តារាចម្រៀងទាំងពីរដួងនេះ ត្រៀមខ្លួនច្រៀង​ក្រាល​រឿង​ឲ្យ ពាន់ ភួង​បុប្ផា

  • 2020-11-06 03:33:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ស្រី​ល្បីឈ្មោះ​ពីរ​ដួង គឺ​កញ្ញា មាស សុសោភា និង​ ចែម ស្រីលក្ខណ៍ ត្រូវ​បាន​ផលិតករ​ភាពយន្ត​ជើងចាស់ ពាន់ ភួង​បុប្ផា ផ្ដល់​ទំនុកទុកចិត្ត ដោយ​ឲ្យ​ច្រៀង​ម្នាក់​១បទ ដើម្បី​យក​ទៅ​ក្រាល​ក្នុង​រឿង"ស្នាម​ស្នេហ៍​សមុទ្រ​រាម​វគ្គ​២"។

បើ​តាម​អ្នកស្រី ពាន់ ភួង​បុប្ផា បទ"ស្នាម​ស្នេហ៍​សមុទ្រ​រាម" ដែល​ជា​សំនៀង​ដើម​របស់​អ្នកនាង ឱក សុគន្ធ​កញ្ញា និង​ជា​ស្នាដៃ​និពន្ធដោយ​ផ្ទាល់​របស់​អ្នកស្រី​កាល​ពី​ជាង​១៤​ឆ្នាំ​មុន​នោះ នឹង​ត្រូវ​បញ្ចូល​សាច់​ភ្លេង​ថ្មី ហើយ​បទ​នេះ​នឹង​ត្រូវ​ចម្រៀង​ជំនួស​មក​វិញ​ដោយតារាចម្រៀង ចែម ស្រី​លក្ខណ៍។

រីឯ​បទ​មួយ​ទៀត គឺ​មិន​ទាន់​មានចំណង​ជើង​នៅ​ឡើយ ប៉ុន្តែ​វា​ជា​បទ​មនោសញ្ចេតនា ច្រៀង​រៀបរាប់​ពី​ភក្ដី​ស្នេហ៍​របស់​យុវវ័យ​សម័យ​ថ្មី។ បទ​នេះ មាន​ទំនុក​ច្រៀង​ថ្មី និង​បទភ្លេង​ថ្មី ហើយ​ត្រូវ​ច្រៀង​ដោយ​ មាស សុខសោភា។

ចម្រៀង​ទាំង​ពីរ​បទ​ដែល​ជា​ស្នាដៃ​និពន្ធ​ដោយ​ផ្ទាល់​របស់​ផលិតករ​ភាពយន្ត ពាន់ ភួង​បុប្ផា កំពុង​តែ​ដំណើរការ​ផលិត​ជិត​ចប់​ហើយ ដោយរង់ចាំតែថ្ងៃច្រៀងប៉ុណ្ណោះ។ ដោយ​មើល​ឃើញ​ថា បទ​ថ្មី​នេះ​អាច​នឹង​ផ្ទុះ ឬ​ទទួល​បាន​ការ​គាំទ្រ​ច្រើន កញ្ញា មាស សុខសោភា បាន​ស្នើ​សុំ​យក​បទ​នេះ​ទៅ​ដាក់​លើ​ទំព័រយូធូប​ផ្លូវការ​របស់​នាង​ដែរ ប៉ុន្តែ​អ្នកស្រី​ពាន់ ភួង​បុប្ផា ដែលជាម្ចាស់ស្នាដៃ ប្រាប់ថាអ្នកស្រី ត្រូវ​រង់ចាំ​ពិភាក្សា​ជាមួយ​ដៃគូ​សហការដទៃទៀតសិន៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ