iPhone 12 ប្រើ 5G ពីរប្រភេទ ហើយនេះចំណុចខុសគ្នារបស់ពួកវា
- 2020-09-18 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
iPhone 12 ប្រើ 5G ពីរប្រភេទ ហើយនេះចំណុចខុសគ្នារបស់ពួកវា
ចន្លោះមិនឃើញ
iPhone 12 ដែលរំពឹងថាមានចំនួន ៤ម៉ូដែលនាឆ្នាំនេះ នឹងមានបំពាក់ដោយ Modem របស់ Qualcomm ដែលគាំទ្រនូវបច្ចេកវិទ្យា 5G ប៉ុន្តែមានដំណឹងលេចឮថា 5G លើ iPhone ស៊េរីថ្មី មិនដូចគ្នាទាំងអស់នោះទេ។ មានប្រភេទថ្លៃជាងគេគាំទ្រនូវ mmWave 5G ល្បឿនលឿន ចំណែកប្រភេទផ្សេងទៀតមានត្រឹម sub-6GHz 5G ដែលមានល្បឿនយឺតជាង។
mmWave សម្ដៅលើរលកវិទ្យុដែលមានកម្រិតហ្វ្រេកង់ខ្ពស់មានចន្លោះពី 24GHz ដល់ 40GHz ចំណែកឯ sub-6GHz វិញគឺសម្ដៅលើរលកវិទ្យុដែលមានកម្រិតហ្វ្រេកង់ក្រោម 6GHz។
mmWave 5G មានល្បឿនលឿនខ្លាំង ប៉ុន្តែវាអាចគ្របដណ្ដប់ក្នុងចម្ងាយខ្លីបំផុត។ ដើម្បីប្រើប្រាស់បច្ចេកវិទ្យានេះអ្នកត្រូវស្ថិតនៅក្បែរនឹងបង្គោលអង់តែន 5G ដែលជាបញ្ហាមួយសម្រាប់តំបន់ជាយក្រុង និងតំបន់ជនបទ។ mmWave នេះដែរអាចត្រូវបាំងដោយសារទ្វា បង្អួច ដើមឈើ និងជញ្ជាំង ដែលធ្វើឲ្យចម្ងាយគ្របដណ្ដប់របស់វាកាន់តែខ្លី ហើយដោយតែត្រូវការបង្គោលច្រើនឲ្យសេវាគ្របដណ្ដប់បានល្អ ដូចនេះវាត្រូវចំណាយប្រាក់ច្រើនក្នុងការពង្រាយ។ បច្ចេកវិទ្យា mmWave នេះសមរម្យសម្រាប់តែការប្រើប្រាស់ក្នុងតំបន់ប្រជុំជន នៅទីក្រុង ឬតំបន់ជាក់លាក់ណាមួយដូចជានៅព្រលានយន្តហោះ ឬទីតាំងប្រគំតន្រ្តីជាដើម។
ចំណែក sub-6GHz 5G វិញគឺមានល្បឿនលឿនជាង 4G មានលក្ខណៈស្រដៀង 4G ប៉ុន្តែមិនអាចផ្ដល់ល្បឿនលឿនដូចព្យុះបានដូចជា mmWave នោះទេ។ បច្ចេកវិទ្យានេះអាចគ្របដណ្ដប់បានចម្ងាយឆ្ងាយ និងមិនមានវត្ថុណាអាចបាំងសេវារបស់បានឡើយ ហេតុនេះការដាក់ពង្រាយវាចំណាយតិចជាង mmWave។ បច្ចេកវិទ្យា sub-6GHz 5G នេះមានល្បឿនយឺតប្រសិនបើមានឧបករណ៍ច្រើនតភ្ជាប់វា (មិនខុសពី 4G ឡើយ) ខណៈដែល mmWave 5G វិញអាចទ្រាំទ្រការតភ្ជាប់បានច្រើនសន្ធឹកដោយមិនធ្លាក់ល្បឿនឡើយ។
mmWave 5G អាចបញ្ជូនល្បឿនបានលឿនរហូតដល់ 5Gb/s។ ប៉ុន្តែបើតាមការធ្វើតេស្តរបស់ក្រុមការងារ macrumors ជាមួយបច្ចេកវិទ្យា mmWave 5G របស់ Verizon ឃើញថាល្បឿនជាក់ស្ដែងរបស់ mmWave គឺមានខ្ពស់បំផុតត្រឹម 2Gb/s ហើយល្បឿននេះគឺខុសៗពីគ្នាអាស្រ័យលើការនៅជិត ឬឆ្ងាយពីបង្គោល 5G។
ចំណែកឯ sub-6GHz 5G វិញ គឺស្ថិតនៅចន្លោះ mmWave និង 4G។ តាមការធ្វើតេស្តជាមួយ sub-6GHz 5G របស់ T-Mobile ឃើញថាល្បឿនលឿនបំផុតដែលទទួលបានគឺប្រមាណ 200Mb/s៕