សភាយុវពាណិជ្ជករអន្ដរជាតិកម្ពុជា បង្កើតគម្រោង «កញ្ចប់១ ក្ដីស្រឡាញ់១»
- 2020-11-15 03:58:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សភាយុវពាណិជ្ជករអន្ដរជាតិកម្ពុជា បង្កើតគម្រោង «កញ្ចប់១ ក្ដីស្រឡាញ់១»
ចន្លោះមិនឃើញ
សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (ហៅកាត់ថា JCI Cambodia) នឹងធ្វើការ ចុះចែកគ្រាប់ពូជបន្លែ ស្តារជីវភាព ជូនដល់ប្រជាកសិករ ដែលរងគ្រោះដោយទឹកជំនន់ចំនួន ១ ៦៣១គ្រួសារ នៅ ខេត្តបាត់ដំបង នៅថ្ងៃទី១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០២០។
គម្រោង «កញ្ចប់១ ក្តីស្រលាញ់១» ដំណាក់កាលទី៣ ក្រោមអត្ថន័យ “គ្រប់ពូជដើម្បីជីវិត” គឺត្រូវបានផ្តួចផ្តើមឡើងដោយសភាយុវពាណិជ្ជករអន្តជាតិកម្ពុជា (ហៅកាត់ថា JCI Cambodia) ដែលមាន លោកឧកញ៉ា ឡេង សុខគា ប្រធានថ្នាក់ជាតិ JCI Cambodia ឆ្នាំ 2020 និង ក្រោមការដឹកនាំដោយ លោក ឃឹម ប៊ុនឡែន ប្រធានគម្រោង ដោយមាន ការសហការគាំទ្រជាពិសេសពីសំណាក់ សហព័ន្ធ ស្រូវអង្ករកម្ពុជា មន្ទី និងការិយាល័យកសិកម្ម ក៏ដូចជា រដ្ឋបាលស្រុកខេត្តបាត់ដំបង។
យោងទៅតាមការស្ទាបស្ទង់មតិ សិក្សា និងពិភាក្សាជាមួយនឹងភាគីគាំទ្រដែលពាក់ព័ន្ធ ជាពិសេស ស្របតាមការ គោលការណ៍ និង សកម្មភាពរបស់រាជរដ្ឋាភិបាលក្នុងការស្តាជីវភាពរបស់ប្រជាកសិករ ក្រោយគ្រោះទឹកជំនន់ គម្រោងនេះត្រូវបានបង្កើតឡើងដោយជឿជាក់ថានឹងជួយដោះស្រាយបញ្ហាជីវភាព កាត់បន្ថយចំនាយ ចំណាកស្រុក បង្កើតការងារ ចរន្តផលិតកម្មកសិកម្ម និងសេដ្ឋកិច្ចក្នុង សហគមន៍ ជាដើម។
តាមរយេៈគម្រោង «កញ្ចប់១ ក្តីស្រលាញ់១» គ្រប់ពូជដើម្បីជីវិត យើងបានជ្រើសរើសពូជ បន្លែអទិភាព ចំនួនប្រាំពីរមុខ ដែលសមស្របទៅតាមទីផ្សារ និងសមត្ថភាពបច្ចេកទេសផលិត របស់ប្រជាកសិករផងដែរ។ ប្រជាកសិករត្រូវបានជ្រើសរើសដោយមានការពិនិត្យមើលពីលក្ខខណ្ឌ សមស្របរបស់គាត់ កសិករដែលពិតជា រងផលប៉ះពាល់ កសិករដែលមានដី មានទឹក និងកម្លាំងពលកម្មគ្រប់គ្រាន់ ដែលធានាអាចដាំដុះពូជបន្លែដែលយើងបានផ្តល់ជូន។
ប្រជាកសិកររងគ្រោះដោយទឹកជំនន់ចំនួន ១ ៦៣១គ្រួសារត្រូវបានជ្រើសរើសពី ស្រុកគាស់ក្រឡ រតនមណ្ឌល បាណន់ និងស្រុកសំឡូត នៃខេត្តបាត់ដំបង ដើម្បីមកទទួលយកគ្រាប់ ពូជបន្លែ នៅថ្ងៃទី១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ។ សូមបញ្ជាក់ផងដែរថាការចែកជូននឹងត្រូវធ្វើឡើងនៅ ទីតាំងស្រុករបស់គាត់ ផ្ទាល់តែម្តង។
លើសពីការផ្តល់ពូជដំណាំនេះ យើងសង្ឃឹមថា គម្រោងនេះវាគឺជាសាររំលឹកដល់ប្រជាកសិករខ្មែរ ដែលរងគ្រោះ ថាបងប្អូនមិនត្រូវបានព្រងើយកណ្តើយឡើយ យើងជាខ្មែរត្រូវជួយគ្នាក្នុងគ្រាលំបាក បងប្អូនត្រូវរឹងមាំ ចាប់ផ្តើមខិតខំដាំដុះដំណាំឡើងវិញជាមួយក្តីសង្ឃឹម និង ដាច់ខាតមិនត្រូវ ផ្កេកផ្តួលជាមួយបញ្ហាឡើយ។
សូមរំលឹកឡើងវិញថា គម្រោង «កញ្ចប់១ ក្តីស្រលាញ់១» ក្រោមពាក្យស្លោក “គ្រប់ពូជដើម្បីជីវិត” គឺជាគម្រោងដំណាក់កាលទី៣ បន្ទាប់ពីសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាបានអនុវត្តយ៉ាងជោគជ័យ នូវគម្រោងទី១ ដើម្បីផ្តល់ជំនួយស្បៀង និងអនាម័យសុខភាព ដល់ជនងាយរងគ្រោះដោយវិបត្តិកូវីដ១៩ នៅខែមិនាឆ្នាំ២០២០ និងគម្រោងទី២ ជំនួយសង្គ្រោះបន្ទាន់ជនរងគ្រោះទឹកជំនន់ចំនួន ១ ៤០០គ្រួសារ នៅខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ថ្មីៗនេះ។
ឆ្លៀតឧិកាសនេះ យើងខ្ញុំក៏សូមថ្លែងអំណរគុណ និងកោតសសើរខ្ពស់ដល់ សភាយុវពាណិជ្ជករ អន្តរជាតិទាំង៧សាខា រួមមាន សាខាចតុមុខ ទួលគោក សុវណ្ណភូមិ ភ្នំពេញ មេគង្គ ច្បារអំពៅ និងសាខាសៀមរាប ដែលបានសាមគ្គី កៀងគរពាំនាំថវិការពីក្រុមប្រឹក្សា សមាជិក ក៏ដូចជាពីបណ្តាក្រុមហ៊ុន ដៃគូ សប្បុរសជនគ្រប់ច្រកល្ហរ។
សភាយុវពាណិជ្ជករអន្តជាតិកម្ពុជា ក៏សូមថ្លែងអំណរគុណដល់ដៃគូឧបត្ថម្ភថ្នាក់ជាតិ និងអ្នកឧបត្ថម្ភ គម្រោងទាំងអស់ ដែលតែងតែជឿជាក់ នឹងបន្តគាំទ្រយើងរហូតរៀងមក។
សូមបញ្ជាក់ផងដែរថា សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា គឺជាអង្គការអន្តរជាតិមិនស្វែងរក ប្រាក់ចំណេញ មួយដែលប្រមូលផ្តុំដោយពាណិជ្ជករ និងអ្នកដឹកនាំវ័យក្មេង មានអាយុចាប់ពី ១៨ឆ្នាំដល់៤០ឆ្នាំ ដែលមានឆន្ទះ និងស្ម័គ្រចិត្តចូលរួមដោះស្រាយ អភិវឌ្ឍ និងបង្កើតនូវ ផលវិជ្ជមានជាច្រើននៅក្នុងសង្គម៕