Galaxy S20 FE ញាត់ឈីប Snapdragon 865 តម្លៃត្រឹមវិញ ៧០០ដុល្លារ

  • 2020-09-24 01:44:26
  • ចំនួនមតិ 2 | ចំនួនចែករំលែក 5

ចន្លោះមិនឃើញ

Galaxy S20 FE បាន​បង្ហាញ​មុខ​ជា​ផ្លូវ​ការ​កាល​ពី​យប់​មិញ​នេះ ដោយ​វា​មាន​លាយ​បញ្ចូល​នូវ​លក្ខណៈ​សម្បត្តិ​ពិសេសៗ​មួយ​ចំនួន​របស់​ត្រកូល​ Galaxy S20 ចេញ​កាល​ពី​អំឡុង​ដើម​ឆ្នាំ និង​បាន​កែ​សម្រួល​ឲ្យ​មាន​តម្លៃ​សមរម្យ​អាច​ទទួល​យក​បាន។

Galaxy S20 FE មាន​ចែក​ចេញ​ជា​ប្រភេទ 4G និង​ប្រភេទ 5G ដែល​ប្រភេទ 4G ប្រើ​ប្រាស់​ឈីប Exynos 990 និង​ប្រភេទ 5G ប្រើ​ប្រាស់​ឈីប​ Snapdragon 865។ វា​ទាំង​ពីរ​មាន​ RAM ប្រភេទ LPDDR5 ទំហំ ៦GB ដូច​គ្នា និង​ប្រើ​ប្រាស់​អង្គ​ផ្ទុក UFS 3.0 ទំហំ ១២៨GB មាន​រន្ធ​ដោត​មេមូរី​បាន​ទំហំ​ដល់ ១TB។

អេក្រង់​របស់ S20 FE មាន​ទំហំ ៦,៥អ៊ីញ ជា​ប្រភេទ Super AMOLED មាន​ផ្ទៃ​រាប​ស្មើ អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត FHD+ ដែល​មាន​ Refresh Rate 120Hz និង​គាំទ្រ​នូវ​ HDR 10+ ហើយ​អេក្រង់​នេះ​ការពារ​ដោយ​កញ្ចក់​ Gorilla Glass 3។ អេក្រង់​នេះ​មាន​ចោះ​រន្ធ​តូច​ចំ​កណ្ដាល​សម្រាប់​បំពាក់​កាមេរ៉ា​​ទំហំ ៣២MP ដែល​មាន Aperture f/2.2 ហើយ​វា​មាន​បង្កប់​ទ្រនាប់​ស្កេន​ម្រាម​ដៃ​លើ​អេក្រង់​ទៀត​ផង។

ចំពោះ​ផ្នែក​កាមេរ៉ា​ខាង​ក្រោយ​មាន​ចំនួន​បី​គ្រាប់​ ដែល​កាមេរ៉ា​មេ​ទំហំ ១២MP មាន​បច្ចេកវិទ្យា​ Dual-Pixel ​និង​មាន​បច្ចេកវិទ្យា​រក្សា​លំនឹង​ OIS ហើយ​មាន​ Aperture f/1.8។ កាមេរ៉ា​បន្ទាប់​ជា​ Ultrawide ទំហំ ១២MP ដែល​មាន​ Aperture f/2.2 និង​ចុង​ក្រោយ​ជា​កាមេរ៉ា​ Telephoto ទំហំ ៨MP ដែល​អាច​ Zoom Optical បីដង និង Zoom Digital បាន៣០ដង ហើយ​មាន​ Aperture f/2.4។

​ស្មាតហ្វូន​នេះ​មាន​ថ្ម​ទំហំ ៤៥០០mAh ដែល​អាច​គាំទ្រ​ការ​សាក​ថ្ម​បាន​ ២៥វ៉ាត់ និង​សាក​ថ្ម​ឥត​ប្រើ​ខ្សែ​បាន​​កម្លាំង ១៥វ៉ាត់ និង​មាន​មុខងារ Wireless PowerShare សម្រាប់​សាក​ថ្ម​ឲ្យ​ឧបករណ៍​ដទៃ​បាន​ផង​ដែរ។ គួរ​ដឹង​ថា​ក្នុង​ប្រអប់​មាន​ដុំ​សាក​កម្លាំង​ត្រឹម​ ១៥វ៉ាត់​ប៉ុណ្ណោះ។

នៅ​មាន​ចំណុច​ពិសេស​ផ្សេង​ទៀត​​ដូច​ជា​រន្ធ​បំពង​សំឡេង​ស្ទេរីអូ​ AKG ជា​មួយ​បច្ចេកវិទ្យា​សំឡេង Dolby, សមត្ថភាព​​ធន់​នឹង​ទឹក​និង​ធូលី​ដី​កម្រិត IP68 និង​ប្រើ​ប្រាស់​ USB-C ជា​មួយ​ USB 3.2 ជា​ដើម។

ការ​កុម្ម៉ង់​ទិញ S20 FE លើ​ទីផ្សារ​មួយ​ចំនួន​បាន​បើក​ទទួល​នា​ថ្ងៃ​ទី​២៣ ខែ​កញ្ញា​ត​ទៅ ហើយ​សម្រាប់​នៅ​អាមេរិក​​មាន​លក់​ផ្ដាច់​មុខ​តែ​ប្រភេទ 5G ក្នុង​តម្លៃ ៦៩៩​ដុល្លារ។ ចំណែក​នៅ​ទីផ្សារ​ចក្រភព​អង់គ្លេស​ឯណោះ​មាន​ទាំង​ប្រភេទ 4G និង 5G ដោយ​ប្រភេទ 4G តម្លៃ​ ៥៩៩​ផោន (ប្រមាណ ៧៦៣ដុល្លារ) និង​ប្រភេទ 5G តម្លៃ​ ៦៩៩​ផោន (ប្រមាណ​ ៨៩០​ដុល្លារ)៕

ប្រភព៖ Androidauthority   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី