ឱកាសបុណ្យភ្ជុំបិណ្ឌថ្មីៗនេះ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរប៉ុន្មាននាក់?

  • 2020-09-20 04:34:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទូទាំងខេត្តសៀមរាបទទួលបានភ្ញៀវជាង១២ម៉ឺននាក់ ក្នុងនោះតំបន់អង្គរទទួលបានជាង៦ម៉ឺននាក់ នាឱកាសភ្ជុំបិណ្ឌ៣ថ្ងៃ។ នេះបើយោងតាមផេកផ្លូវការរបស់ក្រសួងទេសចរណ៍បានបង្ហោះ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ២០២០។

ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប លោក ង៉ូវ សេងកាក់ បានឲ្យដឹងថា នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៨ ខែកញ្ញា ខេត្តសៀមរាបទាំងមូលទទួលបានភ្ញៀវទេសចរសរុប ១២២,៣៧០នាក់។

លោក ង៉ូវ សេងកាក់ បានបន្តថា ក្នុងចំណោមភ្ញៀវទេសចរសរុប ដែលចូលទស្សនាកម្សាន្ត នៅទូទាំងខេត្តសៀមរាបនោះ មានភ្ញៀវទេសចរបរទេសចំនួន ១,៣៧០នាក់ ចំណែកឯភ្ញៀវទេសចរខ្មែរមានចំនួនប្រមាណ ១២១,០០០នាក់។

លោកបានបន្ថែមទៀតថា ភ្ញៀវទេសចរ ដែលបានចូលទស្សនាតំបន់អង្គរមានប្រមាណ ៦២,០០០នាក់ និងប្រមាណ ៥៩,០០០នាក់ទៀត ចូលទស្សនាតំបន់រមណីយដ្ឋាន និងសហគមន៍នានាក្នុងខេត្តសៀមរាប ដូចជា ឧទ្យានជាតិភ្នំគូលែន សហគមន៍ព្រៃទឹកជប់ខ្នារពោធិ៍ សហគមន៍កំពង់ភ្លុក សហគមន៍ត្រាវកុដិ សហគមន៍បឹងឈូកបន្ទាយស្រី រមណីយដ្ឋានភូមិវប្បធម៌កម្ពុជា សហគមន៍ទេសចរណ៍បាគងភូមិខ្ញុំជាដើម៕

ប្រភព៖ ក្រសួងទេសចរណ៍