កម្មវិធីបំបោលក្របី សេះ នៅវិហារសួគ៌ភ្ជុំឆ្នាំនេះត្រូវបានលុបចោលដោយមូលហេតុធំមួយ

  • 2020-09-15 03:43:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការបំបោលក្របី សេះ ដែលពិធីបុណ្យប្រពៃណីរបស់អ្នកឃុំវិហារសួគ៌ដែលតែងតែប្រារព្វជារៀងរាល់ឆ្នាំចំថ្ងៃភ្ជុំបិណ្ឌនៅក្នុងបរិវេណវត្តព្រះវិហារសួគ៌ឆ្នាំនេះ ត្រូវបានលុបចោលដោយសារចូលរួមប្រយុទ្ធប្រឆាំង និងការពារជំងឺកូវីដ-១៩។ នេះជាការលើកឡើងរបស់លោក ម៉េង ឈាងហេង មេឃុំវិហារសួគ៌ ប្រាប់ឲ្យដឹងតាមទូរសព្ទនាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០នេះ។

កម្មវិធីបំបោលក្របី សេះ នៅវត្តព្រះវិហារសួគ៌កាលពីឆ្នាំ២០១៩

លោក ម៉េង ឈាងហេង មេឃុំវិហារសួគ៌បានបញ្ជាក់បន្ថែមថា **«គ្មានមូលហេតុអ្វីក្រៅពីបញ្ហាកូវីដ-១៩ នេះទេ ដែលធ្វើឲ្យកម្មវិធីការប្រណាំងក្របី សេះ ដែលជាពិធីបុណ្យប្រពៃណីរបស់អ្នកឃុំវិហារសួគ៌ត្រូវបានលុបចោលនោះ យើងធ្វើបែបនេះគឺដើម្បីរក្សាគម្លាតសុវត្ថិភាព និងបង្ការជំងឺកូវីដ-១៩កុំឲ្យកើតមានរីករាលដាលបន្តទៀត»**។

ការបំបោលក្របី-សេះ នេះគឺធ្វើឡើងដើម្បីថ្វាយដល់ព្រះអង្គប្រចាំវត្តព្រះវិហារសួគ៌ បើតាមដឹងព្រះចៅអធិការវត្តព្រះវិហារព្រះអង្គនឹងរៀបចំកម្មវិធីឧបកិច្ចតិចតួចសម្រាប់ថ្វាយព្រះអង្គ និងទសបារមីប្រចាំទីនេះ អាចមានក្របី ១គូ ឬ២គូ មកសម្តែងបង្គ្រប់កិច្ចតែប៉ុណ្ណោះ។ លោកមេឃុំបន្ថែម។

កម្មវិធីបំបោលក្របី សេះ នៅវត្តព្រះវិហារសួគ៌កាលពីឆ្នាំ២០១៩

បើតាមទំនៀមទម្លាប់របស់អ្នកឃុំវិហារសួគ៌នេះ រៀងរាល់ឆ្នាំឲ្យតែនៅថ្ងៃទី១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃភ្ជុំបិណ្ឌ អ្នកឃុំនេះតែងតែរៀបចំកម្មវិធីបំបោលក្របី សេះ បោកចំបាប់ គុណដំបង រាល់ឆ្នាំ ក្នុងគោលបំណងដើម្បី រំលឹក និងអភិរក្ស ថែរក្សាប្រពៃណីទំនៀមទម្លាប់របស់ដូនតា សុំឱ្យម្ចាស់ទឹកម្ចាស់ដីជួយថែរក្សាប្រជាជន និងសត្វពាហន:ទាំងឡាយក្នុងភូមិជៀសផុតពីជំងឺ និងគ្រោះចង្រៃនានា និងធ្វើឲ្យមានភាពសប្បាយរីករាយជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងភូមិ និងភ្ញៀវទេចរជាតិអន្តរជាតិដែលមានទស្សនាក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌ។

គួរបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកមានជំងឺកូវីដ១៩ ចំនួនសរុប ២៧៥នាក់ (ស្រី ៥៤នាក់ និងបុរស ២២១នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២៧៤នាក់ (ស្រី៥៤នាក់ និងបុរស ២២០នាក់) និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញចំនួន ០១នាក់៕

ខាងក្រោមនេះជារូបសកម្មភាពកម្មវិធីបំបោលក្របី សេះ នៅវត្តព្រះវិហារសួគ៌កាលពីឆ្នាំ២០១៩៖

អត្ថបទ៖ លន ហ្សាឌីណា

អត្ថបទពេញនិយម