នៅ​ចាំ​តួអង្គ​មឺយចឺយ​អត់? នាង បង្ហាញមុខដៃគូជីវិតថ្មី ដើម្បីបញ្ចប់​ឈ្មោះជាស្រី​មេម៉ាយ​រយៈពេលជាង​១០​ឆ្នាំ

  • 2020-10-14 06:31:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​តារា​សម្ដែង និង​ជា​ពិធី​ការិនី ព្រំ រដ្ឋា រក​ដៃគូ​ជីវិត​ថ្មី​ឃើញ​ហើយ ក្រោយ​ពី​នាង​ជាប់​ឈ្មោះ​ជា​ស្រីមេម៉ាយ​វ័យក្មេង​ជាង​១០​ឆ្នាំ។ ព្រំ រដ្ឋា និង​ស្វាមី​ក្រោយ​ដែល​ជា​ជន​ជាតិបរទេស កំពុង​រួម​រស់​យ៉ាង​មាន​ក្ដី​សុខ​ជាមួយ​គ្នា ប៉ុន្តែ​ការ​រួម​រស់​នេះ​ហាក់​នៅ​មាន​ភាព​លាក់លៀម ដោយ​នាង​លើក​ហេតុផល​ថា​រវល់​នឹង​ការងារ​ពេក​ពុំ​មាន​ពេល​ស្វីតៗ។

អ្នក​នាង ព្រំ រដ្ឋា ដែល​បច្ចុប្បន្ន​ជា​អ្នកនិពន្ធ និង​ជា​ចាងហ្វាង​ផលិតកម្ម​ PR បាន​បង្ហើប​ប្រាប់ Sabay ថា រូប​នាង និង​ស្វាមី​ក្រោយ មិន​បាន​រៀបការ ឬ​ប្រកាស​ឲ្យ​គេ​ឯង​បាន​ដឹង​នោះ​ទេ តែ​ក៏​ពុំ​ដែល​មាន​បំណង​លាក់លៀម​អ្វី​ដែរ។ អ្នក​នាង និង​ស្វាមី មាន​ទំនាក់​ទំនង​ជាមួយ​គ្នា​ជា​យូរ​មក​ហើយ ហើយ​ការ​មើល​ចិត្ត​ថ្លើម​គ្នា​ក៏​កាន់​តែ​ល្អ​ប្រសើរ ​ប៉ុន្តែ​នាង​ពុំ​បាន​បញ្ជាក់​ថា ទៅ​ថ្ងៃ​អនាគត​នាង​នឹង​រៀបចំ​ពិធី​មង្គល​តាម​ប្រពៃណី​ខ្មែរ ឬ​មានគម្រោងយក​កូន​ចៅ ឬ​យ៉ាង​ណានោះ​ទេ។

ព្រំ រដ្ឋា៖"ខ្ញុំ​មាន តែ​គ្រាន់​​ថា​ខ្ញុំ​មិន​បាន​រៀបការ​ទេ យើង​រស់នៅ​សុខសប្បាយ​ជាមួយ​គ្នា គាត់​យល់​ពី​ខ្ញុំ ហើយ​ខ្ញុំយល់​​ពី​គាត់ និយាយ​រួម​យើង​ក៏​រវល់​នឹង​ការងារ​នៅ​ផលិត​កម្ម​នេះ​ខ្លាំង​ដែរ មិន​មាន​ពេល​ទៅ​ស្វីត​ណា​ទេ"។

តួ​ឯក​ក្នុង​រឿង"ព្រះ​លក្សិណវង្ស​នាង​ព្រាហ្មណ៍កេសរ" និង​ជា​តួ​អង្គ​សម្ដែង​យ៉ាង​សាក​សម​ក្នុង​បទ​ចម្រៀង​យីកេ​រឿង"ម៉ាក់​ថឺង" អ្នក​នាង ព្រំ រដ្ឋា ធ្លាប់​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​អាណិកជន​ម្នាក់​នៅ​សហរដ្ឋ​អាមេរិក​កាល​ពី​ឆ្នាំ​២០០៣។ ក្រោយ​រៀបការ នាង​បាន​ចេញ​ទៅ​រស់នៅ​លើ​ទឹកដី​សហរដ្ឋ​អាមេរិក ជាមួយ​ស្វាមី​រហូត​ដល់​បង្កើត​បាន​កូន​ស្រី​ម្នាក់​ជា​ចំណង​ដៃ​ទៀត​ផង។ ប៉ុន្តែ​ក្រោយ​មក គឺ​នៅ​អំឡុង​ឆ្នាំ​២០០៩ ចំណង​ស្នេហ៍នេះ​ ​ត្រូវ​បាន​បែកបាក់​វិញ។

ក្រោយ​លែងលះ​ដាច់​ស្រេច​ជាមួយ​ស្វាមី​ដើម ព្រំ រដ្ឋា បាន​ត្រឡប់​មក​រស់នៅ​ស្រុក​ខ្មែរ​វិញ ដោយ​ទុក​ឲ្យ​កូន​ស្រី​រស់នៅ​ជាមួយ​ឪពុក។ ពេល​ត្រឡប់​មក​ស្រុកខ្មែរ នាង​បាន​ចាប់​យក​អាជីព​សម្ដែង​ឡើង​វិញ រហូត​ដល់​នាង​បានក្លាយ​ជា​ចាងហ្វាង​ផលិតកម្ម​មួយ​ឈ្មោះថា PR រហូត​មក​ដល់​សព្វថ្ងៃ។ បច្ចុប្បន្ន ព្រំ រដ្ឋា និង​ស្វាមី​ក្រោយ កំពុង​រួម​រស់​ជាមួយ​គ្នា​យ៉ាង​មាន​ភាព​កក់ក្ដៅ នៅ​គ្រាហ៍​ដែល​នាង​ក៏​មមាញឹក​ខ្លាំង​ណាស់​ដែរ​ជាមួយ​នឹងនិពន្ធ និងដឹកនាំរឿង៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ