Galaxy បញ្ចេញ​របាយការណ៍​ ព្រាប សុវត្ថិ ស្ទុះ​ខ្លាំង​នៅ​រយៈ​ពេល​១ខែ​ចុង​ក្រោយ

  • 2020-10-30 04:14:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​បាន​បញ្ចេញ​បទ​ចម្រៀង​ជាច្រើន​ជាមួយ​នឹង​ផលិតកម្ម Galaxy Navatra ជា​ច្រើន​បទ​នោះ មក​ដល់​ពេល​នេះ មាន​របាយការណ៍​ដែល​បាន​បង្ហាញ​ពី​បទ​ចម្រៀង​របស់​លោក​មួយ​បទ ទទួល​បាន​អ្នក​ចូល​ទស្សនា​ច្រើន​ដង​ដាច់​គេ​ក្នុង​ចំណោម​បទ​របស់​លោក​ទាំង​អស់។

របាយការណ៍​នេះ ផលិតកម្ម​ថ្មី​របស់​លោក ព្រាប សុវត្ថិ បាន​បញ្ចេញ​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​នៅ​ថ្ងៃ​ម្សិលមិញ។ Galaxy សរសេរ​នៅ​លើ​ទំព័រហ្វេសប៊ុក​ផ្លូវ​ការ​របស់​ខ្លួន​ឲ្យ​ដឹង​ថា​មួយ​ខែ​ចុង​ក្រោយ​នេះ​ចំនួន​អ្នក​ទស្សនា សម្រាប់​តារា​ប្រុស​កំពូល ព្រាប សុវត្ថិ វ៉ា​ដាច់​គេ​បាត់​ហើយ។ ដោយ​ឡែក​សម្រាប់​តារា​ស្រី​គឺ តន់ ចន្ទសីម៉ា ដាច់​គេ ហើយ​អ្នក​បន្ទាប់​ទៀត​គឺ ខេម ។

លោក ព្រាប សុវត្ថិ បាន​ហក់​លោត​ខ្លាំង​នៅ​១ខែ​ចុង​ក្រោយ តាម​រយៈ​បទ "ភូមិ​ខ្ញុំ Update” ចេញ​តាំង​ពី​មុន​បុណ្យ​ភ្ជុំ​បិណ្ឌ។ តាម​របាយការណ៍​ពី​យូធូប គិត​ត្រឹម​ព្រឹក​ថ្ងៃ ៣០ តុលា ២០២០ បទ​របស់​កំពូល​តារា​ប្រុស​រូប​នេះ ទទួល​បាន​អ្នក​ចូល​ទស្សនា​ចំនួន ៦,៥លាន​ដង។ តួលេខ​នេះ គឺ​ខ្ពស់​បំផុត​ក្នុង​ចំណោម​បទ​របស់​លោក​ដែល​បាន​ចេញ​នៅ​ក្នុង​ផលិតកម្ម Galaxy Navatra។

លទ្ធផល​នេះ អ្នក​គាំទ្រ​មួយ​ចំនួន​បាន​លើក​ឡើង​ថា តារា​ប្រុស​រូប​នេះ ត្បិត​ថា​មាន​វ័យ​ច្រើន​បន្តិច​មែន​ប៉ុន្តែ លោក​តែ​មាន​ភាព​ទាក់​ទាញ​ខ្លាំង និង​មិន​ទាន់​មាន​តារា​ក្នុង​ស្រុក​ណា​អាច​ធ្វើ​បាន​នៅ​ឡើយ។

លោក យឹម តាស្រង់ នាយក​គ្រប់​គ្រង​ផលិតកម្ម Galaxy Navatra បាន​គូស​បញ្ជាក់​ថា លោក ព្រាប សុវត្ថិ ទើប​ចូល​រួម​ទ្រនំ Galaxy Navatra ត្រឹម​តែ​ជាង​១​ខែ​ប៉ុណ្ណោះ ប៉ុន្តែ​លទ្ធផល​នេះ គឺ​ល្អ​លើស​ការ​រំពឹង​ទុក។ លោក​បន្ត អ្វី​ៗ​នឹង​កាន់​តែ​ប្រសើរ​ថែម​ទៀត ហើយ​ការងារ​ទាំងអស់ គឺ​ត្រូវ​ការ​ពេល​វេលា​ ហើយ​ភាព​ជោគជ័យ និង​បញ្ជាក់​ដោយ​លទ្ធផល។

នាយក​គ្រប់​គ្រង​ដដែល ថ្លែង​ថា “Galaxy Navatra មាន​ផែនការ​របស់​ខ្លួន​ច្បាស់​របៀប​ជា​យើង បើ​ធ្វើ​តាម​គេ​នោះ​មិន​មែន​ជា Galaxy Navatra ទេ បើ​មាន​ការ​ខុស​ឆ្គង​សូម​អធ្យាស្រ័យ​ដល់​ពុកម៉ែ​បង​ប្អូន​ដែល​បាន​គាំទ្រ។ សម្រាប់ ព្រាប សុវត្ថិ នេះ​គ្រាន់​តែ​ជា​ការ​ចាប់​ផ្ដើម​ប៉ុណ្ណោះ នៅ​មាន​វគ្គ​បន្ត ពួក​យើង​នឹង​ធ្វើ​ការ​ជាមួយ​គ្នា​ដប់​ឆ្នាំ ដូច​នេះ​នៅ​មាន​ពេល​ច្រើន​ណាស់​ទៅ​មុខ​ទៀត!”៕

តោះ...ទស្សនា​ទៀត​បទ "ភូមិ​ខ្ញុំ Update” របស់​លោក ព្រាប សុវត្ថិ៖

អត្ថបទ៖ ទារិកា