ឡេង ណាវ៉ាត្រា៖ ជីវិត​យើង​មិន​ដឹង​ថា​នៅ​ដល់​ពេល​ណា អ៊ី​ចឹង​មានឱកាស​ជួយ​គ្នា​បាន គួរតែជួយ

  • 2020-10-20 05:20:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​ពលករ អ្នកនិពន្ធ និង​ជា​ចាងហ្វាង​ផលិតកម្ម ឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់​ថា ជីវិត​យើង​ម្នាក់​ៗ មាន​ពេល​មិន​វែង​នោះ​ទេ ដូច្នេះ​ពេល​នៅ​រស់​លើ​ផែន​ដី​នេះ អ្វី​ដែល​អាច​ជួយ​គ្នា​បាន គួរ​តែ​ជួយ។

ថ្លែង​បែប​នេះ ក្រោយ​ពី​អតីតពលករ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង បាន​ដឹកនាំ​ក្រុម​តារា​ចម្រៀង​នៃ​ផលិតកម្ម Galaxy Navatra ចុះ​ជួយ​ប្រជាពលរដ្ឋ​ដែល​បាន និង​កំពុង​រងគ្រោះ​ដោយ​ទឹកជំនន់​នៅ​ខេត្តបន្ទាយ​មាន​ជ័យ។

ឧកញ៉ា វ័យ​ក្មេង​ថ្លែង​ថា ​ពេល​ដែល​ឃើញ​បង​ប្អូន​ជន​រួម​ជាតិ​មាន​ទុក្ខ លោក​ក៏​មាន​ទុក្ខ​ដែរ។ ដូច្នេះ​ហើយ ពេល​ឃើញ​បង​ប្អូន​ប្រជាពលរដ្ឋ​មាន​ទុក្ខ​នា​គ្រា​នេះ ឧកញ៉ា​ខ្លួន​ឯង​ដែល​ធ្លាប់​លំបាក ក្រ​ខ្សត់​ដែរ​នោះ ក៏​នៅ​មិន​សុខដូច្នេះដែរ។ បែប​នេះ​ហើយ ទើប​ឧកញ៉ា​វ័យ​ក្មេង​ដឹកនាំ​ក្រុម​ការងារ​មួយ​ក្រុម​ចុះ​ទៅ​ជួយ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ដែល​រងគ្រោះ​ខ្លាំង​ដោយ​ជំនន់ ហើយ​នោះ ជា​ក្ដី​សុខ​មួយ​ផ្នែក​របស់​ខ្លួន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​សាមី​ខ្លួន។

"ខ្ញុំ​មាន​សេចក្តីសុខ នៅ​ពេល​យើង​បាន​ចែករំលែក​ទៅ​ដល់​គាត់ ព្រោះ​យើង​គិតថា ជីវិត​យើង​រស់​មិន​វែង​ទេ ១០ឆ្នាំ ២០ឆ្នាំ ៣០ឆ្នាំទៀត យើង​មិន​ដឹង​ថា​នៅ​ដល់​ពេល​ណា? អ៊ី​ចឹង​យើង​មានឱកាសហ្នឹង អាច​ជួយ​គ្នា​បាន យើង​គួរ​តែ​ជួយ ព្រោះ​គាត់ក៏​ចង់រស់​នៅ​បាន​ស្រួល គាត់​ក៏​ចង់​មាន​សេចក្តីសុខ អ៊ីចឹង​យើង​អាច​ចែក​រំលែក​ទៅ​គាត់​ខ្លះ​ទៅ។ ខ្ញុំ​គិត​ថា វា​មិន​ចម្លែក​សម្រាប់​ខ្ញុំ​ទេ!"។

ឧកញ៉ា ឡេង ណាវ៉ាត្រា និង​ក្រុម​តារាចម្រៀង និង​ថ្នាក់​ដឹកនាំ​ផលិតកម្ម Galaxy Navatra មាន​លោក យឹម តាស្រង់ លោក ព្រាប សុវត្ថិ ខេម កញ្ញា តន់ ច័ន្ទសីម៉ា និង អ៊ុក សុវណ្ណារី ជា​ដើម បាន​ចុះ​ទៅ​ចែក​អំណោយ​សប្បុរស​ជា​អង្ករ ៥០តោន និង​គ្រឿង​ឧបភោគ បរិភោគ​មួយ​ចំនួន​ទៀត​នៅ​ស្រុក​មង្គល​បូរី ក្នុង​ភូមិ​ព្រេក​រពៅ ឃុំ​ឬស្សី​ក្រោក ជូន​ប្រជាពលរដ្ឋ​ចំនួន២៣០ គ្រួសារ។

សកម្មភាព​នេះ ទទួល​បាន​ការ​សាទរ​ពី​ថ្នាក់​ដឹកនាំ​ខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​បន្ទាយមានជ័យ ។នៅ​ថ្ងៃ​នេះ​ទៀត​ឯកឧត្ដម​ទេស​រដ្ឋ​មន្ត្រី គន់ គីម ក៏​បាន​កោតសរសើរ​នៅ​ទឹក​ចិត្ត​មនុស្សធម៌​ដ៏​ធំ​ធេង​ របស់​ អតីត​ពលករ​រូប​នេះ​ទៀត។

ឯកឧត្ដម ទេសរដ្ឋមន្ត្រី គន់ គីម បាន​ចាត់​ទុក​កាយវិការ​របស់​លោក​ឧកញ៉ា ដែល​ មាន​អតីតភាព​ជា​ក្មេង​ទីជនបទ​ក្រីក្រ និង​ជា​ពលករ​ប្រទេសកូរ៉េ​ខាង​ត្បូង​រូបនេះ​ថា​ ជា​កាយវិការ​ដ៏​ល្អ​ប្រសើរ​ និង​ជាគំរូ​មួយ​នៅ​ក្នុង​សង្គម​កម្ពុជា។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ថ្លែង​ថា"​ការរួមចំណែក​របស់​លោកឧកញ៉ា ឆ្លើយ​តប​ចំសភាពការណ៍ និង​តម្រូវការ​របស់​បងប្អូន​ប្រជាពលរដ្ឋ ដែល​គាត់​កំពុងជួបការលំបាក និង​ខ្វះខាត ព្រោះ​តែទឹកជំនន់។នេះ​ជា​កាយវិការ​ល្អ​ណាស់​សម្រាប់​សង្គមយើង។ យើង​មាន​បាន យើង​ថ្កុំថ្កើង​ ក៏​ដោយ​សារ​បាន​ការ​គាំទ្រ​ពី​ប្រជាជន​ ដូច្នេះ​ពេល​ប្រជាជន​មាន​ទុក្ខលំបាក​ យើង​ត្រូវ​ជួយ​រំលែក​ការលំបាករបស់គាត់។ទង្វើល្អ​ដែល​យើង​បាន​ធ្វើ​ចំពោះ​គាត់​នឹង​ធ្វើ​ឱ្យ​ជីវិត​យើង​មិន​សាបសូន្យ​នោះ​ឡើយ"៕

អត្ថបទ៖ ទារិកា