លីគ២នឹងយក​តែ ១ ក្រុម​ប៉ុណ្ណោះទៅ​លេង​លីគកំពូលកម្ពុជា

  • 2020-09-23 06:28:42
  • ចំនួនមតិ 6 | ចំនួនចែករំលែក 14

ចន្លោះមិនឃើញ


លោក ឡាយ សុធា អគ្គលេខាធិការងនៃសហព័ន្ធបាល់ទាត់កម្ពុជា បានឱ្យដឹងក្នុងសិក្ខាសាលា និងពិធីចាប់ឆ្នោតជម្រើសជើងឯកកម្ពុជា លីគ២ ឆ្នាំ២០២០ ​កាលពីព្រឹកមិញ​ថា ​មានតែមួយក្រុមប៉ុណ្ណោះពោលគឺក្រុមជើងឯកលីគ២​​តែម្ដង ដែលអាចទៅលេងនៅលីគកំពូលកម្ពុជាឆ្នាំ២០២១។

យ៉ាងណាលោក ឡាយ សុធា ក៏បានពន្យល់បន្ថែមថា បើក្រុមជើងឯកលីគ២ មានក្រុមបក្សសម្ព័ន្ធ លេងនៅលីគកំពូលហើយនោះ ពួកគេនឹងមិនអាចឡើងទៅលេងបានឡើយ ដោយផ្ដល់ឱកាសឱ្យក្រុម​លេខ២ ជំនួសវិញ។ ប៉ុន្តែបើក្រុមលេខ២ មានក្រុមបក្សសម្ព័ន្ធទៀតនោះ ក្រុមនេះក៏មិនអាចឡើងទៅលេងបានដូចគ្នា។ ចុះក្រុមលេខ៣ និងលេខ៤ អាចឡើងទៅលេងជំនួសបានដែរឬទេ?

លោក ឡាយ សុធា បានឆ្លើយតបនឹងសំណួរនេះយ៉ាងខ្លីថា គឺគ្មានក្រុមណាមួយអាចឡើងទៅលេងបានឡើយ ព្រោះនេះជាបទបញ្ជាបច្ចេកទេស ដែលសហព័ន្ធបាល់ទាត់កម្ពុជា បានកំណត់ និងពិភាក្សាគ្នារួចទៅហើយ។

ចំពោះហេតុផលដែលសហព័ន្ធបាល់ទាត់កម្ពុជា ជ្រើសយកតែមួយក្រុម ព្រោះសហព័ន្ធចង់បានក្រុមដែលខ្លាំងមួយ មានកម្រិតប្រកួតប្រជែងខ្ពស់ ប្រជែងនៅលីគកំពូលកម្ពុជាឆ្នាំ២០២១។

លោក ឡាយ សុធា អគ្គលេខាធិការងនៃសហព័ន្ធបាល់ទាត់កម្ពុជា

លីគទី២កម្ពុជា មាន១០ក្រុមចូលរួមប្រកួតប្រជែង​ដូចជាក្រុម សៀមរាបអេហ្វស៊ី, កោះកុងអេហ្វស៊ី, ឫទ្ធីសែន, សមាគមបាល់ទាត់ព្រៃវែង, មន្ទីរអប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំ, ស្វាយរៀង, កំពង់ស្ពឺ, ISI Dangkor Senchey, យុវជនភ្នំពេញក្រោន និង Tiffy Army U21។

ប្រាក់រង្វាន់

  • ជើងឯក នឹងទទួលបានទឹកប្រាក់ ៣ ពាន់ដុល្លារ

  • ជើងឯករង នឹងទទួលបានទឹកប្រាក់ ២ ពាន់ដុល្លារ

  • លេខ ៣ នឹងទទួលបានទឹកប្រាក់ ១ ពាន់ដុល្លារ

ប្រាក់ឧបត្ថម្ភសហព័ន្ធផ្ដល់ឱ្យក្លឹបម្ចាស់ផ្ទះក្នុង១ប្រកួត

  • ក្រុមម្ចាស់ផ្ទះ នឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន ២លាន ៦សែនរៀល

អាជ្ញាកណ្ដាល៤រូប កាត់សេចក្ដីវគ្គផ្ដាច់ព្រ័ត្រ

  • អាជ្ញាកណ្ដាលទាំងបួនរូប នឹងទទួលបានប្រាក់លើកទឹកចិត្តសរុប ៨០០ដុល្លារ ហើយសហព័ន្ធនឹងមានពានរង្វាន់ផ្សេងៗទៀត សម្រាប់កីឡាករ គ្រូបង្វឹក និងអាជ្ញាកណ្ដាលជាដើម៕

អត្ថបទ៖ អ៊ុំ សុភក្តិ