មូលហេតុចម្បងទាំង ៥ ដែលធ្វើឱ្យស្រីៗចេះតែមួម៉ៅ មនុស្សប្រុសពិបាកយល់

  • 2020-10-23 01:11:40
  • ចំនួនមតិ 8 | ចំនួនចែករំលែក 34

ចន្លោះមិនឃើញ

មនុស្សម្នាក់ៗតែងតែមានអារម្មណ៍ផ្ទាល់ខ្លួន មិនថាល្អ ឬ អាក្រក់ទៅតាមស្ថានភាព និងបរិយាកាសជុំវិញខ្លួន។ មានមតិជាច្រើនបានលើកឡើងពីមនុស្សប្រុសថា មនុស្សស្រីពិបាកយល់ចិត្ត តែងតែមួម៉ៅរករឿងមនុស្សប្រុសដោយមិនដឹងមូលហេតុ ។

តោះ! ចង់ដឹងថាមូលហេតុអ្វីបានជាស្រីៗខ្លះ ចេះតែមួម៉ៅ មកមើលមូលហេតុទាំងអស់គ្នា ដូចជា ៖

១. ការគិតច្រើន ៖ អត្តចរិតរបស់មនុស្សស្រីដែលមានមកពីណើត តែងតែគិតច្រើន ទៅលើគ្រប់រឿង មិនថា ការងារ គ្រួសារ ឬស្នេហាទេ។ ការគិតច្រើនក្នុងរឿងស្នេហា តែងតែធ្វើឲ្យមនុស្សស្រីរករឿងមនុស្សប្រុសគ្រប់ពេល (ប្រចណ្ឌ) ការមួម៉ៅ រករឿងនេះមកពីការស្រឡាញ់ ចង់បានចំណាប់អារម្មណ៍ពីមនុស្សប្រុស។ អីចឹង ប្រសិនបើប្រុសៗ មិនចង់ឲ្យស្រីៗ រករឿងទេ អាចចំណាយពេលជាមួយនាង ឲ្យបានច្រើនបន្តិចទៅ នោះស្រីៗនឹងមិនរករឿងទៀតទេ។

២. សម្ពាធគ្រួសារ ៖ បន្ទុកគ្រួសារត្រូវធ្លាក់មកលើមនុស្សស្រី ប្រសិនបើគ្រួសារនោះគ្មានបង្គោលគ្រួសារដែលរឹងមាំ។ បញ្ហាគ្រូសារតែងតែ កើតមានរៀងរាល់ថ្ងៃ មិនថារឿងចាស់ដែលដោះស្រាយមិនទាន់រួច រួមជាមួយនឹងថ្មីដែលទើបតែកើតឡើង។ នៅពេលដែលមានសម្ពាធគ្រួសារ មនុស្សស្រីតែងតែជះកំហឹងទៅលើមនុស្សជុំវិញខ្លួន ជាពិសេសមនុស្សប្រុស អញ្ចឹងមនុស្សប្រុសត្រូវទ្រាំបន្តិចទៅដើម្បីមនុស្សដែលខ្លួនស្រឡាញ់។

៣. សម្ពាធការងារ ៖ ធ្វើការងារ កាន់តែធំ សម្ពាធកាន់តែច្រើន។ បើមនុស្សស្រីចេញពីការ ស្រាប់តែមួម៉ៅ មុខក្រយ៉ូវ នោះច្បាស់ហើយ ប្រាកដជាត្រូវមេដាក់ការងារឲ្យធ្វើច្រើន ឬមេបន្ទោសហើយ ។ មនុស្សប្រុសបើស្រឡាញ់គេ ត្រូវទ្រាំស្តាប់មនុស្សស្រីរអ៊ូបន្តិចទៅ ពេលដែលគាត់រអ៊ូអស់ចិត្តហើយ អារម្មណ៍គាត់នឹងប្រែជាល្អវិញច្រើន។

៤. ការគេងមិនគ្រប់គ្រាន់ ៖ គេង ពិតជាសំខាន់បំផុតសម្រាប់មនុស្សម្នាក់ៗ។ បើគេងមិនបានគ្រប់គ្រាន់ បុគ្គលនោះប្រាកដជាមានអារម្មណ៍មិនល្អ ជាពិសេស គឺមនុស្សស្រី។ ការគិតច្រើនក៏អាចធ្វើឲ្យមនុស្សស្រីគេងមិនលក់ ដែលអាចធ្វើឲ្យនាងចេះតែមួម៉ៅដាក់គេឯងដែរ ។ អញ្ចឹងប្រសិនបើចង់ឲ្យនាងមានអារម្មណ៍ល្អឡើងវិញ ត្រូវចំណាយពេលនៅជាមួយនាង បង្ហាញការយកចិត្តទុកដាក់របស់អ្នកចំពោះនាងឲ្យបានច្រើន ដើម្បីកុំឲ្យនាងគិតច្រើន ហើយឆាប់គេងលក់ផងដែរ។

៥. មុន និងអំឡុងពេលមករដូវ ៖ មុន និងអំឡុងពេលមករដូវ មនុស្សស្រីច្រើនមានអាការៈមិនស្រួលខ្លួន ដូចជា ហើមពោះ ,ចុកខ្នង , ចុកចង្កេះ , អស់កម្លាំងឃ្លានខុសធម្មតា , អន្ទះអន្ទែង និងឆាប់មួម៉ៅ ដោយសារការប្រែប្រួលនៃអ័រម៉ូនក្នុងខ្លួនស្ត្រី។ ការមករដូវនឹងមានរៀងរាល់ខែ អញ្ចឹងប្រសិនបើឃើញ មនុស្សស្រីមុខក្រម៉ូវ អារម្មណ៍មិននឹងនរ (Moody) ទោះពេលខ្លះមនុស្សប្រុសមិនបានធ្វើអ្វីខុសនោះ មនុស្សស្រីម្នាក់នោះអាចកំពុងមករដូវហើយ។ យកចិត្តទុកដាក់នឹងនាង ដោយការឲ្យនាងញ៉ាំទឹកក្តៅ តែខ្ញី ឬ តែក្រូចឆ្មាទឹកឃ្មុំ និងឧស្សាហ៍សួរនាំពីនាង នោះនាងនឹងសប្បាយចិត្តធម្មតាវិញហើយ ៕

Manulife Cambodia គាំទ្រការស្រលាញ់សុខភាព

ប្រភព៖ healthline   សុភារម្យ