កម្មវិធីពង្រឹងអាជីវកម្មដែលជួបបញ្ហាក្នុងអំឡុងកូវីដក្រោមជំនួយរបស់ Smart ចាប់ផ្តើមសម្ពោធហើយ

  • 2020-10-02 08:45:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 9

ចន្លោះមិនឃើញ

ដើម្បីជួយគាំទ្រដល់អាជីវកម្មទើបបង្កើតថ្មី និងអាជីវកម្មខ្នាតតូច និងមធ្យម នៅទូទាំងប្រទេសកម្ពុជា Impact Hub Phnom Penh បានដាក់ដំណើរការកម្មវិធីអប់រំថ្មីមួយ សម្រាប់សហគ្រិននៅកម្ពុជា ដែលកម្មវិធីនេះបានទទួលជំនួយពីមូលនិធិទឹកប្រាក់ចំនួន 1 លានដុល្លារ របស់ក្រុមហ៊ុន Smart Axiata ដើម្បីប្រឆាំងកូវីដ១៩។

កម្មវិធីថ្នាក់សិក្សាអនឡាញនេះ មានគោលបំណងជួយ ដល់សហគ្រិននៅកម្ពុជា ដើម្បីជំនះបញ្ហា ដែលបង្កឡើងដោយជំងឺរាតត្បាតសកលកូវីដ១៩។ កម្មវិធីនេះបង្កើតឡើង ជាពិសេសសម្រាប់អ្នកដឹកនាំអាជីវកម្មខ្នាតតូច និងមធ្យម ដែលត្រូវការដំណោះស្រាយ ដើម្បីជួយឲ្យអាជីវកម្មរបស់ពួកគេប្រសើរឡើង និងបង្កើតក្រុមហ៊ុនដែលធន់នឹងគ្រោះមហន្តរាយផ្សេងៗ។

អំឡុងពេលនៃកម្មវិធីសិក្សា អ្នកចូលរួមនឹងរៀនសូត្រអំពីរបៀបវាយតម្លៃនៃប្រតិបត្ដិការអាជីវកម្មនាពេលបច្ចុប្បន្នរបស់ពួកគេ ដើម្បីសម្របខ្លួនទៅនឹងការផ្លាស់ប្តូរនៃកាលៈទេសៈ ដោយរៀបចំគម្រោង និងអនុវត្តផែនការថ្មីុ។ តាមរយៈកម្មវិធីនេះ សហគ្រិនក៏នឹងរៀនអំពីវិធីផ្សេងៗដើម្បីទទួលបានមូលនិធិជំនួយបន្ថែម ការប្រាស្រ័យទាក់ទងជាមួយអតិថិជន និងវិធីកែលម្អផែនការហិរញ្ញវត្ថុរបស់ពួកគេឡើងវិញឲ្យសាកសមនឹងទីផ្សារបច្ចុប្បន្ន។ ថ្នាក់រៀនតាមអនឡាញ នឹងមាននៅលើគេហទំព័ររបស់ Impact Hub ហើយសហគ្រិនអាចចូលមើលខ្លឹមសារមេរៀនបានគ្រប់ពេលដោយឲ្យគិតថ្លៃ។

កញ្ញា Olivia Hough នាយកគ្រប់គ្រងរបស់ Impact Hub Phnom Penh មានប្រសាសន៍ថា៖ « គោលដៅនៃកម្មវវិធីពង្រឹង អាជីវកម្ម សម្រាប់អាជីវកម្មខ្នាតតូច និងមធ្យមគឺ ដើម្បីនាំយកចំណេះដឹងដល់សហគ្រិននៅទូទាំងប្រទេសកម្ពុជា និងជួយពួកគេបង្កើតអាជីវកម្មប្រកបដោយនិរន្តរភាព និងភាពធន់ ដែលអាចជំនះវិបតិ្ត ដូចជាជំងឺរាតត្បាតសកលកូវីដ១៩ » ។

ម្ចាស់អាជីវកម្មទាំងអស់ នឹងអាចចូលមើលវគ្គសិក្សាតាមអនឡាញ ផ្សេងៗគ្នា និងចូលរួមក្នុងការសន្ទនាតាមអនឡាញប្រចាំខែជាមួយសហគ្រិនដទៃទៀតផងដែរ។ ពួកគេក៏អាចចូលមើលវីដេអូ ប្រភពឯកសារ ករណីសិក្សាដែលមកពីជុំវិញពិភពលោក និងធ្វើកិច្ចការលំហាត់ ផ្សេងទៀតផងដែរ។ ថ្នាក់រៀនតាមអនឡាញនឹងចំណាយពេលប្រហែល ១០ ម៉ោង ដើម្បីបញ្ចប់ ហើយអ្នកចូលរួមដែលទទួលបានជោគជ័យទាំងអស់ នឹងទទួលបានវិញ្ញាបនប័ត្រនៅចុងបញ្ចប់នៃវគ្គសិក្សា។

កញ្ញា Olivia Hough បន្ថែមទៀតថា ៖ « យើងបានចាប់ដៃគូជាមួយ ក្រុមហ៊ុន Spring Activator ជាក្រុមហ៊ុនកាណាដាដែលគាំទ្រដល់អាជីវកម្មទើបបង្កើតថ្មី និងមានបទពិសោធន៍ក្នុងការឆ្លងកាត់វិបត្តិសេដ្ឋកិច្ចចំនួន ៣ លើក ដែលនេះហើយជាកត្តាធ្វើឲ្យក្រុមហ៊ុនមានបទពិសោធន៍ដោយផ្ទាល់ក្នុងការដឹកនាំអាជីវកម្មឆ្លងកាត់ពេលវេលាលំបាកនៃភាពមិនប្រាកដប្រជា និងហានិភ័យ។ យើងបានដាក់បញ្ជូលការសិក្សា និងបកប្រែខ្លឹមសារ ដើម្បីឲ្យសាកសមនឹងបរិបទសង្គមសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា » ។

រហូតមកដល់ពេលនេះ ក្រុមហ៊ុន Smart បានផ្តល់ជំនួយមូលនិធិដល់គម្រោងចំនួន ១១ ផ្សេងៗគ្នា តាមរយៈ មូលនិធិប្រឆាំងវីរុសកូវីដ ១៩ ដែលក្នុងចំណោមគម្រោងនោះគឺផ្តោតលើសកម្មភាពផ្សេងៗដូចជា ការអប់រំពីចម្ងាយ ការរក្សាអនាម័យផ្ទាល់ខ្លួន បរិក្ខារការពារខ្លួនសម្រាប់អ្នកជំនាញផ្នែកវេជ្ជសាស្រ្ត និងការបណ្តុះបណ្តាលវិជ្ជាជីវៈផ្នែកជំនួយហិរញ្ញវត្ថុសម្រាប់សហគ្រិន។

លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ « យើងមានមោទនភាពណាស់ដែលបានគាំទ្រដល់កម្មវិធីពង្រឹងអាជីវកម្ម របស់ Impact Hub។ ការជោគជ័យរបស់អាជីវកម្មទើបបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យម គឺមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីកសាងសេដ្ឋកិច្ចឲ្យរឹងមាំ ជាពិសេសក្នុងអំឡុងពេលដែលអាជីវកម្មកំពុងប្រឈមនឹងបញ្ហាធ្ងន់ធ្ងរ ដូចជា ការផ្លាស់ផ្ដូរក្នុងទីផ្សារ ការបាត់បង់អតិថិជន និងបញ្ចូលសកម្មភាពទៅអនឡាញ » ។

សម្រាប់ព័ត៌មានបន្ថែមអំពី មូលនិធិទឹកប្រាក់ ១ លានដុល្លាសម្រាប់ប្រឆាំងកូវីដ១៩ របស់ ក្រុមហ៊ុន Smart Axiata សូមតាមដានលើទំព័រ Facebook របស់ក្រុមហ៊ុន Smart តាមរយៈ Smar​t For Cambodia ឬ ចូលទៅកាន់គេហទំព័រ Smart