សារឆ្លើយតបយ៉ាងខ្លីមួយពីលោក អៀង ស៊ីធុល ក្រោយលោកចូលពេទ្យវះកាត់ថង់ប្រមាត់
- 2020-09-29 03:56:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សារឆ្លើយតបយ៉ាងខ្លីមួយពីលោក អៀង ស៊ីធុល ក្រោយលោកចូលពេទ្យវះកាត់ថង់ប្រមាត់
ចន្លោះមិនឃើញ
សិល្បករ-សិល្បការិនីខ្មែរ សម្ដែងការសោកស្ដាយចំពោះតារាចម្រៀងជើងចាស់លោក អៀង ស៊ីធុល ដែលធ្លាក់ខ្លួនឈឺរហូតដល់វះកាត់ថង់ប្រមាត់ ហើយកំពុងស្ថិតនៅក្នុងការសង្គ្រោះរបស់ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យមួយ នារដ្ឋម៉ាសាជូសិត សហរដ្ឋអាមេរិក។
ដំណឹងធ្លាក់ខ្លួនឈឺដែលបញ្ចេញដោយលោក អៀង ស៊ីធុល ផ្ទាល់តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី២៧ ខែកញ្ញា ម្សិលម្ង៉ៃថា ថង់ប្រមាត់របស់លោកនឹងត្រូវវះកាត់ដោយក្រុមគ្រូពេទ្យជំនាញ នៃមន្ទីរពេទ្យ Lowell General Hospital ព្រោះលោកមានអាការៈឈឺចុកឈួល ហើយថង់ប្រមាត់របស់លោកឡើងហើមធំ។
ក្រោយពីមានការបង្ហោះរូបថតលោក១សន្លឹកដែលកំពុងស្ថិតនៅលើគ្រែពេទ្យ ភ្ជាប់ដោយសារដ៏គួរឲ្យព្រួយបារម្ភនេះ មានអ្នកសិល្បៈ និងសាច់ញាតិនៅប្រទេសកម្ពុជាជិត២០០នាក់ បានសរសេរសារសួសុខទុក្ខ ហើយចង់ដឹងពីការវិវត្ដ នៃការសង្គ្រោះនោះ។
ប៉ុន្តែក្រោយចូលពេទ្យលោក អៀង ស៊ីធុល បានឆ្លើយតបខមិនមួយនៅយប់មិញនេះ ថា"អគុណច្រើនកូនស្រី" ដែលប្រធានសមាគមអ្នកសិល្បៈខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា បានសរសេរសារជូនពរលោកថា"កូនសូមជូនពរលោកឪឆាប់ជាសះស្បើយ"។
ក្រៅពីសារឆ្លើយតបយ៉ាងខ្លីចំពោះអ្នកនាង ចន ច័ន្ទលក្ខិណា គឺលោកមិនបានបង្ហាញពីស្ថានភាពជំងឺរបស់លោកនោះឡើយ។ ចំណែក Sabay បានព្យាយាមរកសាច់ញាតិ និងប្រភពច្បាស់ការណ៍ ដើម្បីទាក់ទងសុំព័ត៌មានបន្ថែមពីស្ថានភាពជំងឺរបស់លោក អៀង ស៊ីធុល បាននៅឡើយទេ គិតមកដល់ម៉ោង១១ ព្រឹកថ្ងៃទី២៩ នេះ៕