របៀបចាយតិចតែបានបុណ្យច្រើន សម្រាប់អ្នកអត់សូវធូរធាក្នុងរដូវភ្ជុំបិណ្ឌនេះ​

  • 2020-09-16 01:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាទូទៅក្នុង​រដូវបុណ្យ​ភ្ជុំបិណ្ឌ​ ពេលដែលអ្នកទៅដល់ទីវត្តអារាម អ្នកប្រាកដជាបានឃើញក្មេងៗ និងចាស់ៗមួយចំនួនដែលកំពុងតែខ្វះខាត អង្គុយរង់ចាំការចែករំលែកទានកុសល ។ ទិដ្ឋភាពទាំងនោះ វាពិតជាពិបាកមើលនឹងភ្នែក ដែលធ្វើឲ្យអ្នកចង់ជូនថវិកាមួយចំនួនទៅកាន់ពួកគេ តែបើសិនជាអ្នកមិនបានគិតគូរត្រៀមទុកជាមុនឲ្យល្អ​ទេ អ្នកអាច​នឹង​ចំណាយអស់ពីខ្លួនមិនខាន។

ការ​ធ្វើបុណ្យតិច ឬ ច្រើនមិនសំខាន់ អ្វីដែលសំខាន់ គឺសន្ធារជ្រះថ្លា មិន​ក្តៅ​ក្រហាយ​ដល់​ខ្លួន​ឯង និងមនុស្ស​ជុំវិញខ្លួន។ ដូច្នេះ ប្រសិនបើអ្នកមានជីវភាពមិនសូវធូរធារ តែមានចិត្តចង់ធ្វើបុណ្យ អ្នកក៏អាចធ្វើ​បាន​តាមវិធី ដូចខាងក្រោម ៖

១. ប្តូរប្រាក់ទៅជាក្រដាសរាយ ៖ ប្រសិនបើអ្នកមានថវិកាស្តួច​ស្តើង តែអ្នកចង់ជួយ​លុយទៅជនក្រីក្រ អ្នកអាចប្តូរប្រាក់ទៅក្រដាស ៥០០រៀល សម្រាប់ក្មេងៗ និងក្រដាស ៥០០០ រៀល សម្រាប់ចាស់ៗ នោះអ្នកនឹងអាចជូនទៅមនុស្សច្រើន ដែលកំពុងខ្វះខាត។ ចំនួនទឹកប្រាក់ដែលអ្នកបានជូនទៅកាន់ពួកគាត់មិនសំខាន់ឡើយ អ្វីដែលសំខាន់នោះអ្នកមានចិត្ត ចង់ជួយសម្រាលជីវភាពពួកគាត់មួយកម្រិត។

២. ជួយរៀបចំចង្ហាន់សម្រាប់ព្រះសង្ឃ ៖ ការធ្វើបុណ្យមិនប្រាកដថាត្រូវចំណាយលុយទេ ការជួយចំណែកក្នុងការរៀបចំចង្ហាន់ឲ្យមានសណ្ដាប់ធ្នាប់ ក៏បានបុណ្យច្រើនដែរ ព្រោះការងារដែលអ្នកបានធ្វើនេះ គឺចេញពីទឺក​ចិត្តអ្នកពិតប្រាកដមែន។

៣. ជួយបោសសម្អាតបរិវេណវត្ត ៖ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះ មានមនុស្សម្នាជាច្រើនទៅវត្តអារាម ព្រមទាំងអ្នកលក់នំចំណីមួយចំនួន ដែល​ជៀសមិនផុតពីអាចមានការបន្សល់ទុកសំរាម ។ ការ​ជួយបោសសម្អាតទីធ្លាវត្ត ក៏ជ​ាទឹកចិត្ត​ បានជួយរំលែកការងាររបស់ព្រះសង្ឃមួយចំណែក ព្រមទាំងទទួលបានបុណ្យផង​ដែរ។

៤. ជួយលាងចាន ៖ បន្ទាប់ពីបានជួយរៀបចង្ហាន់លោក បោសសម្អាតរួចរាល់ហើយ ដល់ពេលដែលអ្នកត្រូវលាងចាន ជាកិច្ចបង្ហើយហើយ។ ទង្វើដែលអ្នកបានចំណាយកម្លាំង ទៅជួយចេញពីចិត្តអ្នក វាអាចធ្វើឲ្យអ្នកបានបុណ្យច្រើនជាង អ្វីដែលបានចំណាយប្រាក់ទ្វេដង។

៥. ជួយ​យកអាសារ​ចាស់​ៗនៅវត្ត​ ៖ ក្នុង​រដូវភ្ជុំ​ មិនអត់ទេ​ចាស់ៗ ទៅវត្ត​ ដែលភាគច្រើនពួកគាត់ត្រូវ​ការ​ជំនួយ ដូចជ​ា ជួយ​ហុចទៀន ធូប អុជធូប ឬ ពិបាក​ដើរជាដើម ។ លើសពីនេះអ្នកក៏អាចជួយ​នាំផ្លូវ ចាស់​ៗ ទៅដាក់បិណ្ឌ ឬ ជួយមើលស្បែក និង​ជួយ​មើលថែរក្សា​រៀបរយផ្សេងៗជាច្រើនទៀតទៅតាមវិន័យ​របស់​វត្ត ដែលអ្នកក្រៅខ្លះអាចមិនដឹង។

លុយកាក់ គឺជាអ្វីដែលអ្នកខំប្រឹងរក និងសន្សំសំចៃ ទាំងយប់ទាំងថ្ងៃ ដើម្បីបានវាដោយនឿយហត់។ ប្រសិនបើអ្នកគិតថាការធ្វើបុណ្យត្រូវតែចំណាយប្រាក់ច្រើនទើបបានបុណ្យនោះ អ្នកប្រាកដជាបោសគូទខោ​ បន្ទាប់ពីត្រលប់មកពីភ្ជុំមិនខាន។ ការធ្វើបុណ្យមិនប្រាកដថាត្រូវចំណាយប្រាក់ច្រើនទើបធ្វើបានទេ ការចូលរួមចំណែកដូចដែលបានរៀបរាប់ខាងលើ អាចនឹងទទួលបានបុណ្យយ៉ាងច្រើន ឲ្យតែអ្នកធ្វើវាចេញ​​ពី​ចិត្តដោយ​ស្មោះ ​៕

Manulife Cambodia គាំទ្រការស្រលាញ់សុខភាព

សុភារម្យ

អត្ថបទថ្មី