ខេម នាំបងប្អូនទៅគោរពផ្នូរឪពុក ហើយបានពោលពាក្យយ៉ាងខ្លោចចិត្ដ

  • 2020-09-15 08:19:31
  • ចំនួនមតិ 2 | ចំនួនចែករំលែក 17

ចន្លោះមិនឃើញ

តារា​ចម្រៀង​សំឡេង​ស្អក ខេម បាន​នាំ​បងប្អូន​ទៅដល់មុខ​ផ្នូរ​ឪពុក​នា​ខេត្ដ​កំពង់​ឆ្នាំង ​ថ្ងៃ​នេះ ដើម្បី​គោរព​បូជា និង​រំលឹក​អនុស្សាវរីយ៍​ទាំង​ឡាយ​របស់​ឪពុក​ជាមួយ​កូនៗ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ និង​កាន់​បិណ្ឌ​ឆ្នាំ​២០២០ នេះ។

នៅ​មុន​នេះ​បន្ដិច​លោក ខេម បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​អម​ជាមួយ​សំណេរ​ដ៏​វែង​រៀបរាប់​ពី​គុណ​ឪពុក​ចំពោះ​កូនៗ​នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា៖"ត្បិតថា​ពុក​ទៅ​ចោល​ពួក​យើង​ច្រើន​ឆ្នាំ​ក៏​ពិតមែន តែ​ពាក្យ​សម្ដី​ប្រៀនប្រដៅ និង​ស្នាម​ញញឹម​របស់​ពុក​នៅ​តែ​ស្ថិតនៅ​ជាមួយ​ពួក​យើង​រាល់​ថ្ងៃ តែ​ស្ដាយ​ណាស់​ដែល​ពុក​មិន​បាន​ឃើញ​កូនៗ​មាន​ឱកាស​ដូច​សព្វថ្ងៃ"។

តារា​ចម្រៀង​ប្រុស​ល្បីឈ្មោះ​ដែល​ទើប​ដើរ​ចេញ​ពី​ផលិតកម្ម​ថោន ទៅ​កាន់​ផលិតកម្ម​ហ្គាឡាក់​ស៊ី​រូប​នេះ បាន​រំលឹក​នូវ​កំហុស​មួយ​របស់​ខ្លួន​កាល​ពី​កុមារភាព​ថា រូប​លោក​បាន​បន្ទោស​ខ្លួន​ឯង​ថា​ហេតុ​អ្វី​បាន​ជា​កើត​មក​ចំ​គ្រួសារ​ក្រ តែ​ពេល​នេះ​ទើប​លោក​ដឹង​ថា​ឪពុក​របស់​លោក គឺ​ជា​មនុស្ស​ប្រុស​អស្ចារ្យ ព្រោះ​កំណើត​ដែល​លោក​ឪពុក​ផ្ដល់​ឲ្យ​កូន​ៗ គឺ​មាន​តម្លៃ​លើស​ទ្រព្យសម្បត្តិ​ទៅ​ទៀត។

នៅ​ចំពោះ​មុខ​ផ្នូរ​របស់​ឪពុក​លោក ខេម បាន​ពោល​ថា កូន​ៗ​សង្ឃឹម​ថា​លោក​ពុក​នឹង​មើល​កូន​ៗ​ពី​ឋានសួគ៌ ហើយ​ញញឹម និង​មើល​ឃើញ​ពី​ភាព​ជោគជ័យ​របស់​កូន​គ្រប់​គ្នា៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ