Sony Xperia 5 II ដាក់អេក្រង់ដល់ 120Hz លើសសិស្សច្បង ឯតម្លៃវិញ…

  • 2020-09-21 03:18:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​ដែល Sony ប្រកាស​ចេញ Xperia 5 កាល​ពី​ចុង​ឆ្នាំ ២០១៩ វា​គឺ​ជា​ស្មាតហ្វូន​លំដាប់​ថវិកា​មួយ​ដែល​មាន​រូបរាង​តូច​ ស្ថិត​នៅ​លំដាប់​ថ្នាក់​ក្រោម​ Xperia 1។ ប៉ុន្តែ​ចូល​ដល់​ឆ្នាំ ២០២០ ក្រុមហ៊ុន Sony បាន​បង្កើន​សមត្ថភាព​របស់​ Xperia 5 II អ្នក​ស្នង​តំណែង Xperia 5 ​​និង​បាន​បង្កើន​ល្បាក់​តម្លៃ​ថ្លៃ​​លើស​មុន​ពីរ​ដង​ផង​ដែរ។

​អេក្រង់​របស់​ Xperia 5 II នៅ​តែ​មាន​ទំហំ ៦,១អ៊ីញ ជា​ប្រភេទ OLED ​ដោយ​កម្រិត​បង្ហាញ​រូបភាព​បាន​ធ្លាក់​មក​នៅ​ត្រឹម 1080p+ ​ប៉ុន្តែ​វា​នៅ​តែ​អាច​បង្ហាញ​រូបភាព​ច្បាស់​ល្អ​ដោយ​គាំទ្រ​នូវ​ HDR និង Creator Mode ហើយ​មាន​ Refresh Rate 120Hz ​ខ្លាំង​លើស​ Xperia 1 II។

ស្មាតហ្វូន​នេះ​បំពាក់​ដោយ​បន្ទះ​ឈីប​ Snapdragon 865 ដែល​ផ្គួប​ជា​មួយ​ RAM ទំហំ ៨GB ​មាន​សមត្ថភាព​ដូច​គ្នា​នឹង​ Xperia 1 II ដែរ។ ​អង្គ​ផ្ទុក​វិញ​មាន​ពីរ​ទំហំ​គឺ ១២៨GB និង ២៥៦GB ហើយ​ក៏​មាន​រន្ធ​ដោត​មេមូរី​កាត​ផង​ដែរ។

ចូល​ដល់​ផ្នែក​កាមេរ៉ា​វិញ​ មិន​មាន​ផ្លាស់​ប្ដូរ​អ្វី​ធំ​ដុំ​ឡើយ​ ដោយ​មាន​ការ​កែ​សម្រួល​មួយ​ចំនួន​លើ​​ផ្នែក Software។ Sony បាន​បើក​ដំណើរ​ការ​សមត្ថភាព​ថត​ JPG+RAW និង​​វីដេអូ​ Slo-Mo ល្បឿន​ 4K/120fps នា​ពេល​នេះ​គឺ​ថត​ដោយ​មាន​មុខងារ HDR។

កាមេរ៉ា​បី​គ្រាប់​នៅ​ផ្នែក​ខាង​ក្រោយ​គឺ​មាន​ទំហំ ១២MP ដូច​គ្នា ដោយ​កាមេរ៉ា​មេ​មាន​ Aperture f/1.7 ​មាន​មុខងារ​រក្សា​លំនឹង​ OIS ហើយ​កាមេរ៉ា​ Ultrawide របស់​វា​មាន​មុខងារ​ Dual Pixel Autofocus។ សម្រាប់​កាមេរ៉ា​ Zoom មាន​សមត្ថភាព Zoom បាន​បី​ដង និង​មាន​មុខងារ OIS មក​ជា​មួយ​ផង​ដែរ។ កាមេរ៉ា​ទាំង​បី​មាន​ប្រើ​ប្រាស់​កែវ​ឡេន​ ZEISS ដែល​អាច​លុប​បំបាត់​ចំណាំង​ប្លាត​បាន​​ល្អ។ មុខងារ​ Eye Autofocus ​ក៏​មាន​ផង​ដែរ ហើយ​វា​អាច​ថត​​រូបភាព​បាន​ ២០​សន្លឹក​ក្នុង​មួយ​វិនាទី ​ដោយ​មាន​មុខងារ​ AE/AF មក​ជា​មួយ។

​​​ត្បិត​ថា​មាន​ទំហំ​តូច​​ជាង​ Xperia 1 II មែន ប៉ុន្តែ Xperia 5 II មាន​​ផ្ទុក​ថ្ម​ទំហំ ៤០០០mAh ដូច​គ្នា ដែល​​ក្នុង​ប្រអប់​មាន​ដុំ​សាក​កម្លាំង ១៨វ៉ាត់​មក​ជា​មួយ ប៉ុន្តែ​អ្នក​ក៏​អាច​ប្រើ​ដុំ​សាក​កម្លាំង​ខ្លាំង​ដើម្បី​សាក​បាន​ដល់​កម្លាំង ២១វ៉ាត់។ ដុំ​សាក​ក្នុង​ប្រអប់​អាច​សាក​ដល់ ៥០% ក្នុង​ពេល​ត្រឹម​ ៣០​នាទី។

តួ​​​ខ្លួន​របស់​ Xperia 5 II មាន​សមត្ថភាព​ការពារ​កម្រិត IP68 ហើយ​ផ្នែក​ខាង​មុខ​និង​ខាង​ក្រោយ​មាន​ការពារ​ដោយ​កញ្ចក់ Gorilla Glass 6 ផង​ដែរ។

គួរ​ដឹង​ថា​ Sony Xperia 5 II នឹង​បើក​ទទួល​ការ​កុម្ម៉ង់​នា​ថ្ងៃ​ទី ២៩ ខែ​កញ្ញា ដែល​ចេញ​លក់​នា​ថ្ងៃ​ទី​ ៤ ខែ​ធ្នូ សម្រាប់​ទីផ្សារ​អាមេរិក ជា​មួយ​តម្លៃ​ចាប់​ពី ៩៥០​ដុល្លារ៕

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម