ធនាគារនៅប្រទេស អ៊ូហ្គង់ដា កំពុងមានអ្នក Hackលើប្រព័ន្ធវេរលុយ

  • 2020-10-13 03:10:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីពេលថ្មីៗនេះក្រុមជនអនាមិកបានជ្រៀតចូលទៅក្នុងប្រព័ន្ធវេរលុយតាមរយៈទូរសព្ទរបស់ក្រុមហ៊ុន Pegasus Technologies ដែលជាក្រុមហ៊ុនគ្រប់គ្រងកម្មវិធីវេរលុយ និងសេវាកម្មហិរញ្ញវត្ថុផ្សេងៗទៀតឱ្យធនាគារធំៗនៅក្នុងប្រទេសអ៊ូហ្គង់ដា។ យ៉ាងហោចណាស់ទឹកប្រាក់ចំនួន ៣.២លានដុល្លារ ត្រូវបានលួចយកនៅក្នុងការវាយប្រហារនេះ ប៉ុន្តែចំនួនទឹកប្រាក់ពិតប្រាកដគឺអាចលើសពីនេះទៅទៀត។

បច្ចុប្បន្នក្រុមហ៊ុនផ្ដល់សេវាកម្មទូរសព្ទធំៗពីរ MTN Uganda និង Airtel Uganda បានបិទដំណើរការវេរលុយនៅក្នុងប្រព័ន្ធរបស់ពួកគេដើម្បីស្រាវជ្រាវអំពីបញ្ហានេះ។ បើតាមអ្នកនាំពាក្យរបស់នាយកដ្ឋានស៊ើបអង្កេតព្រហ្មទណ្ឌ លោក Charles Twine បានឱ្យដឹងថា សមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវ ស្វែងរកក្រុមអ្នកវាយប្រហារ ចំនួនទឹកប្រាក់ដែលត្រូវបានលួច និងវិធីដែលពួកគេប្រើដើម្បីជ្រៀតចូលទៅក្នុងប្រព័ន្ធនេះផងដែរ។

សូមបញ្ជាក់ផងដែរថា សេវាកម្មហិរញ្ញវត្ថុតាមរយៈទូរសព្ទគឺមានភាពពេញនិយមនៅក្នុងប្រទេសអ៊ូហ្គង់ដា ដែលពួកគេប្រើសម្រាប់វេរលុយនៅពេលដែលទិញទំនិញផ្សេងៗ ឬដើម្បីបង់វិក័យប័ត្រទឹកនិងភ្លើងជាដើម មិនត្រឹមតែប៉ុណ្ណោះពួកគេក៏បានប្រើសេវាកម្មនេះដើម្បីខ្ចីប្រាក់បានថែមទៀតផង។

សម្រាប់ប្រទេសកម្ពុជាយើងវិញ សេវាកម្មវេរលុយតាមរយៈទូរសព្ទនេះក៏កំពុងតែមានភាពពេញ និយមខ្លាំងណាស់ដែរ ដូច្នេះដើម្បីការពារសុវត្ថិភាពក្នុងការប្រើប្រាស់សេវាកម្មនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមឱ្យអ្នកប្រើប្រាស់មានការប្រុងប្រយ័ត្ន ដូចជាការបោកប្រាស់លួងលោមតាមរយៈការផ្ញើសារឬតេចូលដោយអះអាងថា លោកអ្នកបានឈ្នះរង្វាន់ ប៉ុន្តែតម្រូវឱ្យបង់ប្រាក់សម្រាប់សេវាកម្មជាមុននោះ។

ការបោកប្រាស់មួយទៀតនោះគឺជនខិលខូចបានតេចូលហើយថាពួកគេតេមកពីធនាគារ ដើម្បីបញ្ជាក់លេខគណនី ឬលេខកូដសម្រាប់ទទួលបានរង្វាន់ ប៉ុន្តែនេះគឺគ្រាន់តែជាការបោកបញ្ឆោតដើម្បីយកលេខកូដ ហើយចូលទៅក្នុងគណនីរបស់លោកអ្នក ដើម្បីលួចយកលុយរបស់លោកអ្នកតែប៉ុណ្ណោះ៕

ប្រភព៖ Anti Cyber Crime Department