទបូលីកាបូណាត។
POCO X3 NFC នឹងមានលក់ជាពីរប្រភេទ ដែលមាន RAM 6GB/ROM 64GB និង RAM 6GB/ROM 128GB ដោយមានតម្លៃប្រមាណ ២៧០ដុល្លារ និងប្រមាណ ៣១៧ដុល្លារ ជាតម្លៃលើទីផ្សារអឺរ៉ុប ចាប់លក់ពីថ្ងៃទី៨ ខែកញ្ញានេះ៕