សិស្សអាហារូបករណ៍ដំបូងពី ICES Cambodia បានផ្លាស់ប្តូរការសិក្សាទៅនៅសហរដ្ឋអាមេរិកហើយ
- 2020-09-29 08:03:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សិស្សអាហារូបករណ៍ដំបូងពី ICES Cambodia បានផ្លាស់ប្តូរការសិក្សាទៅនៅសហរដ្ឋអាមេរិកហើយ
ចន្លោះមិនឃើញ
ដូចការគ្រោងទុក នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ យុវសិស្ស ហ្គូយ ជីហុក សិស្សអាហារូបករណ៍ផ្លាស់ ប្តូរការសិក្សាកម្រិតវិទ្យាល័យដំបូងរបស់អាយស៊ីអ៊ីអេស ខេមបូឌា (ICES Cambodia) បានឡើងយន្តហោះទៅបន្តការសិក្សានៅសហរដ្ឋអាមេរិក (២០២០-២០២១) ហើយ។ ការផ្លាស់ប្តូរការសិក្សាទៅនៅសហរដ្ឋអាមេរិកនេះត្រូវបានធ្វើឡើង ក្រោយពីប្អូនបានបញ្ចប់ការប្រឡងសមត្ថភាពភាសាអង់គ្លេសកម្រិតសិស្សអន្តរជាតិ (ELTiS) ចំណេះដឹងទូទៅ រួមទាំងឆ្លងកាត់បទសម្ភាសផ្ទាល់មាត់ផង។ នៅទីបំផុត យុវសិស្ស ហ្គូយ ជីហុក ត្រូវបានជ្រើសរើសតំណាងប្រទេសកម្ពុជាជាលើកដំបូងក្នុងប្រវត្តិសាស្រ្តរបស់ ICES Cambodia ក្នុងរយៈពេល២៩ឆ្នាំមកនេះ។
បើតាមគណៈគ្រប់គ្រងសេវាកម្មផ្លាស់ប្ដូរការសិក្សាអន្តរជាតិ ICES Cambodia អាហារូបករណ៍ផ្លាស់ប្តូរការសិក្សាកម្រិតសិស្សវិទ្យាល័យ ដែលមានអាយុចាប់ពី១៥ ដល់១៨ឆ្នាំ ពី ICES Cambodia ទៅរៀននិងរស់នៅបរទេស មិនត្រឹមតែធ្វើឱ្យសិស្សទទួលបានការសិក្សាដ៏មានគុណភាពប៉ុណ្ណោះទេ ថែមទាំងទទួលបានបទពិសោធថ្មីៗ ជាពិសេសមានឱកាសយល់ដឹងអំពីវប្បធម៌ ប្រពៃណី និងរបៀបរបបរស់នៅប្រចាំថ្ងៃ រួមទាំងមិត្តភាពរបស់ពួកគេក្នុងកំលុងពេលរស់នៅ និងសិក្សានៅទីនោះផង។
អំឡុងពេលសិក្សាពេញមួយឆ្នាំនៅសហរដ្ឋអាមេរិក សិស្សត្រូវរស់នៅជាមួយគ្រួសារមួយដែលយកចិត្តទុកដាក់ក្នុងការធានាសុវត្ថិភាព និងរៀននៅវិទ្យាល័យក្នុងស្រុកនោះតែម្តង។ តាមរយៈការរស់នៅ ពួកគេចូលរួមចែករំលែក និងរបៀបរស់នៅរបស់ពួកគេ ដើម្បីពង្រីកចំណេះដឹងអំពីវប្បធម៌ផ្សេងៗ ជាពិសេសការលើកទឹកចិត្តឱ្យមានទំនាក់ទំនងពិភពលោកដ៏ល្អប្រសើរ។ ជាងនេះទៅទៀត ពួកគេទទួលបានជំនាញភាសា ការរៀនសូត្រកាន់តែមានភាពឯករាជ្យ បទពិសោធនៃវប្បធម៌ ការយល់ដឹងពីប្រព័ន្ធអប់រំផ្សេងគ្នា និងការកសាងមិត្តភាពពេញមួយជីវិតរបស់ពួកគេ។
បើតាមគម្រោងរបស់យុវសិស្ស ហ្គូយ ជីហុក នឹងទៅរៀននៅវិទ្យាល័យមួយនៅសហរដ្ឋអាមេរិករយៈពេលមួយឆ្នាំ ដោយរូបគេត្រូវរស់នៅជាមួយគ្រួសារមួយគួរឱ្យស្រឡាញ់នៅក្នុងរដ្ឋ Oklahoma ព្រមទាំងសិស្សម្នាក់ទៀតមកពីប្រទេសអេស្បាញ និងរៀននៅវិទ្យាល័យ Deer Creek។ នេះអាចទុកថា ជាដំណើរកម្សាន្តជាលើកទី១ របស់យុវសិស្ស ហ្គូយ ជីហុក ដែលបានឃ្លាតឆ្ងាយពីស្រុកកំណើតតែម្នាក់ឯង ប៉ុន្តែយុវសិស្សម្នាក់នេះ មានក្ដីរីករាយក្នុងការចែករំលែកវប្បធម៌ខ្មែរជាមួយគ្រួសារនៅបរទេស និងមិត្តភក្ដិថ្មីនៅក្នុងបរិបទថ្មីរបស់ខ្លួន។
គិតចាប់តាំងពីខែមករាមក ICES Cambodia បានរៀបចំឯកសារចាំបាច់នានា ព្រមទាំងការដាក់ពាក្យ ការសម្ភាស ការតម្រង់ទិស និងការបណ្ដុះបណ្ដាលយុវសិស្ស ហ្គូយ ជីហុក មុននឹងចាកចេញទៅផ្លាស់ប្តូរការសិក្សានៅសហរដ្ឋអាមេរិក។ ទោះយ៉ាងណា សេវាកម្មផ្លាស់ប្ដូរការសិក្សាអន្តរជាតិ ICES Cambodia នៅតែបន្តត្រួតពិនិត្យវឌ្ឍនភាពរបស់យុវសិស្ស ហ្គូយ ជីហុក ទោះបើពេលនេះរូបគេបានផ្លាស់ប្ដូរការសិក្សាទៅនៅសហរដ្ឋអាមេរិកហើយក៏ដោយ តែ ICES Cambodia នៅតែយកចិត្តទុកដាក់ឈឺឆ្អាលរហូតដល់ថ្ងៃដែលរូបគេត្រឡប់មកប្រទេសកម្ពុជាវិញ នៅខែមិថុនា ឆ្នាំ២០២១។ នេះបើតាមការអះអាងបន្ថែមរបស់គណៈគ្រប់គ្រងសេវាកម្មផ្លាស់ប្ដូរការសិក្សាអន្តរជាតិ ICES Cambodia។
សូមជម្រាបជូនថា សេវាកម្មផ្លាស់ប្ដូរការសិក្សាអន្តរជាតិ International Cultural Exchange Services មានកិច្ចសហការជាមួយដៃគូជុំវិញពិភពលោក ដើម្បីគាំទ្រសិស្សក្នុងការសម្រេចចិត្តជ្រើសរើសគោលដៅក្នុងនាមជាអ្នកផ្ដល់ការអប់រំដ៏ល្អបំផុត ជាពិសេសផ្ដល់ជូននូវសេវាកម្មប្រកបដោយគុណភាព និងការគាំទ្រសិស្សតាំងពីដើមដល់ចប់ ដើម្បីសិស្សទទួលបានលទ្ធផលច្រើនជាងអ្វីដែលពួកគេរំពឹងទុក៕