ភស្តុតាងច្រើនសន្ធឹកបង្ហាញថា សត្វរមាសធ្លាប់មាននៅស្រុកខ្មែរ ប៉ុន្តែត្រូវវិនាសផុតពូជ
- 2020-10-12 02:07:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភស្តុតាងច្រើនសន្ធឹកបង្ហាញថា សត្វរមាសធ្លាប់មាននៅស្រុកខ្មែរ ប៉ុន្តែត្រូវវិនាសផុតពូជ
ចន្លោះមិនឃើញ
រមាសជាសត្វចតុប្បាទព្រៃមួយប្រភេទ រាងមាំសំបុកពោះទ្រយុកស្រដៀងនឹងជ្រូកស្រុក, ប្រអប់ជើងស្រដៀងនឹងដំរី, ក្បាលតូចឆ្លឺមមិនសមនឹងមាត្រ, ស្បែកក្រាស់, មានកុយដុះចំពីលើច្រមុះ។ សត្វរមាសក្នុងប្រទេសអាស៊ីមានកុយតែមួយ តែក្នុងប្រទេសអាហ្វ្រិកមានកុយពីរដុះមួយមុខមួយក្រោយបន្ទាប់គ្នា។ វាជាពពួកសត្វសាហាវ បរិភោគសត្វដូចគ្នាជាអាហារ ហើយក៏បរិភោគរុក្ខជាតិដែរ។
បើតាមព្រះគុណម្ចាស់ មុិញ ឡៃយ៉ា បានបកស្រាយថារយៈការសិក្សាអំពីប្រវត្តិសាស្ត្រខ្មែរក្នុងសម័យបុរាណ ពោលគឺតាំងតែពីសម័យនគរភ្នំមក យើងឃើញថាក្នុងការធ្វើពាណិជ្ជកម្ម ជំនួញជួញដូរក្នុងសម័យនោះជាមួយប្រទេសចិន ឥណ្ឌា ជ្វា ចម្ប៉ា បានបង្ហាញឲ្យឃើញថាសម័យនោះបន្ទាប់ពីគ្រឿងអលង្ការដែលធ្វើអំពី មាស ប្រាក់ ត្បូងកែវ លង្ហិន សំរឹទ្ធ ភ្លុកដំរី ស្បែកខ្លា ក៏នៅមានវត្ថុសំខាន់មួយប្រភេទទៀតគឺ កុយរមាស។
ឯកសារសបញ្ជាក់ឱ្យឃើញថានៅក្នុងដែនដីខ្មែរតាំងតែពីសម័យបុរាណកាលមកគឺសម្បូរសត្វរមាសរស់នៅជាច្រើន ដូច្នេះហើយទើបមានការជួញដូរកុយរមាសសន្ធឹកសន្ធាប់ទៅកាន់ប្រទេសនានា ដូចបានរៀបរាប់ខាងលើមកហើយ។ ភស្តុតាងពីសត្វរមាសផ្សេងទៀតគឺនៅតាមភូមិស្រុក ប្រាសាទមួយចំនួននៅសល់ឈ្មោះសត្វរមាសជាប់ជាមួយដូចជា ក្រោលរមាស, រមាសហែក, ក្បាលរមាស, ខ្នាចរមាស -ល-។
នៅលើប្រាសាទខ្មែរសម័យអង្គរមានសេសសល់ចម្លាក់សត្វរមាសលើជញ្ជាំងប្រាសាទ លាយលំនឹងសត្វព្រៃដទៃ និងមានក្នុងចម្លាក់រៀបរាប់ពីទេវកថា ជាមួយអាទិទេព។ នេះនៅមិនទាន់និយាយពីសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃរបស់ដូនតាខ្មែរដែលមានឆ្លាក់រូបសត្វរមាស នៅសម័យកណ្ដាលផង។
នៅសម័យឧត្តុង្គពោលគឺមុនសម័យអាណានិគមព្រះបាទអង្គឌួងបានសរសេរព្រះរាជសារទី២ ថ្វាយទៅ ព្រះចៅណាប៉ូឡេអុងទី៣ សុំអន្តរាគមន៍ពីបារាំងដោយអមជាមួយលិខិតនោះមានតង្វាយដូចជា៖ ភ្លុកដំរីធំៗ៤, កុយរមាស ២, ជ័រចុង ៧បាវ (៣០០ គីឡូ), ស្ករស ៣០០គីឡូ, ម្រេច ៣០០ គីឡូបានដឹកចេញពីសិង្ហបុរី តាមកប៉ាល់ទៅដល់ប៉ារីសឆ្នាំ១៨៥៧។
តាមរយៈឯកសារនេះបានបង្ហាញថា ប្រទេសកម្ពុជានៅមានវត្តមានសត្វរមាសរស់នៅ នៅឡើយ។ ឯកសារចុងក្រោយមួយទៀតដែលបានបង្ហាញប្រាប់យើងឱ្យដឹងគឺតាមរយៈរូបភាពសត្វរមាសលើតែមប្រៃសណីយ៍ (៣៛) នៅក្នុងសម័យសាធារណរដ្ឋខ្មែរ ចន្លោះឆ្នាំ ១៩៧០-១៩៧៥។ ទាំងនេះគឺជាឯកសារដ៏សំខាន់ប្រាប់ជនជាតិខ្មែរយើងគ្រប់រូបឱ្យដឹងថាសត្វរមាសធ្លាប់រស់នៅលើទឹកដីខ្មែរតាំងតែពីសម័យបុរាណកាលមករហូតរាប់រយពាន់ឆ្នាំ បើទោះជាបច្ចុប្បន្នត្រូវផុតពូជ ឬអ្នកស្រាវជ្រាវរកមិនទាន់ឃើញក៏ដោយ៕