សួន ​ចាន់ណារ៉ូ ទម្លាយ​ថា ធ្លាប់​​​មាន​កីឡាករ​ថៃ​​ម្នាក់​សួរ​​ ហេតុ​អ្វី​នៅ​​ខ្មែរ​លេង​បាល់​ជាប់​ដៃ ?

  • 2020-09-10 08:04:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លើក​បាល់​​លំដាប់​ទី​១​របស់​កម្ពុជា សួន ចាន់​ណារ៉ូ ​ទម្លាយ​ថា ​ខ្លួន​​ធ្លាប់​ត្រូវ​បាន​កីឡាករ​ថៃ​សួរ​​« ហេតុ​អី​ខ្មែរ​លេង​បាល់​ជាប់​ៗ​ដៃ ?» ដែល​​សំនួរ​នេះ​​ហាក់​មាន​អារម្មណ៍​រអៀស​ខ្លួន ​ក្នុង​ការ​ឆ្លើយ​​​កាល​ដែល​រូប​គេ​បាន​ចេញ​ទៅ​​ប្រកួត​​ព្រឹត្តិការណ៍​មួយ​នៅ​ប្រទេស​ថៃ​កាល​ពី​ពេល​កន្លង​​មក​។

សួន ចាន់ណារ៉ូ (រូបថត ៖ Facebook ណារ៉ូ )

អ្នក​លើក​បាល់​ដែល​ចូល​ហាត់ក្បែរ​ ១០ ឆ្នាំ​រូប​នេះ​បាន​ឆ្លើយ​ ​ទៅ​កាន់​សំនួរ​ខាង​លើ​ថា «​បាទ​បង​​!​ ​អ្នក​ដែល​លេង​ជាប់​ៗ​ដៃ​ ចឹង​មាន​ភាគ​តិច​បំផុត​នៅ​ខ្មែរ​បង​»។ សំនួរ​នេះ​បាន​ធ្វើ​ឲ្យ​ សួន ចាន់ណារ៉ូ​​ មាន​អារម្មណ៍​ថា រអៀស​ខ្លួន​ក្នុង​នាម​ជា​ខ្មែរ​ដូច​គ្នា។

​មែន​ទែន​ទៅ​សកម្មភាព​ប៉ះ​សេ ឬ លើក​បាល់ ជាប់​ៗ​ដៃ​ ​និង​បាល់​បោក​ជា​ដើម ត្រូវ​បាន​គេ​មើល​ឃើញ​ថា ច្រើន​​តែ​កើត​ឡើង​​​នៅ​តាម​តារាង​បាល់ទះ​​ស៊ី​លុយ​នានា​ ក្នុង​ប្រទេស​កម្ពុជា​។

​ណារ៉ូ បញ្ជាក់​បន្ថែម​ថា ជា​រឿង​មិន​គួរ​បន្ត​ធ្វើ​ ( លេង​បាល់​ជាប់​ដៃ) បើ​ទោះ​ចេះ​លេង​ឬ​មិន​ចេះ​គួរតែ​កែ​តម្រូវ​​ ពី​ព្រោះ​វា​មាន​ផល​ប៉ះ​ពាល់​ក្មេង​ៗ ងាយ​យក​តម្រាប់​តាម។ នៅ​តាម​ប្រទេស​ជិត​ខាង​មិន​ថា ​ការ​ប្រកួត​ផ្លូវ​ការ​ ឬ​មិន​ផ្លូវ​ការ​ មិន​លេង​ជាប់​ដៃ​​ដូច្នេះ​​ឡើយ​ ​ពោល​គឺ​អាក្រក់​មើល​ខ្លាំង​មែន​ទែន។

​​​​​ជា​ការ​សំណូមពរ​ អ្នក​​បញ្ជូន​បាល់​រូប​នេះ​យល់​ឃើញ​ថា ​អ្នក​លេង​បាល់​​​​ទះ​ទាំង​អស់​គួរតែ​ចាប់​ផ្ដើម​កាត់​បន្ថែម ឬ​បើ​អាច​កំណត់​គ្នា​មុន​ការ​ប្រកួត​ ដោយ​ហាម បោក ឬ ចាប់​ស្អិត បែប​នេះ។ សួន ចាន់ណារ៉ូ ​ជា​អ្នក​​លើក​បាល់ ឬ​បញ្ជូន​បាល់​លំដាប់​​ទី​១ ​ជម្រើស​ជាតិ​កម្ពុជា ដែល​មាន​កម្ពស់ ១,៩៣ ម៉ែត្រ ហើយ​មាន​បទ​ពិសោធ​​ជិត ១០ ឆ្នាំ​ក្នុង​ជំនាញ​​លើក​បាល់ ឬ​បញ្ជូន​បាល់៕ ​

- ចង់​ដឹង​ថា ការ​លើក​បាល់​នោះអាក្រក់មើលប៉ុណ្ណា សូមទស្សនា​វីដេអូខាង​ក្រោម៖

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​