វង្ស ថាណាន់ កុងត្រា​ប៉ុន្មាន​ឆ្នាំ​ជាមួយGalaxy ឥឡូវ​នេះ​ដឹង​ការពិត​ហើយ!

  • 2020-09-25 03:26:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង វង្ស ថាណាន់ បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពី​ដើម​ខែ​កក្កដា ដោយ​ស្ងាត់​ៗ​រូប​គេ​ស្រាប់​តែ​ត្រូវ​ប្រកាស​ក្លាយ​ជា​តារា​កុងត្រា​របស់ Galaxy បាត់​ទៅ​ហើយ។ ប៉ុន្តែ​អ្វី​ដែល​ជា​មន្ទិល​សង្ស័យ គឺ​រយៈ​ពេល​កុងត្រា​របស់​តារា​ចម្រៀង និង​ផលិតកម្ម។

កាល​នោះ បន្ទាប់​ពី​ក្លាយ​ខ្លួន​ជា​តារា​ចម្រៀង​អាជីព​របស់​ផលិតកម្ម​ឧកញ៉ា វ័យ​ក្មេង​ភ្លាម ក៏​លេច​ដំណឹង អំពី​កុងត្រា​របស់ ថា​ណាន់ ជាមួយ Galaxy គឺ​វែង​ខ្លាំង កម្រ​មាន​តារា​ចម្រៀង​ណា​ផ្សេង​ទទួល​បាន​កុងត្រា​ដូច្នេះ​ណាស់។ តាម​ប្រភព​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា កុងត្រា​របស់​តារា​ចម្រៀង​មាន​ប្រវត្តិ​កម្សត់​កម្រ គឺ​មាន​ដល់​ទៅ ១០​ឆ្នាំ​ឯណោះ។ រយៈ​ពេល​កុងត្រា​នេះ អាច​និយាយ​បាន​ថា វែង​ជាង​កុងត្រា​ការងារ​របស់​សិល្បករ​ផ្សេង​ទៀត​នៅ​ក្នុង​ស្រុក។

ជា​ទូទៅ​កុងត្រា​របស់​តារា​ចម្រៀង​ជាមួយ​ផលិតកម្ម​ណា​មួយ ភាគ​ច្រើន​ធ្វើ​ឡើង​ក្នុង​រយៈ​ពេល ៥​ឆ្នាំ​ម្ដង​ប៉ុណ្ណោះ។ កិច្ចសន្យា​ត្រឹម​ប៉ុណ្ណេះ ភាគី​ទាំង​ពីរ​ឯកភាព​ ដោយ​ទុក​ផ្លូវ​សម្រាប់​ខ្លួន​ឯង​ដូច​គ្នា។ មាន​ន័យ​ថា ក្នុង​រយៈ ពេល​នេះ សម្រាប់​តារា​ចម្រៀង ប្រសិន​បើ​មើល​ទៅ​ហាក់​មុជ​មិន​ជ្រៅ​ទៅ​មិន​ឆ្ងាយ អាច​ឆាប់​បាន​ដក​ខ្លួន​។ ឯ​សម្រាប់​ផលិតកម្ម​ក៏​ដូច​គ្នា ក៏​ស្រួល​មើល​ថា ពី​ដំណើរ​របស់​តារា​ចម្រៀង​ដូច​គ្នា ថា​ត្រូវ​បន្ត ឬ​បញ្ឈប់។

វិល​មក​ករណី​របស់​តារា​ចម្រៀង វង្ស ថាណាន់ វិញ បន្ទាប់​ពី​ធ្លាយ​ព័ត៌មាន​ខាង​លើ​ភ្លាម​ៗ សាមី​ខ្លួន​តារា​ចម្រៀង និង​ផលិតកម្ម សុំ​មិន​ធ្វើ​ការ​បក​ស្រាយ​ដូច​គ្នា។ យ៉ាង​ណា ថ្មី​ៗ​នេះ ថាណាន់ បាន​បង្ហើប​ជុំវិញ​រឿង​នេះ​វិញ​ថា ជា​ការ​ពិត គឺ​លោក​បាន​ចុះ​កុងត្រា​ជាមួយ Galaxy រយៈ​ពេល​១០​ឆ្នាំ​ពិត​មែន។ យ៉ាង​ណា តារា​ចម្រៀង​មក​ពី​ខេត្ត​កំពង់ចាម មិន​បាន​ប្រាប់​ថា ហេតុអ្វី​នោះ​ទេ។

ប៉ុន្តែ​លោក​ថា លោក​ពេញ​ចិត្ត​ចំពោះ​កុងត្រា​ចំពោះ​ការងារ​មួយ​នេះ និង​មាន​ភាព​កក់​ក្ដៅ ក្រៅ​ពី​តស៊ូ​កាត់​ព្យុះភ្លៀង​ក្រោយ​ពី​ចេញ​ពី​មណ្ឌល​កុមារ​កំព្រា​នៅ​ខេត្ត​កំពង់ស្ពឺ​មក ទី​បំផុត​លោក​អាច​រក​បាន​កន្លែង​ជ្រក​គត់​មុត ទ្រនំ​ធំ​បែប​នេះ។ ពិសេស​បំផុត​លោក ក៏​ត្រូវ​បាន​ផលិតកម្ម​ស្វាគមន៍ ដោយ​គ្រាន់​តែ​បង្ហាញ​មុខ​ភ្លាម ក៏​រៀប​ចំ​បទ​ចម្រៀង​ឲ្យ​បាន​ចេញ​នៅ​លើ​ទីផ្សារ​តែ​ម្ដង។

បទ​ចម្រៀង​ទី​១​របស់​លោក​ចេញ​នៅ Galaxy គឺ​បទ "ស្នេហ៍​ក្រៅ​ផ្លូវ​ការ" គឺ​ចេញ​ក្នុង​ថ្ងៃ​ទី​១ នឹង​ការ​បង្ហាញ​មុខ​របស់​លោក​ក្នុង​ផលិតកម្ម​តែ​ម្ដង។ បទ​នេះ​ទទួល​បាន​ការ​ចូល​ចិត្ត និង​គាំទ្រ​ជា​ច្រើន ដោយ​ប្រិយមិត្ត​ជា​ច្រើន​លើក​សរសើរ​ថា​ពីរោះ ហើយ ថាណាន់ ក៏​ធ្វើ​បាន​ល្អ​ថែម​ទៀត។ គិត​មក​ត្រឹម​ថ្ងៃ​នេះ បទ​ទី​១របស់ ថាណាន់ មាន​អ្នក​ចូល​ទៅ​ស្ដាប់​ចំនួន ២.៣លាន​ដង។

បន្ទាប់​ពី​បទ​ទី​១​នេះ ផលិតកម្ម​ក៏​បាន​បញ្ចេញ​បទ​ឲ្យ​លោក​បន្ត​បន្ទាប់​ទៀត​បាន ៥​បទ​ហើយ ហើយ​បទ​ចុងក្រោយ​របស់​លោក ទើប​នឹង​ចេញ​នៅ​ថ្ងៃ​ម្សិលមិញ​នេះ មាន​ចំណង​ជើង​ថា "ជីវិត​ខ្ញុំ គ្មាន​ឆ្នាំង​សាក​ថ្ម​ទេ"។ តោះ...ទស្សនា និង​ស្ដាប់​ទាំង​អស់​គ្នា៖

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម