AIA បើកយុទ្ធនាការបង្កើន​ការ​យល់ដឹងពីជំងឺមហារីកសុដន់ និងប្រមូលថវិកា​ជួយគាំទ្រមន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម

  • 2020-10-29 05:00:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បីចូលរួមផ្សព្វផ្សាយការយល់ដឹងនៃជំងឺមហារីកសុដន់ ដែលតែងតែរៀបចំឡើងជារាងរាល់ឆ្នាំ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA ប្រចាំនៅកម្ពុជា បាន​ចាប់ផ្តើមបើកយុទ្ធនាការផ្សព្វផ្សាយការយល់ដឹងនិងការការពារខ្លួនពីជំងឺមហារីកសុដន់ ទទួលយកការពិនិត្យទាន់ពេលវេលា (Fit for Hope ២០២០) នៅក្នុងខែតុលានេះ គោលបំណងដើម្បីបង្កើនការយល់ដឹងអោយកាន់តែទូលំទូលាយពីជំងឺមហារីកសុដន់ និងប្រមូលថវិកាសម្រាប់ជួយគាំទ្រមន្ទីរពេទ្យព្រះសីហនុមណ្ខលនៃក្តីសង្ឃឹម ដែលជួយព្យាបាលអ្នកជំងឺមហារីកសុដន់ និងផ្តល់ការពិនិត្យដោយឥតគិតថ្លៃ ជាពិសេសលើកកម្ពស់ការយល់ដឹងអំពីបញ្ហាដ៏ធ្ងន់ធ្ងរនេះទៅដល់ប្រជាជនកម្ពុជាទាំងស្ត្រីនិងបុរស។

ក្រោមចក្ខុវិស័យដ៏មុតមាំរបស់ខ្លួន ក្នុងការជួយប្រជាជនកម្ពុជាឲ្យមានសុខភាពល្អ និងជិវិតកាន់តែប្រសើរ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA ប្រចាំនៅកម្ពុជា បន្តសហការជាមួយមន្ទីរពេទ្យព្រះសីហនុមណ្ខលនៃក្តីសង្ឃឹម (Center of HOPE) ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកសុដន់។ ថវិកាដែលប្រមូលបាននៅក្នុងយុទ្ធនាការនេះនឹងត្រូវប្រគល់ជូនជាផ្លូវការជូនមន្ទីរពេទ្យនៅពេលបញ្ចប់យុទ្ធនាការផ្សព្វផ្សាយក្នុងខែធ្នូ ២០២០។

នៅឆ្នាំនេះក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA នឹងបង្កើនការយល់ដឹងអំពីយុទ្ធនាការ ដោយការផលិត និងដាក់ផ្សាយនូវវីដេអូអប់រំភាគ ដើម្បីជួយអប់រំដល់សាធារណជនពីជំងឺមហារីកសុដន់នេះ។ កម្មវិធីនេះនឹងត្រូវបានគាំទ្រដោយកម្មវិធីហ្វេសប៊ុក ដែលនឹងបង្ហាញនៅលើដើមឈើនិម្មិតរូប តាមរយៈការចូលរួមគាំទ្ររបស់អ្នកនៅក្នុងយុទ្ធនាការនេះ ដោយការបន្ថែមបូពណ៌ផ្កាឈូក ដោយគ្រាន់តែចូលលេង និងចែករំលែកដល់មិត្តភ័ក្តិរបស់អ្នកឲ្យបានដឹងនិងចូលរួមជាមួយ នៅលើវប្រព័ន្ធផ្សព្វផ្សាយសង្គមហ្វេសប៊ុកនេះ។

ក្នុងឆ្នាំ ២០១៨ យុទ្ធនាការផ្សព្វផ្សាយការយល់ដឹងអំពីជំងឺមហារីកសុដន់ ទទួលបានការគាំទ្ររាប់ម៉ឺននាក់ ដោយការរៀបចំសកម្មភាពផ្សព្វផ្សាយជាច្រើនដូចជា ផ្សព្វផ្សាយសម្រាប់បុគ្គលិក និងសហការី តារាល្បីៗ ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកមានឥទ្ធិពល រៀបចំសិក្ខាសាលាដល់និស្សិតនៅតាមសាកលវិទ្យាល័យ និងសកម្មភាពផ្សព្វផ្សាយនៅតាម​ទីផ្សារ ហើយផ្តល់ការពិនិត្យជំងឺមហារីកសុដន់ដោយឥតគិតថ្លៃរហូតដល់ ១៣០០នាក់ ការដើរព្យុហយាត្រា ‘Pink Walk’ ដែលមានអ្នកចូលរួម ២០០០នាក់ និងជួបជុំនៅកោះពេជ្រ រួមជាមួយវគ្គបណ្តុះបណ្តាល Zumba ដែលមានអ្នកចូលរួមប្រមាណ ៨០០នាក់។ កម្មវិធីជាបន្តបន្ទាប់ត្រូវបានបញ្ចប់ជាមួយនឹងការប្រគំតន្រ្តីមួយដ៏ធំដែលមិនអាចបំភ្លេចបាន រួមជាមួយការផ្ញើសារលើកទឹកចិត្តដល់អ្នកគ្រប់គ្នាឲ្យរស់នៅចេះបង្ការខ្លួន និងចៀសឆ្ងាយពីជំងឺមហារីកសុដន់ ដែលមានការចូលរួមពីតារាល្បីៗប្រចាំប្រទេសកម្ពុជា និងអ្នកគាំទ្រប្រមាណ ២០០០០ នាក់។

អ្នកទាំងអស់គ្នាអាចចូលរួមដោយបរិច្ចាគដល់មូលនិធិនៃយុទ្ធនាការផ្សព្វផ្សាយការយល់ដឹងនៃកាការពារខ្លូនពីជំងឺមហារីកសុដន់ សម្រាប់ឆ្នាំ ២០២០ ដែលនឹងត្រូវប្រគល់​ជូនមន្ទីរពេទ្យ HOPE នៅពេលបញ្ចប់យុទ្ធនាការ។ ផ្តើមចេញពីខ្លួនអ្នក សូមទៅទទួលយកពិនិត្យ និងចែករំលែកការយល់ដឹងនេះដោយចាប់ផ្តើមនិយាយ ពីជំងឺមហារីកសុដន់ទៅកាន់មិត្តភិក្តិ និងក្រុមគ្រួសារ។ ការចូលរួមបរិច្ចាគប្រាក់ ៥ដុល្លាររបស់អ្នក នឹងទទួលបានជាអាវយឺតដ៏ស្រស់ស្អាតមួយ ដើម្បីជាការថ្លែងអំណរគុណនូវទឹកចិត្តថ្លៃថ្លារបស់អ្នក ដោយអ្នកអាចផ្ញើប្រាក់បរិច្ចាគរបស់អ្នក មកកាន់មូលនិធិនៃយុទ្ធនាការផ្សព្វផ្សាយការយល់ដឹងនៃការការពារខ្លួនពីជំងឺមហារីកសុដន់ ជាផ្លូវការ តាមរយៈគណនីធនាគារ ABA 001052306 បន្ទាប់មកអ្នកចុច screenshot នូវប្រតិបត្តិការផ្ញើប្រាក់បរិច្ចាគរបស់អ្នក រួចផ្ញើសារមកកាន់ Facebook Messenger នៃ Facebook Page របស់ AIA Cambodia ដើម្បីបញ្ជាក់ជាការស្រេច។ ក្រុមការងារ AIA នឹងទាក់ទងលោកអ្នកវិញ ដើម្បីប្រគល់ជូនអាវយឺតដ៏ស្រស់ស្អាតជូនអ្នក នៅគ្រប់ខេត្តក្រុងទូទាំងប្រទេស។ ប្រសិនបើលោកអ្នកនៅមានចម្ងល់ ឬសាកសួរព័ត៌មានបន្ថែម សូមទូរស័ព្ទមកកាន់លេខ 098 980 757 ។ យើងខ្ញុំមានមោទនភាពបំផុត ចំពោះលោកអ្នកដែលអាចចូលរួមបរិច្ចាគថវិកាច្រើនៗលើសពី ៥$ តាមលទ្ធភាពបរិច្ចាគរបស់អ្នក។ ថវិកាទាំងអស់នឹងជួយគាំទ្រដល់មូលនិធិនៃយុទ្ធនាការ ដែលនឹងជួយដល់ស្ត្រីខ្មែរដែលត្រូវជំនួយដើម្បីទទួលបានការពិនិត្យ និងការព្យាបាលជំងឺមហារីកសុដន់នេះទាន់ពេលវេលា។

អំពីជំងឹមហារីកសុដន់

ជំងឺមហារីកសុដន់ គឺជាបុព្វហេតុដ៏គ្រោះថ្នាក់បំផុតនៃការស្លាប់ទាក់ទងនឹងជំងឺមហារីក ក្នុងចំណោមស្ត្រីនៅទូទាំងពិភពលោក ដែលក្នុងនោះ ប្រទេសកំពុងអភិវឌ្ឍមានអត្រាស្លាប់ខ្ពស់បំផុត។ ជារៀងរាល់ឆ្នាំ ជំងឺមហារីកសុដន់ ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថ្មីៗនេះ កើតមានលើស្ត្រីជាង 1.1 លាននាក់ ហើយករណីទាំងនេះគឺស្មើនឹង ជាង 10% នៃករណីជំងឺមហារីកថ្មីទាំងអស់។ ជាមួយនឹងការស្លាប់ជាង 410,000 នាក់ ជារៀងរាល់ឆ្នាំ ជំងឺនេះមានចំនួនច្រើនជាង 1.6% នៃការស្លាប់របស់ស្ត្រីទាំងអស់នៅទូទាំងពិភពលោក។ ជំងឺមហារីកសុដន់ គឺជាបញ្ហាសុខភាពសាធារណៈបន្ទាន់មួយ នៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចខ្ពស់ និងកំពុងក្លាយជាបញ្ហាបន្ទាន់នៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចទាប ហើយអត្រានៃកំណើននេះ បានកើនឡើងរហូតដល់ 5%ក្នុងមួយឆ្នាំ។ ទោះបីជាវិស័យវិទ្យាសាស្ត្រសុខាភិបាលមានការរីកចម្រើន ប៉ុន្តែពិភពលោក ក៏នៅតែប្រឈមមុខធនធានដែលមានសមត្ថភាពក្នុងការកំណត់រោគសញ្ញាណដំបូង ពិនិត្យរោគវិនិច្ឆ័យ និងការព្យាបាលជំងឺឲ្យទាន់ពេលវេលា។ ការកំណត់រោគសញ្ញាណដំបូងនៃជំងឺមហារីកសុដន់ ពិតជាជួយធ្វើឲ្យដំណើរការពិនិត្យព្យាបាលទទួលបានលទ្ធផលល្អប្រសើរ និងជួយដល់អ្នកជំងឺទាន់ពេលវេលា ប៉ុន្តែ តម្រូវឲ្យមានការអប់រំយល់ដឹងជាសាធារណៈ ដើម្បីជំរុញឲ្យមានការចូលរួមយ៉ាងសកម្មពីអ្នកជំងឺក្នុងការធ្វើរោគវិនិច្ឆ័យ និងការព្យាបាល៕

អត្ថបទពេញនិយម