លោកជំទាវ ជា សិរី ពិភាក្សាអំពីវិធីប្រើប្រាស់ប្រព័ន្ធឌីជីថលនៅក្នុងវិស័យសេដ្ឋកិច្ច ខណៈកូវីដមិនទាន់ចប់

  • 2020-09-28 05:21:11
  • ចំនួនមតិ 1 | ចំនួនចែករំលែក 24

ចន្លោះមិនឃើញ

កាលពីល្ងាចថ្ងៃអង្គារ ទី ២២ ខែកញ្ញា ក្រុមហ៊ុនធានារ៉ាប់រងហ្វតតេ (FORTE) បានបង្កើតវេទិកា ប្រមូលផ្ដុំអ្នកជំនាញវ័យក្មេងមកពីសហគមន៍ និង អាជីវកម្មឯកជនជាច្រើន ដើម្បីបង្កឱកាសឲ្យពួកគេបានជួប និងភ្ជាប់ទំនាក់ទំនង ជាមួយអ្នកធ្វើគោលនយោបាយសំខាន់ៗ និងអ្នកដឹកនាំក្នុងតំបន់ដើម្បីធ្វើកិច្ចពិភាក្សាអំពីបញ្ហាដែលទាក់ទងនឹងសេដ្ឋកិច្ច និងអាជីវកម្មនៅកម្ពុជាបច្ចុប្បន្ន។

វេទិកាហ្វតតេនេះ មានការចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់លោកជំទាវ ជា សេរី ប្រធានសមាគមសេដ្ឋកិច្ចកម្ពុជា ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជា, ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា រដ្ឋលេខាធិការនៃក្រសួងការបរទេស ព្រមទាំងភ្ញៀវកិត្តយសជាច្រើនរូបទៀត ដែលញ៉ាំងឲ្យកម្មវិធីទាំងមូលមានភាពអធិកអធម និងកាន់តែពិសេស។

លោកជំទាវ ជា សេរី ប្រធានសមាគមសេដ្ឋកិច្ចកម្ពុជា ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជា

លោកជំទាវ ជា សេរី ប្រធានសមាគមសេដ្ឋកិច្ចកម្ពុជា ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជា បានឡើងធ្វើសុន្ទរកថាជុំវិញប្រធានបទអំពីវិស័យហិរញ្ញវត្ថុនៅកម្ពុជាព្រមទាំងផ្ដល់អនុសាសន៍ល្អៗ ជុំវិញការប្រើប្រាស់ប្រព័ន្ធឌីជីថលក្នុងវិស័យហិរញ្ញវត្ថុដែលអាចនឹងត្រូវមានការកើនឡើងកាន់តែច្រើន ដើម្បីឆ្លើយតបនឹងការរីករាលដាលសកលនៃជំងឺកូវីដ១៩ ។ លោកជំទាវ “មានសុទិដ្ឋិនិយម” ចំពោះការទទួលយកការប្រើប្រាស់សេវាហិរញ្ញវត្ថុតាមប្រព័ន្ធឌីជីថល ដោយសារយុវជនកម្ពុជា គឺជាប្រជាជនដែល “មានបទពិសោធន៍ខ្ពស់ក្នុងប្រព័ន្ធបច្ចេកវិទ្យា”។

“អាយុរបស់ប្រជាជនកម្ពុជាជាមធ្យមគឺ ២៥ ដូច្នេះហើយ បច្ចេកវិទ្យានឹងទាក់ទាញពួកគេ។ អ្វីក៏ដោយឱ្យតែងាយស្រួលសម្រាប់អ្នកប្រើប្រាស់ គឺនឹងទាក់ទាញពួកគេ ក្នុងរយៈពេលដ៏ខ្លីនេះ អ្វីៗល្អៗក៏អាចកើតមានឡើងដែរនៅក្នុងព្រះរាជាណាចក្រអច្ឆរិយនេះ។ ក្នុងរយៈពេល ១០ ឆ្នាំទៅមុខទៀត ហេតុអ្វីបានជាយើងមិនព្រមសង្ឃឹមថានឹងមានក្រុមហ៊ុនបច្ចេកវិទ្យារបស់កម្ពុជា ត្រូវបានចុះបញ្ជីក្នុងទីផ្សារភាគហ៊ុនរបស់ប្រទេសសិង្ហបុរីទៅ?” ។ លោកជំទាវ បញ្ជាក់បន្ថែម។

លោកជំទាវ ក៏បានផ្តល់ដំបូន្មានដល់យុវជនកម្ពុជាផងដែរថា ៖ “ កុំរៀនផ្នែកធនាគារ។ យើងមានអ្នកជំនាញផ្នែកធនាគារ និងគណនេយ្យច្រើនពេកហើយ។ ខ្ញុំក៏ធ្លាប់រៀនមុខវិជ្ជាគណនេយ្យដែរ។ ប៉ុន្តែខ្ញុំគិតថា អ្នកជំនាញផ្នែកព័ត៌មានវិទ្យា (IT) ការសរសេរ Program (Programming) សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត (Cybersecurity) និងវិទ្យាសាស្រ្តទិន្នន័យ (Data Science) នៅមានការខ្វះខាតនៅឡើយ។ អ្នកជំនាញផ្នែកសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត និងវិទ្យាសាស្រ្តទិន្នន័យមានតម្រូវការយ៉ាងខ្លាំងនៅក្នុងវិស័យឌីជីថល ។ ខ្ញុំនឹងប្រាប់ក្មេងជំនាន់ក្រោយឱ្យរៀនមុខវិជ្ជាទាំងនោះ។ យុវជនកម្ពុជាគួរតែផ្តោតលើវិស័យកសិកម្ម ប៉ុន្តែមិនមែនទាក់ទងនឹងកម្លាំងពលកម្មដោយដៃទេ។ ខ្ញុំចង់សំដៅលើការប្រើប្រាស់បច្ចេកវិទ្យា និងវិទ្យាសាស្ត្រដើម្បីបង្កើនទិន្នផលកសិកម្ម” ។

លោក Charles Cheo ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនធានារ៉ាប់រងហ្វតតេ

លោក Charles Cheo ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនធានារ៉ាប់រងហ្វតតេ បានថ្លែងបើកកម្មវិធីលើប្រធានបទទាក់ទងនឹងប្រព័ន្ធឌីជីថលព្រមទាំងផលិតផលថ្មីរបស់ក្រុមហ៊ុនដើម្បីឆ្លើយតបនឹងការផ្ទុះរាលដាលនៃជំងឺកូវីដ១៩ ថា ៖ “ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងចំណាស់មួយនៅកម្ពុជា FORTE តែងបន្តផ្តល់ជូននូវផលិតផលឲ្យទាន់សម័យកាល។ ជាក់ស្តែង នៅដើមខែសីហា ឆ្នាំ២០២០នេះ ក្រុមហ៊ុនយើងបានដឹកនាំសម្ព័ន្ធក្រុមហ៊ុនធានារ៉ាប់រង ដើម្បីបើកដំណើរការផលិតផលធានារ៉ាប់រងសម្រាប់ការព្យាបាលជំងឺកូវីដ១៩ សម្រាប់ជនបរទេសដែលផលិតផលនេះអាចរកទិញបានតាមប្រព័ន្ធអ៊ីនធឺណិតបានយ៉ាងងាយស្រួល ” ។

លោក យក់ ចំរើនឬទ្ធិ ប្រធានអគ្គនាយកប្រតិបត្តិ របស់ក្រុមហ៊ុនធានារ៉ាប់រងហ្វតតេ

បន្ថែមលើចំណុចនេះ លោក យក់ ចំរើនឬទ្ធិ ប្រធានអគ្គនាយកប្រតិបត្តិ របស់ក្រុមហ៊ុនធានារ៉ាប់រងហ្វតតេ បានថ្លែងថា ៖ “ ផលិតផលថ្មីនេះ គឺធ្វើឡើងដើម្បីតម្រូវអ្នកវិនិយោគបរទេសដែលមានគោលបំណងមកប្រទេសកម្ពុជាយើង ដោយពួកគេអាចទិញផលិតផលថ្មីនេះបានតាមប្រព័ន្ធឌីជីថលបានយ៉ាងងាយស្រួល។ ហើយ FORTE កំពុងដំណើរការផលិតផលថ្មីមួយទៀតគឺ បណ្ណសន្យារ៉ាប់រងការធ្វើដំណើរកម្សាន្តក្នុងស្រុកតាមផ្លូវគោក” ។

កញ្ញា ចែម រស់សាន្ត បុគ្គលិកហាត់ការ នៅក្រុមហ៊ុនហ្វតតេ

អ្នកចូលរួមម្នាក់ក្នុងវេទិការហ្វតតេនេះ កញ្ញា ចែម រស់សាន្ត ដែលជានិស្សិតមកពីបរទេស សិក្សាផ្នែកការគ្រប់គ្រងអាជីវកម្មបានបំពេញការចុះកម្មសិក្សានៅក្រុមហ៊ុនហ្វតតេថ្មីៗនេះ បានឲ្យដឹងថា ៖ “ខ្ញុំពិតជារំភើប និងរីករាយណាស់ដែលបានចូលរួមក្នុងវេទិការហ្វតតេថ្ងៃនេះ និងបានចុះកម្មសិក្សាក្នុងក្រុមហ៊ុនហ្វតតេ ដែលជាក្រុមហ៊ុនធានារ៉ាប់រងដ៏ធំមួយ នៅកម្ពុជា។ ក្នុងរយៈពេលទើបតែ ១ខែប៉ុណ្ណោះ ខ្ញុំទទួលបានចំណេះដឹងយ៉ាងច្រើនលើកជំនាញ អាជីវកម្មហិរញ្ញវត្ថុ (Business finance) , ការវិនិយោគ (Investment), និង ទីផ្សារ (Marketing) ។ ក្នុងអំឡុងរយៈកាលកូវីដ១៩នេះ ខណៈមនុស្សភាគច្រើនមើលឃើញថានេះជាពេលវេលាដ៏លំបាកមួយ ខ្ញុំសម្រេចចិត្តធ្វើឲ្យវាប្រែក្លាយជាឱកាសមួយដែលខ្ញុំជឿជាក់ថានេះជាទុនដ៏សំខាន់មួយសម្រាប់ខ្ញុំទៅថ្ងៃអនាគត» ។

ហ្វតតេ (Forte) គឺជាក្រុមហ៊ុនធានារ៉ាប់រងធំ និង មុនគេបង្អស់នៅកម្ពុជា ដែលបានដំណើរការតាំងពីឆ្នាំ ១៩៩៩ ហើយបានក្លាយជាក្រុមហ៊ុនធានារ៉ាប់រងឈានមុខគេបំផុតក្នុងទីផ្សារកម្ពុជា ក្នុងឆ្នាំ ២០០៣ ។ ក្រុមហ៊ុនធានារ៉ាប់រងនេះ ផ្តល់ជូនផលិតផលធានារ៉ាប់រងទូទៅ និង ធានារ៉ាប់រងអាយុជីវិត ។

សម្រាប់ព័ត៌មានបន្ថែមពី ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ សូមចូលទៅកាន់ ៖

អត្ថបទ៖ Tan Muonvichny