មិន​ទាន់​ស្គាល់​ឈ្មោះ​ផលិតកម្ម​ផង សុខ ជំនោរ ត្រៀម​បាន​៥​បទ​បាត់​ទៅ​ហើយ!

  • 2020-09-25 08:41:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​ផលិតករ​ល្បី​ឈ្មោះ​ម្នាក់​នៅផលិតកម្ម​រស្មី​ហង្ស​មាស លោក សុខ ជំនោរ កំពុង​ខ្នះខ្នែង​ផលិត​បទ​ចម្រៀង​ទី៥ របស់​ខ្លួន ក្រោយ​ពី​លោក​ប្រកាស​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ជា​ថ្មី​តាម​រយៈ​ការ​បង្កើត​ផលិតកម្ម​ និង​បទ​ចម្រៀង​ដោយ​ខ្លួន​ឯង កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ​២០២០។

លោក សុខ ជំនោរ បាន​ប្រាប់ Sabay នៅ​មុន​នេះ​បន្តិច​ថា បច្ចុប្បន្ន​ក្រុម​ការងារ​របស់​លោក​ផលិត​បទ​ចម្រៀង​ថ្មីៗ​បាន​ចំនួន​៤​បទ ហើយ​កំពុង​ថត​មួយ​បទ​បន្ថែម​ទៀត។ បទ​ថ្មី​ដែល​កំពុង​ថត គឺ​បទ​ដែល​មាន​ចំណង​ជើង​ថា"ម្អម​ស្រែ​ប្រែ​ក្រៀម"។ រីឯ​បទ​ចម្រៀង​ចំនួន​៤​ផ្សេង​ទៀត លោក​មិន​អាចបញ្ចេញ​ចំណង​ជើង​បាននៅ​ឡើយទេ។

លោកបន្ថែមថា​ លោកនឹង​បន្ត​និពន្ធ និង​ដឹកនាំ​ថត​បទ​ចម្រៀង​ថ្មី​ៗ​បន្ថែម​ទៀត សម្រាប់​បម្រើ​អារម្មណ៍​ប្រិយមិត្ត​ បើទោះបីជាក្នុង​ដំណើរការ​ថត​សព្វថ្ងៃ បានជួប​ការ​លំបាក​ខ្លះ ព្រោះ​តែ​មិន​ទាន់​មាន Sponser ឬ​អ្នក​ចូល​ហ៊ុនក្ដី។

នៅ​ថ្ងៃទី២៥ ខែ​កញ្ញា នេះ​ដែរ គេ​ឃើញ​លោក​បង្ហោះ​រូប​ថត​១សន្លឹក​ដែល​មាន​ក្រុម​ការងារ​២នាក់​ស្ពាយ​កាមេរ៉ា​ជិះ​លើ​កង់​ចេញ​ថត ដោយ​លោក​បាន​ភ្ជាប់​សារ​ខ្លី​មួយ​ថា៖"ទ្រាំ​សិន​ទៅ​យើង​អត់​ទាន់​មាន​ឡាន​ដឹក កំពុង​ចរចា​ស្ពន​ស័រ"។

ផលិតករ​រូប​នេះ បញ្ជាក់ថា រូប​លោក និង​ក្រុម​ការងារ កំពុង​ថត​បទ​មួយ​ដែល​មាន​ចំណង​ជើង​ថា"ម្អម​ស្រែ​ប្រែ​ក្រៀម" ច្រៀង​ដោយ​អ្នក​ចម្រៀង នួន វុទ្ធី។ តាម​ការ​បង្ហើប​របស់​លោក សុខ ជំនោរ កន្លង​ទៅ បទ​នេះ គឺ​លំនាំ​បទ"ម្អម​ស្រែ"​ដែល​ច្រៀង​ដោយ​កំពូល​តារា​ចម្រៀង​ព្រាប សុវត្ថិ ហើយ​បទមួយនេះធ្លាប់ល្បី​ខ្លាំង​កាល​ពី​ជិត​២០​ឆ្នាំ​មុន។

រហូត​មក​ដល់​ពេល​នេះ​ផលិតកម្ម​ថ្មី​របស់​លោក សុខ ជំនោរ មាន​ឈ្មោះ​អ្វី? ហើយ​មាន​តារា​ចម្រៀង​ណា​ខ្លះ​ចូល​រួម? មិន​ទាន់​ត្រូវ​បាន​លោក​បញ្ចេញ​ជា​ផ្លូវការ​នៅ​ឡើយ​ទេ។ ត្រង់​ចំណុច​នេះ លោក សុខ ជំនោរ ធ្លាប់បញ្ជាក់​យ៉ាង​ខ្លី​ថា ព័ត៌មាន​លម្អិត​ស្ដី​ពី​ផលិតកម្ម​មិន​ទាន់អាច​បញ្ចេញ​បាន ដោយសារ​តែផលិតកម្ម​កំពុង​រៀបចំ​ដំណើរការ ហើយ​មាន​ដៃគូរ​សហការ​ពីក្រៅ ដូច្នេះ​លោក​មិន​អាច​បញ្ចេញ​ព័ត៌មាន​ជុំវិញ​ដំណើរការ​ទាំង​ស្រុង​ដល់​សាធារណជន​តែ​ម្នាក់​ឯង​បានទេ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ