ហ៊ុយ យ៉ាឡេង លើក​ចំណុច​មួយ​ចាក់​ដោត​ណាស់ ក្រោយ​សម្រេច​យក​រឿង "ដើម្បី​កូន" ដាក់​បញ្ចាំង​ជា​លើក​ទី២

  • 2020-10-28 09:01:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ហ៊ុយ យ៉ាឡេង បាន​សម្រេច​យក​ស្នាដៃ​ចុង​ក្រោយ​មួយ​ដ៏​ល្បី​របស់​ខ្លួន​រឿង "ដើម្បី​កូន" មក​ដាក់​បញ្ចាំង​ម្ដង​ទៀត​ជូន​ប្រិយមិត្ត​បាន​ទស្សនា​នៅ​ខែ​ក្រោយ​នេះ ដោយ​ក្នុង​នោះ​លោក​លើក​ឡើង​ចំណុច​មួយ​ដែល​កូន​ៗ​គួរ​ដឹកនាំ​ដៃ​ឪពុក​ចាស់​មក​ទស្សនា​រឿង​ខាង​លើ។

តាម​ការ​បង្ហើប​ចេញ​នៅ​លើ​បណ្ដាញ​សង្គម ខ្សែ​ភាពយន្ត​ដក​ស្រង់​ពី​ជីវិត​ពិត​រឿង "ដើម្បី​កូន" នឹង​ត្រូវ​ដាក់​បញ្ចាំង​សារ​ជា​ថ្មី​នៅ​ថ្ងៃ​ទី ១២ វិច្ឆិកា ខាង​មុខ​នៅ​គ្រប់​រោងភាពយន្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា។ "បញ្ចាំង​គ្រប់​ទាំង​អស់​បង ទាំង​នៅ​តែ​ភ្នំពេញ និង​នៅ​តាម​ខេត្ត និយាយ​រួម​រោង​ណា​ដែល​បើក គឺ​បញ្ចាំង​ទាំង​អស់ លើក​លែង​តែ បាត់​ដំបង ប៉ោយ​ប៉ែត គេ​អត់​ទាន់​បើក!”។

រឿង "ដើម្បី​កូន" គឺ​ជា​ភាពយន្ត​រសជាតិ​ថ្មី ដែល​ស្ដែង​ចេញ​ពី​តថភាព​សង្គម និង​រាប់​ថា​ជា​រឿង​ប្រភេទ​អប់រំ​សង្គម​ទី​១​ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង ក្រោយ​ពី​បាន​ចេញ​ចាក់​បញ្ចាំង​ជូន​ប្រិយមិត្ត​ទស្សនា​កាល​ពី​ដើម​ឆ្នាំ ២០២០។ កាលណោះ ខណៈ​ដំណើរ​ចាក់​បញ្ចាំង​បាន និង​កំពុង​ដំណើរ​ការ​ល្អ ដោយ​មាន​ប្រិយមិត្ត​ជា​ច្រើន​គាំទ្រ​ទាំង​នៅ​តាម​បណ្ដា​ខេត្ត និង​រាជធានី ស្រាប់​តែ​មេរោគ​ខូវីដ១៩ ក៏​បាន​ផ្ទុះ​នៅ​កម្ពុជា។

ភ្លាម​ៗ​ដើម្បី​ទប់​ស្កាត់​ការ​រីករាយ​ដាល​នៃ​ជំងឺ​នេះ រាជរដ្ឋាភិបាល​បាន​ប្រកាស​ឲ្យ​បិទ​បណ្ដោះ​អាសន្ន​រោងភាពយន្ត និង​កន្លែង​សម្ដែង​សិល្បៈ​នានា។ លោក ហ៊ុយ យ៉ាឡេង លើក​ឡើង​ថា ពេល​នោះ រឿង​របស់​លោក មិន​ទាន់​ធ្លាក់​ប្រជាប្រិយភាព​នៅ​ឡើយ​ស្រាប់​តែ​ត្រូវ​ផ្អាក​កណ្ដាល​ទី។ ដូច្នេះ​ហើយ បន្ទាប់​ពី​ស្ថានភាព​បាន​វិល​មក​រក​ភាព​ល្អ​ប្រសើរ ពោល​គឺ រាជរដ្ឋាភិបាល​គ្រប់​គ្រង​បាន​ការ​ចម្លង​របស់​មេរោគ​កាច​សាហាវ​នោះ ទើប​រឿង​នេះ​សម្រេច​យក​មក​បញ្ចាំង​ម្ដង​ទៀត។

យ៉ាងឡេង ថ្លែង​ថា "កាល​ណោះ យើង​បាត់​ចំណូល​អស់ ៣០% ព្រោះ​កំពុង​តែ​ទទួល​ការ​ចាប់​អារម្មណ៍ ស្រាប់​តែ​មេរោគ​ខូវីដ​ហ្នឹង​មក ក៏​ផ្អាក​ទៅ ដល់​ឥឡូវ​រោងកុន​បើក​វិញ ហើយ​រោងកុន​គេ​យល់​ព្រម​ឲ្យ​បញ្ចាំង​ដែរ ក៏​សម្រេច​យក​មក​បញ្ចាំង​ម្ដង​ទៀត​ទៅ ព្រោះ​កាល​មុន​មាន​អ្នក​បាន​មើល​រួច ហើយ​ក៏​មាន​អ្នក​មិន​ទាន់​បាន​មើល​ដែរ!”។

ការ​វិល​ត្រឡប់​មក​វិញ​ជា​លើក​ទី​២​នៃ​រឿង "ដើម្បី​កូន" នេះ លោក ហ៊ុយ យ៉ាឡេង លើក​ឡើង​ថា នេះ​ជា​ពេល​ល្អ​សម្រាប់​កូន​ៗ សម្រាប់​សម្ដែង​ទឹក​ចិត្ត​ចំពោះ​លោក​ឪពុក​ដ៏​មាន​គុណ។ លោក​ថ្លែង​ថា "ដឹកដៃ​លោក​ឪពុក​របស់​អ្នក មក​ទស្សនា​ភាពយន្ត​នេះ ដើម្បី​គោរព​ការ​លះបង់​របស់​គាត់! លោក​ឪពុក មិន​ចេះ​និយាយ​ច្រើន​ដូច​អ្នក​ម្តាយ តែ​លោក​ឪពុក​ប្រឹង​លះបង់​ដើម្បី​កូន​លុះ​មរណា!”។

សារ​របស់​ផលិតករ អ្នកនិពន្ធ ដឹកនាំ និង​ជា​តួសម្ដែង​រូប​នេះ បាន​ទទួល​ការ​សាទរ​ជា​ច្រើន​ពី​ប្រិយមិត្ត​របស់​លោក ក្នុង​នោះ​ពិសេស​អ្នក​នៅ​តាម​បណ្ដា​ខេត្ត ពួកគេ​អះអាង​ថា អន្ទះសា​ចង់​ទស្សនា​រឿង​នេះ​សារ​ជា​ថ្មី៕

អត្ថបទ៖ ទារិកា