គ្រូ​ជម្រើស​ជាតិ​ថ្នាល​ ITF​ ហ៊ ​វិចិត្រ​ វគ្គ​អាជ្ញា​កណ្ដាល​លើក​នេះ​ល្អ​មែនទែន​ មាន​ទាំង​ប្រឡង​ទៀត​

  • 2020-09-28 07:49:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​ជំនួយ​ជម្រើស​ជាតិ​ថ្នាល​តេក្វាន់ដូ​ ITF​ ហ៊ ​វិចិត្រ​ ថា​ឆ្លងកាត់​វគ្គ​បណ្ដុះបណ្ដាល​ចៅក្រម​ អាជ្ញាកណ្ដាល​កម្រិត «ក»​ លើក​នេះ​ទទួល​បាន​ចំណេះ​ដឹង​ថ្មីៗ​ច្រើន​ និង​មាន​ការ​ប្រឡង​សមត្ថភាព​សិក្ខាកាម​ពេល​ចប់​វគ្គ​ទៀត​ផង។​

ហ៊ វិចិត្រ (ទី២ រាប់ពីឆ្វេង)

ហ៊ ​វិចិត្រ​ បាន​ឲ្យ​ដឹង​ថា​ ក្រោយ​ឆ្លង​កាត់​វគ្គ​បណ្ដុះបណ្ដាល​រយៈពេល​៦ថ្ងៃ​កន្លង​ទៅ​នេះ​គឺ​ទទួល​បាន​ចំណេះ​ដឹង​ថ្មីៗ​បន្ថែម​ទៀត​ជា​ច្រើន​ ជា​ពិសេស​លក្ខន្តិកៈ​ដែល​អន្តរជាតិ​បាន​ផ្លាស់ប្ដូរ​កែ​សម្រួល​ជា​បន្តបន្ទាប់។​ វគ្គ​នេះ​គឺ​ពិត​ជា​ធ្វើ​ឲ្យ​ខ្លួន​មាន​ការ​យល់​ដឹង​កាន់​តែ​ច្បាស់​ថែម​ទៀត​ទៅ​លើ​បច្ចេកទេស​ជា​ចៅក្រម​ ឬ​នៅ​ពេល​ធ្វើ​ជា​អាជ្ញាកណ្ដាល​ ព្រោះ​មិន​ត្រឹម​តែ​សិក្សា​ជា​ទ្រឹស្ដី​ទេ​ បូក​ទាំង​ការ​អនុវត្តន៍ផ្ទាល់ភ្លាមៗ។​

ទិដ្ឋភាពពេលសិក្សា

គ្រូ​ជំនួយ​ជម្រើស​ជាតិ​ថ្នាល​ខាង​លើ​នេះ​បន្ត​លើក​ឡើង​ទៀត​ថា​ លើក​នេះ​គឺ​ប្លែក​ជាង​មុន​ទៅ​ទៀត​រៀន​ដាក់​ពិន្ទុ​តាម​បែប​អេឡិចត្រូនិក​ ថែម​ទាំង​មើល​វីដេអូ​ប្រកួត​ពិភពលោក​ហើយ​សាក​ដាក់​ពិន្ទុ​តាម​ ហើយ​បន្ទាប់​មក​ទៀត​ឆ្លងកាត់​ការ​វាយ​តម្លៃ​ពី​គ្រូ​ឧបទេស​ជនជាតិ​កូរ៉េ​ កម្រិត​ខ្សែក្រវាត់​ខ្មៅ​ ៨ដាន់។ ​វិចិត្រា​ ក៏​ប្ដេជ្ញា​ថា​នឹង​ប្រឹង​ប្រែង​ពង្រឹង​សមត្ថភាព​ផ្នែក​ចៅក្រម ​អាជ្ញាកណ្ដាល​នេះ​ជា​បន្តបន្ទាប់​ទៀត ​ដើម្បី​មាន​សមត្ថភាព​ពេញលេញ​ល្អ​ និង​មាន​ឱកាស​ឈាន​ដល់​កម្រិត​អន្តរជាតិ​នៅ​ពេល​ណា​មួយ។​

ទិដ្ឋភាពពេលសិក្សា

រំលឹក​ដែរ​ថា​ សហព័ន្ធ​តេក្វាន់ដូ​ ITF​ បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​ចៅក្រម ​អាជ្ញាកណ្ដាល​ កម្រិត​ «ក»​ រយៈពេល​៦ថ្ងៃ​គឺ​ចាប់​ពី​ថ្ងៃ​ទី២១​ ដល់​ ២៦​ ខែ​កញ្ញា​ ឆ្នាំ​២០២០​ នៅ​វិមាន​នៃ​ពហុ​កីឡដ្ឋាន​ជាតិ។​ វគ្គ​បណ្ដុះបណ្ដាល​នេះ​មាន​គ្រូ​ឧបទេស​ជាតិ​កូរ៉េ​ខាង​ជើង​ Grand Master Ri Chol Nam​ កម្រិត​ខ្សែក្រវាត់​ខ្មៅ​ ៨ដាន់៕​

អត្ថបទ៖ នួន ស៊ីណា​