ទីបំផុតរកឃើញក្រុមខ្លាំង ដែលមានគំនិតធ្វើអាជីវកម្មល្អបំផុត ត្រៀមចូលរួមប្រកួត នៅក្នុងកម្មវិធីលំដាប់សាកល នៅប្រទេសស្វ៊ីស

  • 2020-09-15 09:15:03
  • ចំនួនមតិ 14 | ចំនួនចែករំលែក 23

ចន្លោះមិនឃើញ

ការធ្វើបទបង្ហាញពីគំនិតអាជីវកម្មដែលបង្កប់ទៅដោយចក្ខុវិស័យវែងឆ្ងាយរបស់ក្រុមយុវជនកម្ពុជាចំនួនបួនក្រុម បានបញ្ចប់ទៅដោយរលូននៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ក្រោមការរៀបចំរបស់ក្រុមហ៊ុន JTI Cambodia។ បន្ទាប់ពីគណៈកម្មការវិនិច្ឆ័យបានពិភាក្សាយ៉ាងល្អិតល្អន់ ពួកគេបានជ្រើសរើសក្រុម THE DYAD ដើម្បីតំណាងយុវជនប្រទេសកម្ពុជា ទៅប្រកួតប្រជែងថ្នាក់សាកល ដែលនឹងរៀបចំឡើងនៅទីក្រុងហ្យឺណែវ នៃប្រទេសស្វ៊ីស នាពេលដ៏ខ្លីខាងមុខ។

កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ ក្រុមហ៊ុន JTI Cambodia បានរៀបចំកម្មវិធី ប្រកួតប្រជែងមួយ ដែលមានឈ្មោះថា “ Make It Bright ” ដើម្បីជ្រើសរើសក្រុម ដែលមានគំនិតច្នៃប្រឌិត ក្នុងការធ្វើអាជីវកម្មល្អបំផុត សម្រាប់តំណាងប្រទេសកម្ពុជា ទៅប្រកួតជាមួយបេក្ខជនដ៏ទៃទៀត មកពី៣៣ប្រទេសជុំវិញពិភពលោក។

ព្រឹត្តិការណ៍ នៃការបង្ហាញគំនិត ដែលពោរពេញទៅដោយភាពច្នៃប្រឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់បេក្ខជនទាំងបួនក្រុម បានធ្វើឱ្យគណៈកម្មការវិនិច្ឆ័យពិបាកសម្រេចចិត្តក្នុងការជ្រើសរើសយកតែមួយក្រុម ដោយហេតុតែគំនិតអាជីវកម្មរបស់ពួកគេ សុទ្ធបង្កប់នូវលទ្ធភាពជាប្រយោជន៍វិជ្ជមានដល់សង្គម និងវិវឌ្ឍនភាពរបស់ក្រុមហ៊ុន។

តែទោះជាយ៉ាងណា នៅចុងបញ្ចប់នៃកម្មវិធី គណៈកម្មការបានសម្រេចចិត្តជ្រើសរើសយកក្រុម THE DYAD ដែលបានលើកយកគម្រោងអាជីវកម្ម ប្រអប់ដាំដំណាំលើទឹក ដោយប្រើកាកសំណល់កន្ទុយបារី។ គំនិតអាជីវកម្ម បង្ហាញអំពីការគិតគូរនៃបញ្ហាបរិស្ថាន ដោយច្នៃឡើងវិញនូវកន្ទុយបារីដែលបានត្រូវគេបោះចោលពាសវាលពាសកាល ដើម្បីធ្វើជាសារធាតុដែលផ្តល់ជីវជាតិដល់ដំណាំបាន។

លោក Roy Manalili អគ្គនាយកក្រុមហ៊ុន JTI (កម្ពុជា) បានពន្យល់ពីលក្ខណៈពិសេសរបស់ក្រុមដែលទទួលជ័យលាភីថា៖ “គណៈកម្មការវិនិច្ឆ័យពិតជាស្ងើចសរសើរនឹងគំនិតអាជីវកម្មរបស់ក្រុមនីមួយៗ ដោយសារតែគំនិតទាំងនោះអាចនាំមកនូវការរីកចម្រើនដល់ក្រុមហ៊ុន និងសង្គមទាំងមូល។ តែក្នុងចំណោមក្រុមទាំងអស់ យើងយល់ឃើញថាគំនិតអាជីវកម្មរបស់ក្រុម THE DYAD មិនត្រឹមតែនាំមកនូវការរីកចម្រើនសម្រាប់ក្រុមហ៊ុនតែប៉ុណ្ណោះទេ តែវាថែមទាំងបានគិតគូរជាពិសេសដល់បញ្ហាបរិស្ថានដែលជាកង្វល់របស់ពិភពលោកនាពេលបច្ចុប្បន្ន។ ហើយគំនិតអាជីវមួយនេះពិតជាអាចចូលរួមចំណែកយ៉ាងធំសម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពផងដែរ។”

លោក Roy Manalili បានបញ្ជាក់ពីគោលបំណងនៃកម្មវិធី ប្រកួតប្រជែងលំដាប់សកល របស់ក្រុមហ៊ុន JTI Cambodia ម្តងទៀតថា JTI បង្កើតវាឡើងដើម្បីផ្តល់ឱកាស ដល់និស្សិតនូវបទពិសោធន៌ជីវិតថ្មី សម្រាប់ការកសាងអាជីព និងផ្តល់ឱកាសការងារដល់យុវជន ជាមួយក្រុមហ៊ុនស្តង់ដាអន្តរជាតិ ដែលមានទីតាំងនៅតាមបណ្តាប្រទេស ជាច្រើនពាសពេញពិភពលោក។

បន្ទាប់ពីបានទទួលជ័យលាភី ក្រុម THE DYAD បានសំដែងនូវក្តីរីករាយចំពោះការសម្រេចចិត្តរបស់គណៈកម្មការ។ ពួកគេបានប្រាប់ Sabay ថា៖ “មូលហេតុដែលពួកយើងលើកយកប្រធានបទនេះ ដោយសារពួកយើងជាអ្នកដែលស្រលាញ់បរិស្ថាន និងចង់ចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាដែលកំពុងតែកើតមាន។ យើងក៏តែងតែសង្កេតឃើញថា មនុស្សតែងបោះចោលកន្ទុយបារីពាសវាលពាសកាល។”

THE DYAD បានពន្យល់បន្ថែមថា៖ “បន្ទាប់ពីការស្រាវជ្រាវអស់រយៈពេលយ៉ាងយូរ និងការសាកល្បងជាច្រើនដង យើងដឹងថាការច្នៃកន្ទុយបារីពិតជាអាចផ្តល់សារធាតុចិញ្ចឹមយ៉ាងច្រើនដល់ការដាំដំណាំផ្សេងៗ។ យើងពិតជាសង្ឃឹមថា គម្រោងអាជីវកម្មរបស់ពួកគេអាចអនុវត្តបានទូលំទូលាយ ដើម្បីជាផលប្រយោជន៍របស់បរិស្ថានយើងទាំងអស់គ្នា។”

បើទោះជាមិនបានជ្រើសរើសទៅកាន់វគ្គផ្តាច់ព្រ័ត្រ បេក្ខជនទាំងបីក្រុមទៀត បានទទួលនូវរង្វាន់លើកទឹកចិត្តជាច្រើនដូចជា៖ អាហារូបករណ៍ ដែលមានតម្លៃស្មើ៥០០ ដុល្លារ ពីសាកលវិទ្យាល័យ Harvard និង សាកលវិទ្យាល័យ NBI ដែលជាសាកលវិទ្យាល័យដៃគូរបស់JTI ហើយទទួលបាន Kindle ម្នាក់មួយគ្រឿងផងដែរ។

JTI (Japan Tobacco International) ជាក្រុមហ៊ុន ថ្នាំជក់ជប៉ុនអន្តរជាតិ ដែលបានទទួលពានរង្វាន់ និយោជកឆ្នើមលំដាប់ពិភពលោក ចំនួនប្រាំមួយឆ្នាំជាប់ៗគ្នា៕

អត្ថបទ ៖ Art