បើក​សម្ពោធ​សៀវភៅ ពាន់ ភួង​បុប្ផា ព្រលយ​ឈប់​ផលិត​រឿង​ភាគ​ហើយ!

  • 2020-10-23 03:16:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកនិពន្ធ​ជើង​ចាស់ ពាន់ ភួង​បុប្ផា បាន​បង្ហើប​គម្រោង​មួយ​ដែល​អ្នក​ស្រី គ្រោង​នឹង​បញ្ចប់​ការ​ផលិត​រឿង​ភាគ​សម្រាប់​ដាក់​ទូរទស្សន៍​នានា​បន្ត​ទៀត​ហើយ។

អ្នក​ស្រី ពាន់ ភួង​បុប្ផា បាន​លើក​យក​ហេតុផល​ថា អ្នក​ស្រី​មាន​វ័យ​កាន់​តែ​ច្រើន ល្មម​ដល់​ពេល​ដែល​អ្នក​ស្រី​ត្រូវ​សម្រាក​ខ្លះ។ ដូច្នេះ​ហើយ វា​គួរ​តែ​ដល់​ពេល​ហើយ ដែល​អ្នក​ស្រី​ត្រូវ​លៃ​ពេល​ខ្លះ សម្រាប់​ខ្លួន​ឯង រួម​ទាំង​យក​ពេល​ទៅ​ធ្វើ​កិច្ចការ​ផ្សេង​ទៀត ដែល​មិន​សូវ​ធ្ងន់ធ្ងរ​ដូច​ការ​ផលិត​ខ្សែ​ភាពយន្ត​ភាគ ដែល​ត្រូវ​ការ​ចំណាយ​ពេល​វេលា កម្លាំង​កាយ ប្រាជ្ញា ស្មារតី​ច្រើន​ហួស​ហេតុ។

ការ​ព្រលយ​ពី​រឿង​នេះ បន្ទាប់​ពី​អ្នក​ស្រី​ទើប​នឹង​បើក​ការ​ផលិត​ភាពយន្ត​ភាគ​រឿង "កុមារី​វ័យ ២៥​ឆ្នាំ" វគ្គ​៣ និង​រឿង "រសជាតិ​អ្នក​មាន" អោយ​ទូរទស្សន៍​ក្នុង​ស្រុក​មួយ​មក។ អ្នក​ស្រី នៅ​សល់​កិច្ចសន្យា​ផលិត​រឿង​មួយ​ភាគ​មួយ​ទៀត​សម្រាប់​ទូរទស្សន៍​ក្នុង​ស្រុក​មួយ​ដែរ គឺ​រឿង "ស្នាម​ស្នេហ៍​សមុទ្រ​រាម" ដែល​គ្រោង​នឹង​ដំណើរ​ការ​ផលិត​ក្នុង​ពេល​ឆាប់​ៗ។ បន្ទាប់​ពី​បញ្ចប់​រឿង​នេះ​ហើយ គឺ​អ្នក​ស្រី​សុំ​ដក​ខ្លួន​ពី​ការ​ផលិត​រឿង​ប្រភេទ​សម្រាប់​ដាក់​ទូរទស្សន៍​នេះ​ហើយ។

អ្នក​ស្រី ថ្លែង​ថា៖ “ខ្ញុំ​ធ្វើ​តែ​រឿង ស្នាម​ស្នេហ៍​សមុទ្រ​រាម នេះ​មួយ​ទៀត គឺ​ខ្ញុំ​ឈប់​ហើយ គឺ​ឈប់​ផលិត​រឿង​ភាគ​ទៀត​ហើយ ខ្ញុំ​អាយុ​ច្រើន​ហើយ ៦៦-៦៧​ឆ្នាំ ហើយ ហត់​ដែរ វា​៣២​ឆ្នាំ​ហើយ អីចឹង​ល្មម​ដែរ​ហើយ!”។

អ្នក​ស្រី ពាន់ ភួង​បុប្ផា បាន​សម្រេច​បញ្ឈប់​ការ​ផលិត​រឿង​ភាគ​សម្រាប់​ចាក់​បញ្ចាំង​លើ​កញ្ចក់​ទូរទស្សន៍ ប៉ុន្តែ​នៅ​បន្ត​ផលិត​រឿង​ដុំ​សម្រាប់​ដាក់​រោងកុន​ធម្មតា។ ពេល​នៅ​សល់​ពី​នេះ គឺ​អ្នក​ស្រី នឹង​ផ្ដោត​ទៅ​ការ​ចងក្រង​ក្រុម​អ្នក​និពន្ធ​សរសេរ​រឿង​ប្រលោម​លោក​ជា​ជំនួស​វិញ។ កិច្ចការ​នេះ អ្នក​ស្រី បាន​បង្កើត​ "ក្លឹប​អ្នក​និពន្ធ​ខ្មែរ ប៉ាកាមាស" ដែល​មាន​អាយុ​កាល​ជិត ២​ឆ្នាំ​ហើយ។

អ្នក​ស្រី​ប្រមូល​បាន​អ្នក​និពន្ធ​សៀវភៅ​ប្រលោម​លោក​វ័យក្មេង និង​មាន​ទេពកោសល្យ​ចំនួន ៥នាក់ និង​បាន​បញ្ចេញ​ស្នាដៃ​ចំនួន​២​ហើយ។ ស្នាដៃ​ទី១ ដែល​បាន​រួច​ចេញ​កាល​ពី​មុន​នោះ ម្សិលមិញ​អ្នក "ក្លឹប​អ្នក​និពន្ធ​ខ្មែរ ប៉ាកា​មាស" បាន​សម្ពោធ​ស្នាដៃ​ទី​២​ទៀត រឿង "បើ​ខ្ញុំ​ជា​ស្រី" ជា​ប្រភេទ​ប្រលោម​លោក​បែប​កំប្លែង​យ៉ាង​កម្រ។ ដោយ​ស្នាដៃ​ទី​៣ គ្រោង​នឹង​ចេញ​ដើម​ឆ្នាំ​ក្រោយ។

អ្នក​ស្រី បាន​ពន្យល់​ថា អ្នក​ស្រី នឹង​យក​ពេល​សល់​ពី​ការ​ផ្អាក​ផលិត​រឿង​មាស មក​ផលិត​សៀវភៅ​ប្រលោម​លោក​វិញ ព្រោះ​តែ​លោក​បាន​មើល​ឃើញ​ថា ការ​ប្រើ​ប្រាស់​ភាសា​ជាតិ​នឹង​កាន់​តែ​ប្រឈម​នា​ពេល​ខាង។ ដូច្នេះ​ហើយ អ្នក​ស្រី​ចង់​ធ្វើ​កិច្ចការ​ខ្លះ ដើម្បី​លើក​កម្ពស់​ការ​ប្រើ​ភាសា​ជាតិ ទាំង​ការ​និយាយ សរសេរ និង​អាន។

"បើ​យើង​សង្កេត​ទៅ អ្នក​ប្រើ​ប្រាស់​ភាសា​ខ្មែរ​មាន​តែ​ជំនាន់​មុន​ខ្ញុំ ជំនាន់​ខ្ញុំ តែ​ជំនាន់​ក្រោយ​ៗ​ទៀត កូនៗ ចៅៗ ប៉ិច​ឡើង​ម៉ែ​ឪ​អោយ​ទៅ​រៀន​អង់គ្លេស អីចឹង​គេ​និយាយ​អង់គ្លេស សរសេរ​អង់គ្លេស​អស់​ហើយ ដូច្នេះ​អក្សរ​ខ្មែរ​យើង​នឹង​បាត់ ខ្ញុំ​គិត​ថា​អីចឹង...អីចឹង​ហើយ​បាន​ខ្ញុំ​ខិតខំ​កៀរគរ​អ្នក​និពន្ធ អ្នក​សរសេរ​សៀវភៅ​ក្មេង​មក​ធ្វើ​ប្រលោម​លោក ហើយ​ខ្ញុំ​ធ្វើ​មិន​មែន​ដើម្បី​លុយ ដើម្បី​សេដ្ឋកិច្ច​អី​ទេ ព្រោះ​ការងារ​នេះ​វា​អត់​មាន​លុយ​ទេ គឺ​ខ្ញុំ​ដើម្បី​លើក​កម្ពស់​ការ​អាន ភាសា និង​អក្សរសាស្ត្រ​ជាតិ!”។

អ្នក​ស្រី​បន្ត​ថា ភាសា និង​អក្សរសាស្ត្រជាតិ គឺ​ជា​រឿង​សំខាន់ ពោល​គឺ​អ្វី​ទាំង​អស់​កើត​ចេញ​ពី​អក្សរ ក្នុង​នោះ​សូម្បី​តែ​ភាពយន្ត​ដែល​មាន​រូបភាព ក៏​កើត​ចេញ​ពី​អក្សរ​ដែរ។

កញ្ញា កែវ មរកត ប្រធាន​ផ្នែក​ទី​ផ្សារ​នៃ​រោងភាពយន្ត​ Major Cineplex by Smart

ប្រលោម​លោក​ទី​២​របស់ "ក្លឹប​អ្នក​និពន្ធ​ខ្មែរ ប៉ាកា​មាស" រឿង "បើ​ខ្ញុំ​ជា​ស្រី" បាន​បើក​សម្ពោធ​នៅ​ទីតាំង​រោងភាពយន្ត Major Cineplex by Smart ក្នុង​ផ្សារ​ទំនើប​អ៊ីអន​១។ កញ្ញា កែវ មរកត ប្រធាន​ផ្នែក​ទី​ផ្សារ​នៃ​រោងភាពយន្ត​ទំនើប​នេះ បាន​គាំទ្រ​ចំពោះ​បេសកកម្ម​របស់​ប្រលោម​លោក ដែល​កញ្ញា​យល់​ថា វា​នឹង​អំណោយ​ផល​ដល់​ការ​លើក​កម្ពស់​ការ​អាន និង​បង្កើត​ទម្លាប់​អាន​សៀវភៅ។ ដូច្នេះ​ហើយ ក្នុង​នាម Major Cineplex by Smart កញ្ញា ពិត​ជា​រីករាយ​ដែល​បាន​ចូល​រួម​ក្នុង​យុទ្ធនាការ​នេះ ដោយ​បាន​ផ្ដល់​ជា​ទីតាំង​បើក​សម្ពោធ​នា​រសៀល​ថ្ងៃ​ម្សិលមិញ៕

អត្ថបទ៖ ទារិកា