ស្រីតូច ថាខឹង​ខ្លាំង​ណាស់ពេល សុវណ្ណនាថ ជា​​ប្ដី​វៃបាល់ជាប់​បាំង​ម្ដងៗ

  • 2020-09-29 07:41:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្វីបើ​មិន​បាន​ទៅ​​​គាំទ្រ​ផ្ទាល់​នៅតារាង​បាល់ទះ ប៉ុន្តែ ធី ស្រីតូច តែង​ទស្សនា​ការ​ប្រកួត​​របស់​ រ៉េត សុវណ្ណនាថ ដែល​ជា​ស្វាមី​តាម​រយៈ​ការ Live លើផេក​​ហ្វេកប៊ុក​។ ​បើ​និយាយ​ពី​អារម្មណ៍​ ស្រីស្អាត​ប្រចាំ​ស្រុក​ពាម​ជរ​ខេត្ត​ព្រៃវែង បង្ហើបថាសប្បាយចិត្តពេលឃើញកំពូល​កីឡាករប្ដូរ​ចង្កេះ​វៃ​ផ្ដាច់​ល្អ ប៉ុន្តែ​ម​ខឹងខ្លាំងពេល​គេវៃ​ជាប់​បាំង​​គូប្រជែងម្ដងៗ។

ស្រីតូច និងស្វាមី រ៉េត សុវណ្ណនាថ

ស្រីតូច ប្រាប់​ថា ៖«ហ្នឹង​ហើយ​បង! អឺ...ពេល​ដែល​ថា​មើល​តាម Live ហ្នឹង​ បើ​វៃ​បាល់​ទាក់​វីឡេ (ខ្ញុំ) ដឹង​តែ​បន្ទោស​ហ្មង ដឹង​តែ​ថា​តាម​ទូរសព្ទ​ហ្មង លេង​បាល់​អាចឹង​វៃ​អាចឹងអ៊ីចឹងណាបង តែ​បើ​សិន​​ថា​វៃ​បាល់​ទៅ​ចូល​ខាងគេ ឬ​បាល់​គ្រាប់​ត្រូវ​​បាន​ខាង​យើង វៃ​ចូល​គេ​ គេ​យក​បាន​ ហើយ​មក​ខាង​យើង​វិញ ខាង​យើង​វៃ​ចូល​វិញ ពេល​វៃ​ចូល​សុទ្ធ​តែ​ឡើង​​ស្រែក​ហ៊ោបង»។

ភរិយា​ដ៏​ស្រស់​ស្អាត​របស់​ដៃគូម៉ាប់ឆ្វេងរូបនេះ បង្ហើប​ទៀត​ថា ពេល​ការ​ប្រកួត​ជិត​ចប់ គឺ​អ្នកស្រីមិន​ហ៊ានមើល Live ឡើយ​ គឺបិទ​ចោល​សិន​ រួច​ហើយបើក​មើល​ជាថ្មី។

ស្រី​តូច ទទួល​ស្គាល់​ថាស្វាមីរបស់​ខ្លួនមានទម្រង់​​លេង​ធ្លាក់​ជាង​មុន​ខ្លាំង ហើយ​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​នេះ សុវណ្ណនាថ​ចាញ់​ច្រើន​ជាង​ឈ្នះ ដ្បិត​វ័យ​​ច្រើន​ជាង​មុន។ តែ​យ៉ាងណា ស្រីតូច មិន​ប្រកាន់​ខឹង​ឡើយ ផ្ទុយ​ទៅ​វិញ​មាន​តែ​លើក​ទឹក​ចិត្ត​បន្ថែម ដើម្បី​ឱ្យ​ខិតខំ​លេង​ឱ្យ​ល្អ​ដូច​មុន​វិញ។

ស្រីតូច បញ្ជាក់ ៖«ហ្នឹង​ហើយ​មួយ​រយៈ​នេះ​រៀង​ចាញ់​ច្រើន តែ​បើ​សម្រាប់​​ចិត្ត​ខ្ញុំ ខ្ញុំ​​អត់​​បន្ទោសទេ...ខ្ញុំ​មាន​តែ​លើក​ទឹក​ចិត្ត​ថែម មាន​តែ​ថា​ខំ​ប្រឹង​លេង​ឱ្យ​ល្អ​ដូច​មុន​ទៅ មិន​បាច់​ខំភ័យ​ទេ អ្នក​គាំទ្រ​យើង​ងៃណា​ដែល​យើង​​ល្អ​ ​គេ​នៅ​តែ​គាំទ្រ​យើង មិន​បាច់​ភ័យ​ទេ ឱ្យ​តែ​ថា​យើង​លេង​ល្អ​ដូច​មុន តែ​គ្រាន់​ដោយសារ​តែ​ថា ​ចាញ់​ហ្នឹង​ ចាញ់​ដោយសារ​ចាប់​គូ​ក្រោម​គេ​ពេក ចាប់​គូ​ក្រោម​គេ​ខ្លាំង​ហ្មង»។

អ្នក​ស្រីបានឱ្យ​ដឹង​ទៀត​ថា ទម្រង់លេងរបស់ស្វាមីខ្លួន​ធ្លាក់​ខ្លាំងបែបនេះ មិនមែនទើបតែឥឡូវទេ ពោល​ធ្លាក់​តាំង​ពី​មុន​រៀប​ការ​មក​​ម្ល៉េះ ប៉ុន្តែ​ចាញ់​​ឬ​ឈ្នះ​គឺជា​រឿង​ធម្មតា ហើយ​អ្នកស្រី​ក៏​មិន​ខឹង​អ្វី​ដែរ មាន​តែ​លើក​ទឹកចិត្ត​ថែម៕

អត្ថបទ៖ អ៊ុំ សុភក្តិ